COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីតាលី មិនទាន់​សម្រេចចិត្ត​បើក Serie A ឡើងវិញ ទោះ COVID-19 ថមថយ​
27, Apr 2020 , 12:59 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte នៅ​ថ្ងៃទី​២៦ ខែមេសា នៅតែបន្តពន្យារជុំវិញការចាប់ផ្តើម​ការប្រកួត​លី​គ​កីឡាបាល់ទាត់ Serie A ឡើងវិញ​។ ខណៈ COVID-19 ហាក់​ថមថយ​ លើ​ចំនួន​អ្នក​ឆ្លង​នៅ​អ៊ីតាលី នាយករដ្ឋមន្ត្រី​រូបនេះ ​បានផ្តល់​ភ្លើង​បៃតង​សម្រាប់​កីឡាករ និង​អត្ត​ព​លិ​ក​កំពូលៗ ដើម្បី​បន្ត​ការហ្វឹកហាត់​ចាប់ពី​ថ្ងៃទី​៤ ខែឧសភា​។​


 
​លោក Conte បានបង្ហាញ​ព័ត៌មាន​លម្អិត​ដំបូង ​ពី​ផែនការ​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ដ៏​តឹងរឹង​ក្នុងប្រទេស​ ដែល​បានដាក់​កាលពី​៧​សប្តាហ៍​មុន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។ 
 
​ចំណាត់​ការបិទ​ប្រទេស​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Giuseppe Conte ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 បានផ្តល់​ផល​ល្អប្រសើរ​សម្រាប់​អ៊ីតាលី​។ គិត​ត្រឹម​ថ្ងៃទី​២៧ ខែមេសា អ៊ីតាលី​គ្មាន​ករណី​ថ្មី​ឆ្លង​ឡើយ ខណៈ​ចំនួន​អ្នកស្លាប់​មាន​ចំនួន​ជាង​២៦០០០​នាក់ និង​ឆ្លង​ជិត​២​សែន​នាក់​ដដែល​។​


 
​ក្រោយ​ប្រកាស​ពី​ជោគជ័យ​ ក្នុងការ​ទប់ស្កាត់​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​ភាគខាងត្បូង​ប្រទេស និង​ការ​ថមថយ​ចំនួន​អ្នក​ឆ្លង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៅ​អ៊ីតាលី​ទាំង​មូល លោក Conte បាន​អនុ​ញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​ទាំងអស់​ ​​បន្ត​ការហ្វឹកហាត់​ឡើងវិញ​ចាប់ពី​ថ្ងៃទី ៤ ខែឧសភា​តទៅ​។ ដោយឡែក​ការហ្វឹកហាត់​ជា​ក្រុម​ អាច​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ ខែឧសភា​។​
 
​យ៉ាងណាក៏ដោយ បើ​ទោះ​អនុញ្ញាត​ឲ្យ​មានការ​ហ្វឹកហាត់​ឡើងវិញ​ក្តី ប៉ុន្តែ​លោក Conte មិនបាន​និយាយថា ពេលណា​ទើប​ក្របខណ្ឌ​កំពូល​អ៊ីតាលី នឹង​បន្ត​រដូវ​កាលដែល​នៅ​សេសសល់​នៅឡើយ​ទេ​។ នាយករដ្ឋមន្ត្រី វ័យ​៥៥​ឆ្នាំ​រូបនេះ​គ្រាន់តែ និយាយ​ខ្លី​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា ការ​ប្រជែង​ជើងឯក​ នឹង​ចាប់ផ្តើម​ម្តងទៀត​នៅពេលដែល​ប្រទេស​មាន​សុវត្ថិភាព​។​
 
​ជុំវិញ​ការបើក​ការប្រកួត​លី​គ​ឡើងវិញ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី ​បាន​យល់ព្រម​ជំរុញ​ឲ្យ​បញ្ចប់​រដូវ​កាល Serie A រដូវ​កាល​នេះ ដោយ​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​ពីថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​២ ខែសីហា​។​
 
​ក្របខណ្ឌ Serie A ត្រូវបាន​ផ្អាក​តាំងពី​ថ្ងៃទី​៩ ខែមីនា ដោយសារ COVID-19 ក្រោយ​ឆ្លងកាត់​ការប្រកួត​បាន​២៦​លើក​។ Juventus មាន​៦៣​ពិន្ទុ ឈរ​កំពូល​តារាង ដោយ​នាំមុខ Lazio ចំនួន​១​ពិន្ទុ​៕

Tag:
 COVID-19
  Giuseppe Conte
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com