COVID-១៩៖ សិស្ស​រៀន​តាម​អន​ឡាញ​មាន​សុវត្ថិភាព តែ​មិនមាន​ទំនុកចិត្ត​ដូច​រៀន​ផ្ទាល់​ជាមួយ​គ្រូ​
COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
COVID-១៩៖ សិស្ស​រៀន​តាម​អន​ឡាញ​មាន​សុវត្ថិភាព តែ​មិនមាន​ទំនុកចិត្ត​ដូច​រៀន​ផ្ទាល់​ជាមួយ​គ្រូ​
27, Apr 2020 , 9:30 am        
រូបភាព
សកម្មភាព​សិស្ស​បង្រៀនគ្នា​ទៅវិញទៅមក​ ក្រោយ​​សាលាបាន​​ប្រកា​ស​​ពន្យារពេល​ចូល​រៀន​ ​រូបភាព​​​ពីលោកគ្រូម្នាក់នៅសាលា​ភ្ញីមាស ខេត្ត​តាកែវ
សកម្មភាព​សិស្ស​បង្រៀនគ្នា​ទៅវិញទៅមក​ ក្រោយ​​សាលាបាន​​ប្រកា​ស​​ពន្យារពេល​ចូល​រៀន​ ​រូបភាព​​​ពីលោកគ្រូម្នាក់នៅសាលា​ភ្ញីមាស ខេត្ត​តាកែវ
​ភ្នំពេញ​៖  ការសិក្សា​តាម​អន​ឡាញ ​ក្នុងអំឡុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ គឺអាច​ផ្តល់សុវត្ថិភាព​ដល់​សិស្សានុសិស្ស​​ ប៉ុន្តែ​ពួកគេថា មិនបានចំណេះដឹង​ ដូច​​ការរៀន​ផ្ទាល់​ជាមួយ​គ្រូៗ​នៅ​សាលា​ឡើយ​។ នេះ​ជាការ​យល់ឃើញ​របស់​សិ​ស្សានុសិស្ស​ខ្លះ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 

​រយៈពេល​១​ខែ​កន្លះ​ហើយ​ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពន្យារពេលការ​ចូលរៀន​របស់​សិស្សានុសិស្ស​ នៅ​គ្រប់​កម្រិត​ទាំង​ថ្នាក់​ម​ត្តេ​យ្យ រហូតដល់​ថ្នាក់​មហាវិទ្យាល័យ​ទូទាំងប្រទេស ដើម្បី​ជៀសវាង​ជំងឺ​កូ​វីដ​-១៩ ​ឆ្លង​ជា​សហគមន៍​។ ក្រសួង តម្រូវ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ​ស្​សិក្សា​ខ្លួនឯង និង​រៀបចំ​ប្រព័ន្ធ​សិក្សា​តាម​អន​ឡាញ ទូរ​សព្ទ វិទ្យុ និង​ទូរទស្សន៍​ជំនួស​ឲ្យ​ការរៀន​ផ្ទាល់​វិញ​។ ក្រសួង​ក៏​ពិចារណា​ថា​នឹង​បន្ថែម​ម៉ោង​សិក្សា និង​កាត់បន្ថយ​វិស្សមកាល​ធំ ក្រោយ​បើក​ដំណើរការ​សាលា​វិញ​។    
 
​យុវ​សិស្ស អាន វិច្ឆិកា ដែលជា​សិស្ស​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​ពាម​ជីកង ខេត្តកំពង់ចាម ចាប់ផ្តើមរៀនដោយខ្លួនឯងនៅផ្ទះ តាំងពី​ក្រសួង​ប្រកាស​យ​បិទ​សាលា​បាន​១​សប្តាហ៍ម្ល៉េះ។ បើតាម​ វិច្ឆិកា ក្នុង​មួយថ្ងៃ​នាង​ចំណាយពេល​៥​ម៉ោង ដើម្បី​ចម្លង​មេរៀន និង​ធ្វើ​លំ​ហាត់​ ដែល​គ្រូ​មុខវិជ្ជា​នីមួយៗ​ដាក់​ឲ្យ​ តាមរយៈ​ប្រព័ន្ធអេឡិចត្រូនិក​​។ រាល់ពេល​ព្រឹក​ នាង​ក៏​ឆ្លៀត​សិក្សា​តាម​កម្មវិធី​ផ្សាយ​ផ្ទាល់ ​របស់ E-School learning​ខ្លះ​ដែរ​។ វិច្ឆិកា អះអាងប្រាប់សារព័ត៌មានថ្មីៗថា ​ការរៀន​ដោយ​ខ្លួនឯង និង​រៀន​តាម​អន​ឡាញ ​ពិតជា​ជួយ​នាង​ឲ្យ​រួច​ផុត ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​មែន តែ​កម្រិត​ចំណេះដឹង​ដែល​នាង​ទទួល ​មិនបាន​ពេញលេញ​ឡើយ​។ ពេលខ្លះ នាងមិន​ទទួលបានការពន្យល់មេរៀនដែលនាងឆ្ងល់ ពីគ្រូបានភ្លាមៗទេ គឺត្រូវហៅទូរសព្ទទៅគ្រូ ដើម្បីបានការពន្យល់បន្ថែម ។
 
