អត្ថបទពាណិជ្ជកម្ម
​សាលា​អេ​ស៊ី​អ៊ី ផ្តល់​អាហារូបករណ៍​១០០% ចំនួន​២០០​កន្លែង ដល់​សិស្ស​និស្សិត​គ្រប់​កម្រិត​
27, Apr 2020 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា លើកទឹកចិត្ត​អោយ​ស្ថាប័ន​អប់រំ​នានា បន្ត​ជួយ​សិស្ស​និស្សិត ដើម្បី​បន្ត បង្កើន​ចំណេះដឹង រួមទាំង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ ពី​ចម្ងាយ​ដើម្បី​ចៀសវាង​នូវ​ជំងឺ​កូ​វីដ​១៩ មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្តុះបណ្តាល (​សាលា​អេ​ស៊ី​អ៊ី​) បានផ្តល់​ជូន​សិស្ស​និស្សិត​របស់ខ្លួន នូវ​ការសិក្សា​ពី​ចម្ងាយ​ដែល​អាចអោយ​សិស្ស​និស្សិត​បាន​រៀន និង​មាន​ទំនាក់ទំនង​ផ្ទាល់ ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​រួម​ថ្នាក់​ពី​ចម្ងាយ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​កម្មវិធីសិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​ទំនើប​។
 
​ជាមួយនឹង​ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន IDP Education ក្រោម​កម្មវិធី​កិច្ចការ​សង្គម​ក្នុង​វិស័យ​អប់រំ សាលា អេ​ស៊ី​អ៊ី ប្រកាស​ផ្តល់ជូន​សិស្ស​និស្សិត​នូវ​អាហារូបករណ៍​១០០​ភាគរយ សម្រាប់​ការសិក្សា​ភាសា​អង់គ្លេស រយៈពេល​មួយឆ្នាំ​ពេញ ចំនួន ២០០​កន្លែង ដើម្បី​សិក្សា​នៅ​សាខា​ណាមួយ ក្នុងចំណោម​ទីតាំង​ទាំង​៦ រួមទាំង​ទីតាំង​ថ្មី​នៅ​តាខ្មៅ​ផងដែរ​។ 


 
​លោក​ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education និង​សាលា​អេ​ស៊ី​អ៊ី បាន​មានប្រសាសន៍ថា​៖ «​កំឡុង​ពេលដែល​សាលា​អេ​ស៊ី​អ៊ី​គ្រប់​ទីតាំង ផ្អាក​ការបង្រៀន​ក្នុង​ថ្នាក់ ការបង្រៀន​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់ បច្ចេកវិទ្យា និង​និយាម​សិក្សាធិការ​ទំនើប ដែល​អាចឱ្យ​សិស្ស​និស្សិត សន្ទនា​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​រួម​ថ្នាក់ ព្រមទាំង​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្សេងៗ (education apps) កំពុង ត្រូវបាន​អនុវត្ត ក្នុង​ការបន្ត​ផ្តល់នូវ​ការអប់រំ​ដែលមាន​គុណភាព ដល់​សិស្ស​អេ​ស៊ី​អ៊ី​ទាំងអស់​។ ហើយ​តាមរយៈ​ការផ្តល់ អាហារូបករណ៍​មួយឆ្នាំ​ពេញ​ចំនួន​២០០​កន្លែង​នេះ នឹង​ផ្តល់ឱកាស​នូវ​ការអប់រំ​ដែលមាន​គុណភាព ដល់​សិស្ស​និស្សិត ដែល​អាច​ជួប​ការលំបាក​ក្នុង​ការបន្ត​ការសិក្សា ដែលមាន​ប្រសិទ្ធភាព ឬ​មាន​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ​»​។​
 


 
 
