COVID-19
ជាតិ
ដំណោះស្រាយឈ្នះៗក្នុងជម្លោះរវាងអាណាព្យាបាល និងម្ចាស់សាលាឯកជន!
× ភ្នំពេញ៖ អាណាព្យាបាលមួយចំនួន និងម្ចាស់សាលាឯកជនមួយចំនួន បាន និងកំពុងប្រឈមមុខដាក់គ្នាក្នុងបរិបទវិបត្តិមេរោគកូវីដ១៩។ រឿងរ៉ាវកើតឡើងបន្ទាប់ពីសាលាបិទទ្វារ និងការដាក់ឲ្យដំណើរការ ការសិក្សាពីចម្ងាយដោយសារការរាតត្បាតនៃជំងឺមេរោគកូវីដ១៩។ តើអ្វីទៅជាដំណោះស្រាយ?
ការតវ៉ាមិនព្រមបង់គ្រប់ចំនួន ឬទាមទារបង់តែ៥០ភាគរយ ព្រោះ អាណាព្យាបាលបានលើកហេតុផលថា ការសិក្សាពីចម្ងាយមានគុណវិបត្តិច្រើន ក្នុងនោះមាន ដូចជា៖ សិស្សនិស្សិត មិនសូវយកចិត្តទុកដាក់ស្តាប់គ្រូប៉ុន្មានឡើយ ជាពិសេស កុមារតូចៗ។ សិស្សនិស្សិតខ្លះ បើកតែកុំព្យូទ័រចោល រីឯអាម្មណ៍ មិនដឹងជាហោះហើរទៅដល់ទីណាឡើយ។ សិស្សនិស្សិតខ្លះទៀត បើកកុំព្យូទ័របណ្តើរ រៀនបណ្តើរ ស្តាប់ចំរៀងបណ្តើរ ពិសានេះ ឬនោះបណ្តើរ ជួនកាលស្តាប់គ្រូផង ឈែតជាមួយមិត្តភក្តិផង។ ប្រសិទ្ធភាពនៃការសិក្សាពីចម្ងាយ មានកម្រិតទាប ជាពិសេស សម្រាប់កុមារតូចៗ។ ម្យ៉ាងទៀត អាណាព្យាបាលលើកហេតុថា សាលាមិនចំណាយផ្នែករដ្ឋបាល ចំណាយលើទឹក ភ្លើង។ល។ ម្យ៉ាងទៀត អាណាព្យាបាលបានលើកហេតុផលថា ពួកគេក៏កំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលដែរ ព្រោះ ជំនួញពួកគេមិនដំណើរការ។ ដូច្នេះ សាលាត្រូវតែបញ្ចុះតម្លៃយ៉ាងតិច៥០%។
ឆ្លើយតបទៅនឹងការទាមទាររបស់អាណាព្យាបាលវិញ អ្នកជំនួញក្នុងវិស័យអប់រំបានពន្យល់ថា ជំនួញក្នុងវិស័យអប់រំនេះ មិនចំណេញច្រើនទេ។ អ្នកជំនួញក្នុងវិស័យអប់រំបានពន្យល់ថា ជាទូទៅក្នុងពេលធម្មតា សាលាត្រូវចំណាយលើប្រាក់បៀវត្សរ៍ អគារ ទឹក ភ្លើង រដ្ឋបាល ថ្លៃបណ្តុះបណ្តាលគ្រូ ការស្រាវជ្រាវ ទីផ្សារ ទំនាក់ទំនងសាធារណៈ ថ្លៃបង់រំលោះបំណុល។ល។ ហើយនេះ គេនៅមិនទាន់គិតពីការចំណាយផ្សេងៗទៀតផង។
ម្ចាស់សាលាឯកជន ឬអ្នកជំនួញក្នុងវិស័យអប់រំ បានបន្តពន្យល់ទៀតថា ការសិក្សាពីចម្ងាយធ្វើឲ្យសាលាបន្តចំណាយច្រើនគួរសម និងស្មុគស្មាញបន្ថែមទៀត ព្រោះ សាលាត្រូវបន្តធ្វើការងាររដ្ឋបាលសម្របសម្រួលជាមួយអាណាព្យាបាលច្រើនជាងមុន ជាពិសេស ជាមួយសិស្សតូចៗ។ ម្យ៉ាងទៀត សាលាត្រូវបណ្តុះបណ្តាលគ្រូមួយចំនួនដែលមិនសូវចេះបច្ចេកវិទ្យាព័ត៌មាន។ លើសពីនេះទៅទៀត សាលាខ្លះត្រូវវិនិយោគបន្ថែមលើប្រព័ន្ធសិក្សាពីចម្ងាយនេះថែមទៀតផង។ អំណះអំណាងដែលលើកឡើងខាងលើសុទ្ធតែសមហេតុសមផលទាំងអស់។
តើអ្វីទៅជាដំណោះស្រាយ?
អ្នកជំនាញនៅក្នុងវិស័យអប់រំបានផ្តល់គំនិតថា ក្នុងបរិបទប្រឈមដ៏លំបាកនេះ ដំណោះស្រាយដែលល្អបំផុត គឺ ទី១ សាលាឯកជនគួរបញ្ចុះតម្លៃប្រមាណជា២០ទៅ៣០% មានន័យថា អាណាព្យាបាលទទួលបានការបញ្ចុះតម្លៃពីសាលាពី២០ទៅ៣០%។ បុគ្គលិកសិក្សាគ្រូបង្រៀនគួរទទួលប្រាក់ខែតែពី៦០ទៅ៧០% មានន័យថា ពួកគាត់បញ្ចុះតម្លៃប្រាក់ខែពី៣០ទៅ៤០%។
ម្ចាស់អគារអាជីវកម្ម គួរតែបញ្ចុះតម្លៃពី៣០ទៅ៥០%។ អ្នកជំនាញវិស័យអប់រំបានបញ្ជាក់ថា រូបមន្តខាងលើនេះ គឺជាដំណោះស្រាយយោគយល់គ្នាល្អបំផុតក្នុងគ្រាប្រឈមដ៏លំបាកសម្រាប់គ្រប់ភាគី៕
© រក្សាសិទ្ធិដោយ thmeythmey.com