 
យុវ​សិស្ស អាន វិច្ឆិកា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​រៀន​តាម​អន​ឡាញ​រៀង​ពិបាក​បន្តិច ព្រោះ​អី​នៅពេលដែល​យើង​មាន​ចម្ងល់​អី​មួយ ដោយ​ចង់ដឹង​ភ្លាមៗ គឺ​យើង​ពិបាក​នឹង​សួរ​គាត់​។ វា​អត់​ដូច​យើង​រៀន​នៅ​សាលា​មាន​គ្រូ គាត់​ពន្យល់​យើង នៅ​ចំណុច​ណា​យើង​មិន​យល់ គឺ​យើង​អាច​សួរ​គាត់ និង​អាច​ឆាប់​យល់​ជាង​»​។ 
 
​ក្រៅពី​ទំនេរ​ពី​ស្វ័យ​សិក្សា វិច្ឆិកា ក៏​ឆ្លៀត​តាមដាន​វីដេអូ​ខ្លះៗ ​នៅក្នុង ​YouTube អាន​សៀវភៅ​រឿង និង​សៀវភៅ ដែល​ទាក់ទង​នឹង​មេរៀន​ផ្សេងៗ ដើម្បី​លំហែ​ខួរក្បាល និង​បង្កើន​ចំណេះដឹង នៅពេលដែល​នាង​ដាក់​កំហិត​ខ្លួនឯង មិន​ចេញទៅ​ក្រៅ​ដែល​នាំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​
 
​ចំពោះ​យុវ​សិស្ស ម៉ិច សុជាតិ ដែលជា​សិស្ស​ថា្នក់​ទី​១២ នៅ​វិទ្យាល័យ​ភ្ញី​មាស  ខេត្តតាកែវ ក៏​មិន​ព្រួយបារម្ភ​ពី​ការឆ្លង​កូ​វីដ​-១៩​ដែរ ខណៈ​រូបគេ កំពុង​សិក្សា​ដោះស្រាយ​លំ​ហាត់​គ្រប់​មុខវិជ្ជា​តាម​សៀវភៅពុម្ព និង​វិញ្ញាសា​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅក្នុង​ផ្ទះ​រាល់ថ្ងៃ​នោះ។ យុវ​សិស្ស សុជាតិ ពេញ​ចិត្តនឹង​ការរៀន​តាម​អន​ឡាញ​ ដែល​នាំ​ឲ្យ​គេ​ទទួលបាន​ចំណេះដឹង​ថ្មីៗ និង​គន្លឹះ​ដោះស្រាយ​លំ​ហាត់​ប្លែកៗ​។ តែ​រូបគេ​ជួប​បញ្ហា​អ៊ីនធឺណិត​ ដែល​ធ្វើ​ឲ្យ​រូបគេ​តាមដាន​ការផ្សាយ​មិនបាន​ទៀងទាត់​ឡើយ​។ 
 
​យុវជន ដែល​ត្រៀមប្រឡង​បាក់​ឌុប​ឆ្នាំនេះ បាន​រៀបរាប់​ដូច្នេះ​៖​«ខ្ញុំ​នៅ​ជនបទ គឺ​សេវា​អ៊ីនធឺណិត​វា​យឺត​ផង ហើយ​ទូរ​សព្ទ​របស់ខ្ញុំ​សេរី​ទាប​ផង ដល់ពេល​អ៊ីចឹង​អ៊ីនធឺណិត​វា​ខ្សោយ មើលៗ​ទាក់ វា​ពិបាក​នឹង​តាមដាន ហើយ​ពេល​យើង​ឆាត​សួរ​គ្រូ​ទៅ គាត់​ឆ្លើយតប​យើង​យឺត​ដែរ​»​។ 
 
