ជាតិ
សង្គមជាតិ
ក្រសួងពាណិជ្ជកម្ម​៖ ស្វាយ​២​តោន ដែល​ពលរដ្ឋ​គរ​ចោល​នោះ គឺ​ខូចគុណភាព មិនមែន​គ្មាន​ទីផ្សារ​ព្រោះ​កូ​វីដ​១៩​ទេ​
26, Apr 2020 , 5:59 pm        
រូបភាព
 
​ភ្នំពេញ​៖ ផ្លែស្វាយ​ចំនួន​២​តោន ដែល​ពលរដ្ឋ​រស់នៅ​ខេត្តកំពង់ស្ពឺ ចាក់ចោល​នោះ គឺជា​ស្វាយ​ខូចគុណភាព មិនមែន​មកពី​គ្មាន​ទីផ្សារ ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ​។ នេះ​ជាការ​បកស្រាយ​របស់​ក្រសួងពាណិជ្ជកម្ម ឆ្លើយតប​នឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែល​បាន​បង្ហោះ​រូប​ផ្លែស្វាយ​គរ​ចោល​នៅក្នុង​ចម្ការ នៃ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៤ មេសា​។​

​ក្រសួងពាណិជ្ជកម្ម ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ខ្លួន ចុះទៅ​សាកសួរ​ព័ត៌មាន​ពី​ពលរដ្ឋ នៅ​ចំការ​ស្វាយ​ភូមិ​ផ្សារ​ត្រែងត្រយឹង​នោះ បាន​រកឃើញថា ស្វាយ​ទាំងនោះ គឺជា​ស្វាយ​ខូច​ដោយសារ​ទុំ​ក្នុង​កញ្ចប់ ទើប​អ្នកទិញ មិនអាច​ទទួល​ទិញ​បាន ព្រោះ​មាន​បញ្ហា​ទាក់ទង​នឹង​គុណភាព​។​
 
​ក្រសួងពាណិជ្ជកម្ម បានចេញ​បកស្រាយ​បំភ្លឺ កាលពី​ថ្ងៃទី​២៥ មេសា ដូច្នេះ​ថា​៖«​ប្រិយមិត្ត និង​សាធារណៈជន​ក៏​អាច​សម្គាល់​មើល​ជាក់ស្តែង​ក្នុង​រូបភាព ដែល​បង្ហាញ​រូប​ស្វាយ​ទុំ​ជោរ​ពណ៌​លឿង ដែល​ពុំ​អាច​នឹង​ទុក​ឱកាស​ឱ្យ​ដឹកជញ្ជូន​ទៅ​លក់​ឯណា​ទៀត​បាន សូម្បីតែ​យកទៅ​រោងចក្រ​ធ្វើ​តំណាប់​ស្វាយ កុំថាឡើយ​នាំចេញ​ទៅ​បរទេស​ដែល​ត្រូវការ​រយៈពេល​សម្រាប់​ដឹកជញ្ជូន ដូច្នេះ​ទាមទារ​ផ្លែស្វាយ​ដែលមាន​គុណភាព​តាម​តម្រូវការ​ទីផ្សារ​»​។​
  
​មិន​តែ​ប៉​ណ្ណោះ ក្រសួងពាណិជ្ជកម្ម បាន​អះអាង​ទៀតថា ទោះបី​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីត​-១៩ រាតត្បាត​ក្តី ក៏​កសិផល​កម្ពុជា​នៅតែមាន​ទីផ្សារ ទាំង​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក ឱ្យតែ​ទំនិញ​ទាំងនោះ​មាន​គុណភាព​ស្របតាម​តម្រូវការ​ទីផ្សារ ។​ជាពិសេស​ផ្លែស្វាយ​តែម្ដង​។​
 
«​ផ្លែស្វាយ​ដែលមាន​គុណភាព​ល្អ រោងចក្រ​ផលិត​ដំណាប់​ស្វាយ​ទទួល​ប្រមូល​ទិញ​ក្នុងតម្លៃ​ពី ៥០០​រៀល ទៅ ៥៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​ផ្លែស្វាយ​ដែល​ខ្ចប់​ក្នុង​កញ្ចប់​សំរាប់​នាំចេញ​គឺ បាន​ថ្លៃ​ដល់ ៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ដូច្នេះ ឱ្យតែ​ស្វាយ​មានគុណ​ភាពល្អ ពុំ​ខ្វះ​ទីផ្សារ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​។​
 
​បើតាម​ក្រសួង បច្ចុប្បន្ន​នៅ​ខេត្តកំពង់ស្ពឺ ពុំមាន​សល់​ស្វាយ​ក្នុង​ចំការ​ច្រើន​ទេ ខណៈ​ឈ្មួញកណ្ដាល​ដឹក​ស្វាយ​តាំងពី​ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម និង​ព្រះវិហារ ដើម្បី​យកមក​លក់​ឱ្យ​ឃ្លាំង​ធំៗ​នៅ​កំពង់ស្ពឺ សម្រាប់​នាំចេញ និង​បម្រើ​តម្រូវការ​រោងចក្រ​កែច្នៃ​ក្នុងស្រុក​។ ក្រសួងពាណិជ្ជកម្ម ក៏​សន្យា​ស្វែងរក​កិច្ចសហការ បើក​ច្រក​ទីផ្សារ​នាំចេញ​កសិផល​កម្ពុជា ឱ្យ​កាន់តែ​បាន​ច្រើន​ថែមទៀត ទៅកាន់​ទីផ្សារ​ពិភពលោក​។​
 
​ជាមួយគ្នា​ក្រសួង ក៏​ស្នើឱ្យ​សាធារណជន​ពិចារណា និង​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​បង្ហោះ​រូបភាព ឫ ខ្លឹមសារ​ណាមួយ ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ដែល​បច្ចុប្បន្នកំពុង​អនុវត្ត​គោលនយោបាយ​លើកស្ទួយ​វិស័យ​កសិកម្ម និង​គាំទ្រ​លើកទឹកចិត្ត​ដល់​ការនាំចេញ​កសិផល​។​
 
«​សូមមេត្តា​រួមគ្នា​លប់បំបាត់​ព័ត៌មាន​មិន​ពិត (Fake News) ដែលមាន​ចរិត​បំពុលសង្គម ហើយ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការរីកចំរើន​នៃ​សង្គមជាតិ​យើង​។ ការពិត​ទើប​នាំមក​នូវ​ការគាំទ្រ និង​ការកោតសរសើរ ចំណែក​ព័ត៌មាន​ក្រ​ឡៃ មិន​ពិត នឹង​នាំមក​នូវ​ទុក្ខទោស​ដល់​ខ្លូន​»​។ ជាការ​ស្នើសុំ​របស់​ក្រសួងពាណិជ្ជកម្ម​៕
 
 

 

Tag:
 កសិកម្ម​
  ស្វាយ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com