ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​រមួល​សាច់ដុំ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
19, Mar 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កុំ​ស្លន់ស្លោ​ពេក​ប្រសិនបើ​អ្នក​ជួបប្រទះ​អាកា​រៈរ​មួល​សាច់ដុំ​! នេះ​ក៏​ព្រោះតែ​ករណី​ភាគច្រើន​វា​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ​។ ជាធម្មតា​ការ​រមួល​សាច់ដុំ​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ក្រោយ​រយៈពេល​ប៉ុន្មាន​វិនាទី ឬ​នាទី​។ ប៉ុន្តែ​ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​អាកា​រៈ​នេះ​បណ្ដាលមកពី​អ្វី​ទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​មូលហេតុ​ទូទៅ​បំផុត​នៃ​អាកា​រៈរ​មួល​សាច់ដុំ ៖
 
១. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ក៏​ដូច​ទៅនឹង​សរីរាង្គ​ផ្សេងទៀត​ដែរ សាច់ដុំ​គឺ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​កន្ត្រាក់​និង​សម្រាក​ដោយ​ត្រឹមត្រូវ​គ្មាន​បញ្ហា​ខុស​ប្រក្រតី​។ នេះហើយ​ជា​មូល​ហេតុដែល​ហានិភ័យ​នៃ​បញ្ហា​រមួល​សាច់ដុំ​កើនឡើង​ខ្ពស់​នៅពេល​អ្នក​មិន​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
២. កង្វះ​អេ​ឡិច​ត្រូ​លីត្រ​
 
​នៅពេល​អ្នក​បែកញើស វា​មិន​ត្រឹមតែ​ជាតិ​ទឹក​ប៉ុណ្ណោះ​ដែល​ត្រូវ​បាត់បង់ ប៉ុន្តែ​អេ​ឡិច​ត្រូ​លីត្រ​ដែល​សាច់ដុំ​និង​សរសៃប្រសាទ​ចាំបាច់​ដើម្បី​ដំណើរការ​មុខងារ​ប្រក្រតី​ក៏​ដូចគ្នា​។ មួយ​ក្នុងចំណោម​រោគសញ្ញា​ដទៃទៀត​នៃ​កង្វះ​អេ​ឡិច​ត្រូ​លីត្រ គឺ​ការ​រមួល​សាច់ដុំ​។ ដើម្បី​ប្រាកដថា​រាងកាយ​របស់​អ្នករក្សា​បាន​នូវ​កម្រិត​អេ​ឡិច​ត្រូ​លីត្រ​គ្រប់គ្រាន់ ចូរ​កុំ​ភ្លេច​រួមបញ្ចូល​បន្លែ​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

៣. ទទួលទាន​កាហ្វេ​ច្រើន​លើស​ពេក​
 
​ជា​ញឹកញយ​អ្នក​តែង​ទទួលទាន​កាហ្វេ​ច្រើន​ពែង​ក្នុង​មួយថ្ងៃៗ​មែន​ទេ​? នោះ​កុំ​ឆ្ងល់​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​អាកា​រៈរ​មួល​សាច់ដុំ​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​កាហ្វេ​ច្រើន​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​អាច​បង្ក​អាកា​រៈរ​មួល​សាច់ដុំ​។​
 
៤. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​ក៏​ដូចនឹង​កាហ្វេ​ដែរ គ្រឿង​ស្រវឹង​មាន​លក្ខណៈ​បញ្ចុះ​ទឹកនោម​និង​អាច​ជះឥទ្ធិពល​លើ​កម្រិត​នៃ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​។ ហើយ​នេះ​ជា​មូល​ហេតុដែល​អ្នក​អាច​នឹង​ជួបប្រទះ​អាកា​រៈរ​មួល​សាច់ដុំ ប្រសិនបើ​ទទួលទាន​ច្រើនពេក​។​
 
៥. គេង​មិន​គ្រប់​
 
​ដើម្បី​សុខភាព​រាងកាយ​ទាំងមូល ក៏ដូចជា​ល្អប្រសើរ​អ្នក​គួរ​គេង​ឱ្យបាន​គ្រប់គ្រាន់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ ការ​គេង​មិន​គ្រប់​អាច​បណ្ដាលឱ្យ​សរសៃប្រសាទ​មិនអាច​បំពេញភារកិច្ច​ប​ញ្ជូ​ន​សារ​ពី​ខួរក្បាល​ទៅ​សាច់ដុំ​បាន​ត្រឹម​ត្រូវជា​មូលហេតុ​នៃ​អាកា​រៈរ​មួល​សាច់ដុំ​។​
 
៦. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​

​ភាគច្រើន​នៃ​ពួកយើង​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ភាព​ស្ត្រេ​ស ឬ​ការតានតឹង​ក្នុង​អារម្មណ៍​ខ្លាំងពេក​អាច​ជះឥទ្ធិពល​ដល់​សរសៃប្រសាទ​និង​សាច់ដុំ​ដែល​បង្ក​អាកា​រៈ​រមួលក្រពើ​។​
 
​ប្រយ័ត្ន​! អាកា​រៈ​រមួលក្រពើ​ភាគច្រើន គឺ​គ្មាន​គ្រោះថ្នាក់​ឡើយ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​វា​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​ដូចជា​ការឈឺចាប់ ស្ពឹក ឬ​ខ្សោយ​សាច់ដុំ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅពិនិត្យ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com