អត្ថបទពាណិជ្ជកម្ម
ដើមឈើ​ជិត​១០០០​ដើម ត្រូវបាន​ដាំ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ក្រោម​កិច្ចសហការ​បស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា​
27, Apr 2020 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោម​កិច្ចសហការ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ពិធី​ដាំ​ដើមឈើ​ចំនួន ១០០០ ដើម នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ត្រូវបាន​ប្រារព្ធ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​។ ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ​, ភារធារី  Michael Newbill តំណាង​ខ្ពង់ខ្ពស់​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា  និង​លោក មាស វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​។

​លោក មាស វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​៖ «​សកម្មភាព​នៅថ្ងៃនេះ  គឺជា​សកម្មភាព​មួយ នៃ​គម្រោង​របស់​ក្រុមហ៊ុន​ក្រោម​ឈ្មោះថា «​កំណើន​បៃតង ឬ Green Growth» ដែលមាន​ចក្ខុវិស័យ ជួយ​បង្កើន​ទម្រង់​បៃតង​នៅ​កម្ពុជា ក៏ដូចជា​សរ​បញ្ជាក់​ពី​ឆន្ទៈ របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល អនុវត្ត​នូវ​គោលនយោបាយ​ពាក់ព័ន្ធ នឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ  ក៏ដូចជា​គាំទ្រ​ទស្សនវិស័យ​របស់​កម្ពុ​ជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បៃតង   និង​ការគ្រប់គ្រង​ការបញ្ចេញ​កាបូន​និ​ច​នៅ​កម្ពុជា​»​។​


 
​លោក​បាន​បន្តទៀតថា ក្រុមហ៊ុន​ពិតជា​មាន​ក្តី​មោទកភាព ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​សហការ ក្នុងការ​បង្កើត​ឲ្យ​មាន​សមិទ្ធផល​នៅថ្ងៃនេះ  ហើយ​នៅមាន​សកម្មភាព​សហគម​ន៍​ជាច្រើន​ទៀត ដែល​នឹងត្រូវ​អនុវត្ត​បន្តតៀត បន្ទាប់ពី​ឆ្លង​ផុត​គ្រា​ដ៏​តានតឹង​នេះ​។​
 
​សម្រាប់ លោក នួន ផា​រ័ត្ន  អភិបាលរង​នៃ​គណៈ​អភិបាល​សាលា​រាជធានី​ភ្នំពេញ ក៏មាន​ប្រសាសន៍​នៅក្នុង​ឱកាស​នោះ​ថា រាជធានី​ភ្នំពេញ​មាន​ផែនការមេ​មួយចំនួន ជាពិសេស​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ឆ្នាំ ២០១៥-២០៣៥ រួមទាំង​ប្លង់គោល​ប្រឡាយ លូ​មេ ប្លង់គោល​ប្រព័ន្ធ​ដឹកជញ្ជូន កី​ដូចជា​គម្រោង​ឈានទៅរក ការរៀបចំ​នូវ​ប្លង់​មេ សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​វៃឆ្លាត ក៏ដូចជា​ទីក្រុង​ដែលមាន​និរន្តរភាព ក្នុងនោះ​ការពង្រីក​នូវ​គម្រប​បៃតង គឺជា​ចំណុច​អាទិភាព​មួយ​។  សម្រាប់​អភិបាលរង​រាជធានី ការដាំ​ដើមឈើ​ថ្ងៃនេះ គឺជា​ការបោះ​ជំហាន​តូច​មួយទៀត នៅក្នុង​ដំណើរ​ដ៏​វែងឆ្ងាយ ក្នុងការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ជាពិសេស​ទាំង​ផ្នែក​សោភណភាព និង​បរិស្ថាន​។ លោក នួន ផា​រ័ត្ន បាន​បន្ថែមទៀតថា ៖«​ការដាំ​ដើមឈើ គឺជា​ការបណ្តុះ​នូវ​ក្តីសង្ឃឹម​ផងដែរ ប្រសិនបើ​មានការ​ថែទាំ​ល្អ ក្នុង​រយៈពេល​ប្រាំ​ទៅ​ដប់ឆ្នាំ​ទៀត យើង​នឹង​ទទួលបាន​នូវ​ម្លប់​ដ៏​ត្រជាក់ និង​សោភណភាព​ដ៏​ស្រស់ស្អាត​សម្រាប់​រាជធានី​យើង​»​។​
 
​លោក នួន ផា​រ័ត្ន ក៏បាន​ឆ្លៀតឱកាស​នេះ ថ្លែងអំណរគុណ​ចំពោះ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ក៏ដូចជា​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា ដែល​បាន​សហការ​រៀបចំ​កម្ម​វិធី​ដ៏​មាន​សារៈសំខាន់ នៅក្នុង​ថ្ងៃនេះ​។​
 
​សម្រាប់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា  សកម្មភាព​ក្នុងថ្ងៃនេះ គឺជា​សក្ខីភាព បញ្ជាក់​ពី​គោលជំហរ​របស់​ក្រុមហ៊ុន​ថា  ទោះបីជា​ពួកយើង កំពុងស្ថិត​ក្នុង​គ្រា​ដ៏​លំបាក​យ៉ាងណាក៏ដោយ  ក្រុមហ៊ុន​នឹងមិន​បំភ្លេច និង​នៅតែ​បន្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល ព្រមទាំង​ដៃគូ​សហការ​ផ្សេងទៀត ក្នុងការ​អនុវត្ត​សកម្មភាព​សង្គម​។ ហើយ​ក្រុមហ៊ុន នៅមាន​គម្រោង​ជាច្រើន​ទៀត រួមមាន​ការផ្ដល់​ប៉ម​ចម្រោះ​ទឹកស្អាត  ការលើកកម្ពស់​សហគ្រិន​ជា​ស្ត្រី និង​គម្រោង​ពិភពលោក​គ្មាន​សំរាម  ដែល​បាន​ត្រៀម​រួចជាស្រេច ដើម្បី​អនុវត្ត​នៅក្នុង​កាលៈទេសៈ​សមស្រប នាពេលខាងមុខ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com