COVID-19
ជាតិ
លោក ម៉ម ប៊ុនហេង៖ ពលរដ្ឋកុំយល់ច្រឡំថា កម្ពុជា អស់ជំងឺCOVID-19ឱ្យសោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែមេសា ។ ថតដោយ ប៉ាន់ បូនី
× ភ្នំពេញ៖ ពលរដ្ឋ កុំយល់ច្រឡំថា កម្ពុជាអស់ជំងឺកូវីដ-១៩ឱ្យសោះ ព្រោះវីរុសនៃជំងឺកូវីដ-១៩នេះ អាចរស់នៅជាមួយមនុស្សយើងរយៈពេលវែង។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែត ជុំវិញករណីជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ មេសា។
រដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានសង្កេតឃើញថា ប្រជាពលរដ្ឋ ចាប់ផ្ដើមបន្តរស់នៅ និងជួបជុំគ្នាតាមទម្លាប់ធម្មតាវិញ ខណៈជំងឺកូវីដ-១៩ កំពុងថមថយចុះ។ សម្រាប់លោក ម៉ម ប៊ុនហេង ការងាកមករស់នៅតាមទម្លាប់ធម្មតាវិញរបស់ពលរដ្ឋនេះ គឺជាការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។
បើតាមលោក ម៉ម ប៊ុនហេង វីរុសនៃជំងឺកូវីដ-១៩នេះ មិនទាន់ផុតរលត់ពីកម្ពុជានោះទេ ព្រោះវាអាចកើតឡើងវិញ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បើសិនជាពលរដ្ឋខ្វះការយកចិត្តទុកដាក់ការពារ និងទប់ស្កាត់។ «សូមកុំយល់ច្រឡំថា កម្ពុជាអស់ជំងឺកូវីដ-១៩ឱ្យសោះ»។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។
រដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានរម្លឹកឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្នចំពោះជំងឺនេះ តាមរយៈការអនុវត្តវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តាមរយៈការប្រើប្រាស់ម៉ាស់ ទឹកអាល់កុលឬ ជែល លាងដៃជាមួយទឹកស្អាតឱ្យបានញឹកញាប់។ ជាពិសេសត្រូវតាមដានពិនិត្យសុខភាពខ្លួនឯង និងក្រុមគ្រួសារជាប្រចាំ។ ចំពោះពលរដ្ឋដែលមានអាការផ្ដាសាយ ឬក្អកជាដើម ត្រូវទៅពិគ្រោះយោបល់ និងពិនិត្យសុខភាព។
ដោយឡែកកន្លែងភោជនីយដ្ឋាន និងហាងទំនិញនានា ត្រូវមានសម្ភារការពារជំងឺកូវីដ-១៩ ដល់បុគ្គលិក និងអតិថិជន។ ហើយហាងទាំងអស់ ត្រូវបើកបង្អួចឱ្យមានការខ្យល់ចេញ-ចូល និងកុំបើកម៉ាស៊ីនត្រជាក់។ រីឯតុ និងកៅអីអង្គុយ មានគ្នាតែ៤ ទៅ៥នាក់ប៉ុណ្ណោះ ដោយអង្គុយឃ្លាតពីគ្នាពី១,៥ ម៉ែត្រឡើងទៅ។ នេះបើតាមលោក ម៉ម ប៊ុនហេង។
គិតត្រឹមព្រឹកថ្ងៃទី២៧ មេសានេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជា ១១៩នាក់ហើយ បានជាសះស្បើយ ខណៈអ្នកជំងឺនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កម្ពុជា បានធ្វើតេស្តលើសំណាក ១១,៥៧៦ តេស្ត ចាប់តាំងពីមានការឆ្លងកូវីដ-១៩ នៅក្នុងប្រទេស៕
Tag:
ម៉ម ប៊ុនហេង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com