​លោក Ashley Irving ចាងហ្វាង​សាលា​អេ​ស៊ី​អ៊ី បាន​ថ្លែងថា​៖ « ដើម្បី​បន្ត​ជ្រោមជ្រែង​ការសិក្សា​របស់​សិស្ស នៅ​គេហដ្ឋាន ក្រុមការងារ​បច្ចេកទេស​ខាង​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង អស់ពី​សមត្ថភាព ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ដើម្បី​ផ្តល់ជូន​សិស្ស និស្សិត នូវ​បទពិសោធន៍​សិក្សា ដែលមាន​វិសាលភាព​។ ក្រុមការងារ​យើងខ្ញុំ មិន​ត្រឹមតែ​ជ្រើស​រើសយក​កម្មវិធីសិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​នាំមុខ​លើ​ពិភពលោក​ដូចជា Zoom for Education, ClassDojo និង Google Classroom មកប្រើប្រាស់​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្កើត​នូវ​វីដេអូ​ណែនាំ ថ្នាក់រៀន​បង្ហាញ​ពី​គន្លឹះ នៃ​ការរៀន​ពី​ចម្ងាយ និង​ថ្នាក់​បង្ហាត់​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​សិក្សា​ផ្សេងៗ ដើម្បី​ផ្តល់ជូន​ដល់​សិស្ស និស្សិត​ទាំងអស់​នូវ​ចំណេះ និង​ជំនាញ​សម្រាប់​ជា​ប្រយោជន៍ ដល់​ការសិក្សា​របស់គាត់​»​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ ក្លិប​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​សម្រាប់​ជំនួយ និង​ជំរុញ​ដល់​ការសិក្សា របស់​សិស្ស​ត្រូវបាន​ប​ង្កើ​ត​ឡើង ដែល​សិស្ស​និស្សិត និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ អាច​ចែករំលែក​អំពី វិធីសាស្ត្រ​សិក្សា​ល្អៗ ដើម្បីអោយ​ការសិក្សា​កាន់តែ​មាន​ភាព​ជោគជ័យ​។ កញ្ញា ម៉ម ជូ​លី​ណា និង​លោក Andrew Millar ដែលជា​អ្នកទទួល​រ៉ាប់រង​នូវ​កិច្ចការ លើកកម្ពស់​បទពិសោធ​ន៍​សិក្សា របស់​សិស្សសាលា អេ​ស៊ី​អ៊ី​បាន​មានមតិ​ថា​៖«​កម្រិត​នៃ​ចំណេះដឹង និង​ជំនាញ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​សិក្សា តាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និក​របស់​សិស្ស និស្សិត និង​លោកគ្រូ​អ្នកគ្រូ​បាន​អភិវឌ្ឍ​យ៉ាងខ្លាំង​គួរឱ្យកត់សម្គាល់​»​។ 


 
​កញ្ញា សុ​ខេង បញ្ច​នាថ ដែលជា​គ្រូបង្រៀន និង​អ្នកឯកទេស​ផ្នែក​អប់រំ​នៅ​សាលា​អេ​ស៊ី​អ៊ី បាន​លើកឡើងថា​៖ «​លោកគ្រូ អ្នកគ្រូ​នៅ​សាលា​អេ​ស៊ី​អ៊ី តែងតែ​បង្ហាញ​នូវ​អារម្មណ៍​វិជ្ជមាន ក្នុងការ​អនុវត្ត​ការបង្រៀន​ពី​ចម្ងាយ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជំនួយ​ដល់​ការសិក្សា​របស់​សិស្ស​នៅតាម​គេហដ្ឋាន​។ បច្ចេកវិទ្យា មិនអាច​ជំនួស គ្រូបង្រៀន​បានទេ ប៉ុន្តែ​គ្រូបង្រៀន​ដែលមាន​ភាព​ច្នៃប្រឌិត អាច​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជំនួយ​ដល់​ការសិក្សា​របស់​សិស្ស ឱ្យមាន​ភាពជោគជ័យ ដោយ​ជាពិសេស ផ្តោតទៅលើ​គោលការណ៍ រក្សា​សុខភាព និង​សុវត្ថិភាព​របស់​សិស្ស មាតាបិតា លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់ នៅក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នាពេល​បច្ចុប្បន្ននេះ​»​។​


 
​ឆោម សុវណ្ណ​រ៉ូ​ហ្សា ដែលជា​សិស្សសាលា​អេ​ស៊ី​អ៊ី កំពុង​សិក្សា​កម្មវិធីសិក្សា​អង់គ្លេស​កម្រិត​ទូទៅ​បាន​និយាយថា​៖ «​មុនដំបូង ខ្ញុំ​គិតថា​ការរៀន​តាម​ប្រព័ន្ធ​អន​ឡាញ មាន​ភាពលំបាក ប៉ុន្តែ​ក្រោយពី​បាន​រៀន​មួយរយៈ​មក ខ្ញុំ​បាន​ឃើញថា​វា​មាន​ចំណុច​ល្អ និង​គួរអោយ​ចាប់អារម្មណ៍​ជាច្រើន ដែល​ធ្វើអោយ​ខ្ញុំ​ចង់​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​»​។​
 
