COVID-19
អន្តរជាតិ
ថៃ ពន្យារពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដល់​ចុងខែ​ឧសភា​
27, Apr 2020 , 4:39 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា និងមន្រ្តីពាក់ព័ន្ធ។ រូបភាព៖ The Thaiger
លោកប្រាយុទ្ធ ចន្ទអូចា និងមន្រ្តីពាក់ព័ន្ធ។ រូបភាព៖ The Thaiger
​ថៃ បានប្រកាស​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន រយៈពេល​មួយខែ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បើទោះបី​ករណី​ឆ្លង​នៅក្នុង​ប្រទេស មានការ​ធ្លាក់ចុះ​ក៏ដោយ​។ ការប្រកាស​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ ធ្វើឡើង​នា​ថ្ងៃទី​២៧ ខែមេសា​។


 
​មួយរយៈ​ចុងក្រោយ​នេះ ថៃ​បាន​រកឃើញ​ចំនួន​អ្នក​ផ្ទុក​COVID-19 ថ្មី ដែល​ធ្លាក់ចុះ​បន្តិច​ម្តងៗ​។ ថៃ​មាន​អ្នកជំងឺ​ថ្មី​ត្រឹមតែ ៩​ករណី​ប៉ុណ្ណោះ នៅ​ថ្ងៃទី​២៧ ខែមេសា បើ​ធៀប​នឹង​ថ្ងៃទី​២៦ ខែមេសា ដែលមាន​ចំនួន ១៥​ករណី​។ តួលេខ​សរុប​នៅ​ប្រទេស គឺមាន​ចំនួន ២៩៣១​ករណី ចំណែក​អ្នកស្លាប់​ដោយសារ COVID-19 សរុប​មាន ៥២​ករណី​។ 
 
​បើទោះបីជា ថៃ​មាន​ករណី​ឆ្លង​នៅក្នុង​ប្រទេស​តិច​ក៏ដោយ ប៉ុន្តែ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​បន្ថែម​រយៈពេល​ដាក់​ប្រទេស ក្នុង​ភាពអាសន្ន​រយៈពេល ១​ខែ​ទៀត បន្ថែម​ពីលើ​រយៈពេល​ចាស់ ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៣០ ខែមេសា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន នឹង​ពន្យារ​រហូតដល់​ដំណាច់​ខែឧសភា​។ ការបន្ថែម​រយៈពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ ធ្វើឡើង ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​ការវិល​ត្រលប់​នៃ​កូ​រ៉ូ​ណាវី​រុស ខណៈពេល​មជ្ឈមណ្ឌល គ្រប់គ្រង​ស្ថានការណ៍ COVID-19 កំពុងតែ​ញាប់ដៃ​ជើង​ប្រយុទ្ធ​ជាមួយ​ជំងឺឆ្លង​សកល​មួយ​នេះ​។ 
 
​បើ​គ្មាន​ការប្រែប្រួល​អ្វី​ទេ បម្រាម​គោចរ​នៅពេល​យប់ ការហាមឃាត់​ការជួប​ជុំគ្នា ការកំណត់​ការធ្វើដំណើរ​ឆ្លងខេត្ត និង​វិធានការ​ផ្សេងទៀត នៅតែ​បន្ត​អនុវត្ត​ដដែល​។ ពាក់ព័ន្ធ​នឹង ការបន្ថែម​រយៈពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បាន​ប្រាប់​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ថា ការពន្យារពេល​បិទ​ប្រទេស​នេះ គឺ​ធ្វើតាម​ការគាំទ្រ​របស់​ប្រជាជន តាមរយៈ​ការស្ទង់មតិ​។ ប៉ុន្តែ​ក្រុមប្រឹក្សា​នេះ មិនបាន​លំអិត​ពី​ព័ត៌មាន​ស្ទង់​មតិ​របស់​ប្រជាជន​តាមរ​ប្រៀប​ណា​ឡើយ​។ 
 
​សូមបញ្ជាក់ថា បើទោះបីជា​ថៃ​មាន​ករណី​COVID-19 សរុប​ជិត ៣​ពាន់​ករណី​ក៏ពិតមែន ប៉ុន្តែ​ថៃ​ក៏បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ បាន​ចំនួន​ច្រើន​ផងដែរ ពោល​គឺមាន​ចំនួន រហូតដល់​ទៅ ២៦០៩​ករណី​ឯណោះ​។ អ្នកជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​ថៃ​មាន​ចំនួន​សរុប ២៧០​ករណី​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com