​ដោយសារ​បញ្ហា​អ៊ីនធឺណិត​នេះ ទើប​ពេលខ្លះ សុជាតិ ក៏​សម្រេចចិត្ត​ទៅ​ហាង​កាហ្វេ ឬ​កន្លែង​ណាមួយ​ដែលមាន​សេវា ដើម្បី​អាច​តាមដាន​ការផ្សាយ​មេរៀន​របស់​ក្រសួង​អប់រំ​បាន​។ 
 
​មិន​ខុសពី​សុជាតិ​ឡើយ​! យុវ​សិស្ស​ម្នាក់ទៀត​ដែល​រៀន​ថ្នាក់​ទី​១២ ​នៅ​វិទ្យាល័យ​ភ្ញី​មាស ខេត្តតាកែវ ក៏​ពិបាក​ទទួល​ចំណេះដឹង តាម​អន​ឡាញ​ដែរ ព្រោះ​សេវា​អ៊ីនធឺណិត​មិន​អំណោយ​ផល​។ ទោះ​ជួប​បញ្ហា​បែបនេះ​ក្តី ក៏​យុវ​សិស្ស សូ សេង​ឆាយ នៅតែ​អាច​សិក្សា​ដោយ​ខ្លួនឯង និង​ងាក​ទៅ​សិក្សា​តាម​ទូរទស្សន៍ ដែលជា​កម្មវិធី​របស់​ក្រសួង​អប់រំ​ដែរ​។   
 
​តែ​យ៉ាងណា យុវ​សិស្ស សូ សេង​ឆាយ នៅតែ​យល់ឃើញថា ការរៀន​តាមរយៈ​មាន​គ្រូ​ពន្យល់​ផ្ទាល់ គឺអាច​ឲ្យ​រូបគេ ឆាប់​យល់​មេរៀន​ជាង​ការរៀន​តាម​អន​ឡាញ​។ យុវជន​ថ្នាក់​ទី​១២ រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​រៀន​តាម​អន​ឡាញ​វា​លំបាក យើង​ក៏​បបួលគ្នា ៤​ទៅ​៥​នាក់ ហើយ​យើង​នាំគ្នា​សួរ​គ្រូ​អ៊ីចឹង ទៅ​គាត់​ក៏​ឲ្យ​មក​រៀន​ជុំគ្នា​៤​ទៅ​៥​នាក់​។ ហើយ​យើង​សួរ​ទៅ​លោកគ្រូ​អ្នកគ្រូ​ ដែល​នៅក្បែរ​ផ្ទះ​យើង​។ អ្នកផ្សេង​ទៀត​គេ​អត់​មក គេ​រៀន​តាម​អន​ឡាញ​»​។​
 
​មិន​ត្រឹមតែ​ប្រឹង​សិក្សា​ដោយ​ខ្លួនឯង​ទេ យុវ​សិស្ស សេង​ឆាយ ក៏​ឆ្លៀត​បង្រៀន និង​ពន្យល់​មេរៀន​ទៅ​មិត្តភក្តិ​ដទៃទៀត​ដែរ តាមរយៈ​ក្រុម​ទំនាក់ទំនង​រវាង​មិត្ត​រួម​ថ្នាក់ និង​តាម​ការ​ណាត់ជួប​ត្រឹម​មនុស្ស​៥​នាក់​។​
 
​តែ​យ៉ាងណា​សិស្ស​ខាងលើនេះ ក៏​ទទួលស្គាល់​ពី​ស្ថានភាព​បច្ចុប្បន្ន ដែល​តម្រូវឱ្យ​ក្រសួង​អប់រំ រៀបចំ​កម្មវិធី​បង្រៀន​តាម​អន​ឡាញ និង​ទូរ​ទស្សន៍ តាម​កម្មវិធី​E-School learning នេះដែរ​៕
 
អត្ថបទទាក់ទង
 

Tag:
 សិស្ស​
 ​គ្រូ​
 ​ អប់រំ​
 ​ អន​ឡាញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com