ជាតិ
សង្គមជាតិ
លោក ខៀវ កាញារីទ្ធ លុប​អាជ្ញា​បណ្ណ CKV TV ដែល​ផ្សាយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​
27, Apr 2020 , 4:13 pm        
រូបភាព
សកម្មភាពលោក ចាន់ ឫទ្ធី ចាងហ្វាយ​ស្ថាប័នព័ត៌មាន CKV TV ដែល​ចុះ​ទៅរាយការណ៍​ព័ត៌មាននៅ​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២០
សកម្មភាពលោក ចាន់ ឫទ្ធី ចាងហ្វាយ​ស្ថាប័នព័ត៌មាន CKV TV ដែល​ចុះ​ទៅរាយការណ៍​ព័ត៌មាននៅ​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២០
ដោយ:
​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសម្រេច​លុប​អាជ្ញា​បណ្ណ​គេហទំព័រ ចក្រ​វា​ឡ ធី​វី​អន​ឡាញ (CKV TV) ដែលមាន​លោក ចាន់ ឬ​ទ្ធី ជា​ចាងហ្វាង​។ តាម​ប្រកាស​ចុះ​ថ្ងៃទី​២៧ ខែមេសា លោក​រដ្ឋមន្ត្រី​បាន​ពិនិត្យឃើញថា ម្ចាស់​អាជ្ញា​បណ្ណ​បានធ្វើ​សកម្មភាព​យក​ព័ត៌មាន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​បំពាន​កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន​។​

 
​មុន​ឈានដល់​ការសម្រេច​លុប​អាជ្ញា​បណ្ណ​របស់​ស្ថាប័ន​ព័ត៌មាន​នេះ កាលពី​ថ្ងៃទី​២៥ ខែមេសា លោក ចាន់ ឬ​ទ្ធី បាន​ចុះទៅ​រាយការណ៍​ព័ត៌មាន​ផ្ទាល់​នៅផ្ទះ​ពលរដ្ឋ​ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រាយការណ៍​ថា មាន​ម្ចាស់​អាជីវករ​មួយ​រំលោភបំពាន​ផ្លូវថ្នល់​សាធារណៈ​សម្រាប់​បើក​អាជីវកម្ម និង​បាន​ចោទសួរ​ទៅ​ម្ចាស់​អាជីវកម្ម​ពី​ទំនាស់​រវាង​អ្នកជិតខាង​ថា​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ផ្ទះ​ដែល​ជាប់​របង​គ្នា​។ 
 
​កន្លងមក ម្ចាស់​គេហទំព័រ CKV TV ក៏​ធ្លាប់​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ហៅ​ទៅធ្វើ​កិច្ចសន្យា​ផងដែរ ដោយសារតែ​ការប្រើ​ពាក្យពេចន៍ និង​កាយវិការ​មិន​សមរម្យ ដែល​នាំ​ឲ្យ​មានការ​រិះគន់​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន​។ 
 
​លោក ចាន់ ឬ​ទ្ធី ធ្លាប់​ទទួលបាន​ការណែនាំ​ផ្ទាល់​ពី​សំណាក់​លោក យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន ដល់​ទៅ​២​លើក ហើយ​កាលពី​ថ្ងៃទី​១៦ ខែមីនា ចាងហ្វាង CKV TV រូបនេះ បាន​សន្យា​មិន​ឲ្យ​មាន​ជា​លើក​ទី​៣​។​
 
​កន្លងមក​ក្រសួង​ព័ត៌មាន​បាន​លុបចោល​អាជ្ញា​បណ្ណ TVFB និង​FBTV ក្រោម​ហេតុផល​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះ​ញ៉​ង់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គមជាតិ កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០៕ 
 

Tag:
 សារព័ត៌មាន​
 ​ក្រសួង​ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com