អន្តរជាតិ
មន្ត្រី​កូរ៉េខាងត្បូង អះអាងថា លោក​គីម ជុង​អ៊ុន នៅមាន​ជីវិត​និង​សុខភាព​ល្អ​
27, Apr 2020 , 9:55 am        
រូបភាព
រូបភាពលោក គីម ជុងអ៊ុន នាពេលកន្លងទៅ (AFP)
រូបភាពលោក គីម ជុងអ៊ុន នាពេលកន្លងទៅ (AFP)
ដោយ:
​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅមាន​ជីវិត និង​មាន​សុខភាព​ល្អប្រសើរ​។ នេះ​បើតាម​សម្តី​ទីប្រឹក្សា​សន្តិសុខ​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ។ ការលើកឡើង​បែបនេះ គឺជា​ការទាត់ចោល​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​បញ្ហា​សុខភាព​មេដឹកនាំ​វ័យក្មេង​នៃ​របប​ផ្ដាច់ការ​កូរ៉េខាងជើង បន្ទាប់ពី​អវត្តមាន​លោក​ពី​ពិធី​ប្រារព្ធ​ខួប​ដ៏​សំខាន់​មួយ​។​

 
«​ជំហរ​រដ្ឋាភិបាល​យើង គឺ​ម៉ឺងម៉ាត់​»​។ លោក មូ​ន ជុង​អ៊ី​ន (Moon Chung-in) ទីប្រឹក្សា​ពិសេស​ផ្នែក​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បញ្ជាក់​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក CNN នៅ​ថ្ងៃ​២៦ មេសា​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​លោក គីម ជុង​អ៊ុន នៅ​រស់រានមានជីវិត និង​មាន​សុខភាព​ល្អប្រសើរ​»​។ 
 
​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​រូបនេះ អះអាង​ទៀតថា លោក គីម ជុង​អ៊ុន កំពុងស្នាក់នៅ​ក្រុង វ៉ុ​ន​សាន (Wonsan) ដែលជា​ក្រុង​លំហែកាយ​នា​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងជើង ចាប់តាំងពី​ថ្ងៃទី​១៣ មេសា មកម្ល៉េះ​។ ត្រង់ចំណុច​នេះ លោក មូ​ន ជុង​អ៊ី​ន លើកឡើងថា​៖«​មកទល់ពេលនេះ គ្មាន​ឡើយ​ហេតុការណ៍​គួរ​ឲ្យ​សង្ស័យ​ណាមួយ ត្រូវបាន​ពើបប្រទះ​នោះទេ​»​។​
 
​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​បញ្ហា​សុខភាព​លោក គីម ជុង​អ៊ុន បាន​សុះសាយ ចាប់​តាំង​លោក​អវត្តមាន​យ៉ាង​ចម្លែក​ពី​ពិធី​សាទរ​ខួបកំណើត​ជីតា​លោក ស្ថាបនិក​នៃ​ប្រទេស​កូរ៉េខាងជើង លោក គីម អ៊ី​ល​សុង កាលពី​ថ្ងៃទី​១៥ ខែមេសា ដែលជា​ថ្ងៃ​ដ៏​សំខាន់បំផុត​ប្រចាំ​ប្រទេសមួយ​នេះ​។​
 
​លោក គីម ជុង​អ៊ុន លែងមាន​វត្ត​មាននៅ​ទីសាធារណៈ ចាប់តាំងពី​ធ្វើជា​ប្រធាន​ជំនួប​បក្ស កាលពី​ថ្ងៃទី​១១ មេសា​។ មួយថ្ងៃ​ក្រោយមក ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​រាយការណ៍​ថា លោក​កំពុង​ចុះទៅ​ត្រួតពិនិត្យ​យន្តហោះ​ចម្បាំង​នៅ​មូលដ្ឋាន​ទ័ពអាកាស​មួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្រោយ​អវត្តមាន​លោក គីម ជុង​អ៊ុន មាន​របាយការណ៍​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​មួយចំនួន ចុះផ្សាយ​ពី​ស្ថានភាព​សុខភាព​លោក​។ ហើយ​ព័ត៌មាន​បែកធ្លាយ​ចុងក្រោយបង្អស់ ដែល​រាយការណ៍​ដោយសារ​ព័ត៌មាន Daily Mail របស់​អង់គ្លេស  បាន​ចុះផ្សាយ​ទាំង​គ្មាន​ប្រភព​ច្បាស់លាស់​ថា លោក គីម​ជុង​អ៊ុន បានទទួល​មរណភាព​។ 
 
​កន្លងទៅ ប្រភពព័ត៌មាន​២ រួមមាន សារព័ត៌មាន​អន​ឡាញ Daily NK ដែល​ដំណើរការ​ដោយ​ក្រុម​អ្នករត់​ភៀសខ្លួន​ពី​កូរ៉េខាងជើង និង​ទូរទស្សន៍​អាមេរិក CNN បាន​អះអាងថា លោក គីម ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក្រោយ​ឆ្លងកាត់​ការវះកាត់​បេះដូង​។ ពួកគេ សុទ្ធតែ​ដកស្រង់​ប្រភព​មិន​ច្បាស់លាស់​។ យ៉ាងណាមិញ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​សប្តាហ៍​មុន បាន​ទាត់ចោល​របាយការណ៍​ទាំងនេះ ដោយ​អះអាងថា លោក គីម មាន​សុខ​ភាពល្អ តែ​បដិសេធ​បញ្ជាក់​វេលា​ ដែល​អ្នក​ទាំង​ពីរបាន​ប្រា​ស័​យ​ទាក់ទង​គ្នា​ចុងក្រោយ​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com