COVID-19
អន្តរជាតិ
ក្រុង​វូ​ហាន​ដែល​ផ្ទុះ COVID-19 ដំបូង​គេ លែងមាន​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​
27, Apr 2020 , 11:04 am        
រូបភាព
បុរសម្នាក់ ដើរនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន ដែលធ្លាប់ដាក់អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងវូហាន ប្រទេសចិន។ រូបភាព៖ Reuters
បុរសម្នាក់ ដើរនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន ដែលធ្លាប់ដាក់អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងវូហាន ប្រទេសចិន។ រូបភាព៖ Reuters
​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ដំបូង លែងមាន​អ្នកជំងឺ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ទៀតហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​ចិន នា​ថ្ងៃទី​២៦ ខែមេសា​។


 
​ផ្សារ​លក់​គ្រឿង​សមុទ្រ ក្នុង​ក្រុង​វូ​ហាន ត្រូវបាន​គេ​សង្ស័យថា ជា​កន្លែង​ផ្ទុះ​COVID-19 ដំបូង ក្នុង​ខែធ្នូ ឆ្នាំ ២០១៩ ។ ក្នុង​រយៈពេល​ខ្លី​បន្ទាប់ មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ហើយ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ទាំងអស់​ពោរពេញ​ដោយ​អ្នកជំងឺ​។ រហូតដល់​ខែមករា ជំងឺឆ្លង​សកល​មួយ​នេះ បានចាប់ផ្តើម​រីកសាយ​ភាយ ទៅ​ខេត្ត ក្រុង និង​តំបន់​ផ្សេងទៀត​របស់​ចិន​។ រដ្ឋាភិបាល បានចេញ​វិធាន​ការបិទ​ក្រុង ប្រព័ន្ធ​ធ្វើដំណើរ​សាធារណៈ ចាប់បង្ខំ​ឲ្យ​ប្រជាជន​នៅផ្ទះ ពាក់​ម៉ាស់​ជាដើម នៅ​ពាក់កណ្តាល​ខែមករា​។ 
 
​ក្នុង​រយៈពេល​ជាង​៤​ខែក្រោយ ស្ថានភាព COVID-19 បាន​ថមថយ និង​ចុះខ្សោយ​យ៉ាងខ្លាំង សូម្បីតែ​ទីក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ COVID-19 ក៏​អស់​អ្នកជំងឺ​ព្យាបាល​ដែរ​។ ក្នុង​សន្និសីទកាសែត​មួយ លោក Mi Feng អ្នកនាំពាក្យ​គណៈកម្មការ​សុខាភិបាល​ចិន បាន​លើកឡើងថា​៖ «​ព័ត៌មាន​ចុងក្រោយ​នៅ​ថ្ងៃទី​២៦ ខែមេសា ចំនួន​អ្នកជំងឺ​COVID-19 គឺ​លែងមានទៀតហើយ​នៅក្នុង​ទីក្រុង​វូ​ហាន​»​។ 
 
​បើតាម​អ្នកនាំពាក្យ ការទទួលបាន​ជោគជ័យ​លើ​ជំងឺ​នេះ ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក​សុខាភិបាល​ចិន​ទាំងអស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​នាពេល​កន្លងមក មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺ​រលាក​សួត​នៅក្នុង​ទីក្រុង​វូ​ហាន បាន​ដំឡើង​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់ COVID-19 ដែរ ដោយ​អះអាងថា មជ្ឈមណ្ឌល​មិន​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ និង​ខ្វះ​ការសហការ​ពី​បុគ្គលិក​សុខាភិបាល​ចិន ក្នុងអំឡុងពេល​កូ​រ៉ូ​ណា​វីរុស​កំពុង​អុកឡុក​ខ្លាំង​នៅក្នុង​ប្រទេស​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​ប្រទេស​មួយចំនួន​រិះគន់​ចិន​ថា បាន​លាក់​ព័ត៌មាន និង​ខ្វះ​តម្លាភាព​។ 
 
​ក្រុង​វូ​ហាន​គ្មាន​អ្នកជំងឺ និង​ករណី​ឆ្លង​មែន ប៉ុន្តែ​ខេត្ត Heilongjiang ដែល​ជាប់​ព្រំដែន​ជាមួយ​រុស្ស៊ី ត្រូវបាន​គេ​រកឃើញ​អ្នក​ផ្ទុក​COVID-19 យ៉ាងខ្លាំង​។ ភាគច្រើន​នៃ​អ្នកជំងឺ គឺជា​ករណី​នាំចូល​មកពី​រុស្ស៊ី​។ គិត​មក​ត្រឹម​ថ្ងៃទី​២៦ ខែមេសា អ្នកជំងឺ​នាំចូល​មកពី​បរទេស ចិន​មាន​ចំនួន​ប្រមាណ ១៦០០ ករណី​។ ទាក់ទង​នឹង​បញ្ហា​នេះ អាជ្ញាធរ​ចិន​ព្រួយបារម្ភ​ជាខ្លាំង​ជុំវិញ​រលក​ឆ្លង​COVID-19 លើក​ទី​២ ដែល​អាចធ្វើ​ឲ្យ​ចិន​កាន់តែ​រងគ្រោះ​ខ្លាំង​ជាង​មុន​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ថ្ងៃទី​២៧ ខែមេសា ចិន​មាន​ករណី​ឆ្លង​នៅ​ទូទាំងប្រទេស​ចំនួន ៣​ករណី និង​ស្លាប់ ១​ករណី​។ តួលេខ​សរុប​COVID-19 នៅក្នុង​ប្រទេស​ចិន​មាន​ចំនួន ៨២៨៣០​ករណី អ្នកស្លាប់ ៤៦៣៣​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៧៧៤៧៤​នាក់​។ ចំណែក​អ្នកជំងឺ ដែល​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​មាន​ត្រឹមតែ ៧២៣​នាក់​ប៉ុណ្ណោះ​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com