COVID-19
ជាតិ
អ្នកទោសនិងអ្នកនេសាទខ្មែរ២២២នាក់នៅម៉ាឡេស៊ី នឹងអនុញ្ញាតឲ្យមកវិញ បើគ្មានកូវីដ
× ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អះអាងថា អ្នកទោសខ្មែរ៧៣នាក់និងអ្នកនេសាទខ្មែរ១៤៩នាក់ នៅម៉ាឡេស៊ី នឹងអនុញ្ញាតឲ្យវិលត្រឡប់មកកម្ពុជាវិញ តែពួកគេ ត្រូវឆ្លងកាត់ការធ្វើតេស្តនៅម៉ាឡេស៊ីជាមុន ហើយលទ្ធផលមិនមានជំងឺកូវីដ-១៩។
ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ស្ដីពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង ថ្លែងថា ខាងក្រសួងសុខាភិបាល បានស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ចំពោះករណីអ្នកទោសខ្មែរ ដែលត្រូវបានម៉ាឡេស៊ី ដោះលែង និងអ្នកនេសាទខ្មែរ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖«លក្ខណៈសំខាន់បំផុតគឺថា សុំខាងភាគីម៉ាឡេស៊ី ធ្វើតេស្តកូវីដ-១៩ លើអ្នកទាំងនោះ។ បើមិនមានមេរោគកូវីដ-១៩ទេ នឹងអាចឲ្យគាត់ត្រឡប់មកវិញ បើអ្នកមានមេរោគកូវីដ ត្រូវសម្រាកព្យាបាលឲ្យជា ដូចយើងព្យាបាលប្រជាជនម៉ាឡេស៊ីនៅក្នុងប្រទេសរបស់យើងដែរ»។
លោក បញ្ជាក់ថា នៅពេលមកកម្ពុជាវិញ អ្នកទោសនិងអ្នកនេសាទខ្មែរទាំងនោះ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដាននិងពិនិត្យសុខភាព រួមទាំងធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតនៅតាមផ្ទះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អ្នកនេសាទទាំង១៤៩នាក់នោះ គឺស្ថិតក្នុងចំណោមពលករខ្មែរ១៥០នាក់ ដែលរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមកកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា។ លោក បន្ថែមថា បច្ចុប្បន្ននេះ ចំនួនអ្នកត្រឡប់មកកម្ពុជា មិនទាន់ដឹងច្បាស់នៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com