​ង៉ោ ពេជ្រ​មរកត ដែលជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​រាប់ម៉ឺន​នាក់ ដែល​កំពុង​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​សាលា​អេ​ស៊ី​អ៊ី បាន​ថ្លែងថា​៖« ខ្ញុំ​កំពុងតែ​សម្រប​ខ្លួន និង​ទទួលបាន​ចំណេះដឹង​ថ្មីៗ ហើយ​ខ្ញុំ​ក៏បាន​ចូលរួម​ថ្នាក់​បង្រៀន ពី​របៀប​ប្រើប្រាស់​កម្មវិធីសិក្សា​តា ម​ប្រព័ន្ធ​អេឡិចត្រូនិក ផ្តល់ជូន​ដោយ​សាលា​អេ​ស៊ី​អ៊ី​។ ឥឡូវ ខ្ញុំ​យល់​ពី​របៀប​ប្រើប្រាស់​កម្មវិធី​ទាំងនោះ បាន​ប្រសើរ​ជាង​មុន​»​។ 
 
​សិស្សសាលា​អេ​ស៊ី​អ៊ី ថន វីរ​បុត្រ ក៏បាន​ចែករំលែក​ថា​៖ «​ខ្ញុំ​មិនដែល​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពីមុនមក​ទេ វា​ផ្តល់ឱកាស​ឱ្យ​ខ្ញុំ​ទទួលបាន នូវ​ការសិក្សា​មួយ​ដែល​សមស្រប ជាមួយ​របៀប​សិក្សា​បែប​ទំនើប​របស់ខ្ញុំ​»​។​
 
​លោកស្រី Samira Hazari គ្រូ​បណ្តុះបណ្តាល​នៅ​សាលា​អេ​ស៊ី​អ៊ី ដែល​បានរួម​ចំណែក​ក្នុងការ​បង្កើតឡើង​នូវ​ឯកសារ​សិក្សា​សម្រាប់​ការសិក្សា​តាម​ប្រព័ន្ធ​ថ្មី​នេះ បាន​លើកឡើងថា​៖ «​សិស្ស​ទទួលបាន​ការបង្ហាត់​ណែនាំ ក្នុងការ​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បីឱ្យ​ពួកគាត់ ទទួលបាន​ការសិក្សា​ដែលមាន​ប្រសិទ្ធភាព​»​។ 
 
​លោក វ៉ាន់ កុសល ដែលជា​គ្រូបង្រៀន​នៅ​សាលា​អេ​ស៊ី​អ៊ី ក៏បាន​ថ្លែងថា​៖ «​ជាមួយនឹង​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សិស្ស​អាច​ទទួលបាន​នូវ​ឯកសារ និង​សកម្មភាព​សិក្សា​ផ្សេងៗ ព្រមទាំង​អាច​ចូលរួម​ក្នុង​ការងារ និង​ការពិភាក្សា​ជា​ក្រុម​»​។ 
 
​លោកស្រី ហូ កុឡាប ដែលមាន​បុត្រ​ម្នាក់ កំពុង​សិក្សា​កម្មវិធី​សម្រាប់​កុមារ​នៅ​សាលា​អេ​ស៊ី​អ៊ី បាន​មានប្រសាសន៍ថា​៖ «​មុនដំបូង​ខ្ញុំ​ឆ្ងល់​ថា កូន​រៀន​ពី​ផ្ទះ​តាមរបៀប​ណា ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ឃើញថា គាត់​រៀន​បាន​ចេះ​ច្រើន ហើយ​សប្បាយ​។ ការរៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក របស់​សាលា​អេ​ស៊ី​អ៊ី ផ្តល់នូវ​សកម្ម​ភាពល្អៗ​ឱ្យ​កូន​ខ្ញុំ ដូច​ពេល​គាត់​រៀន​នៅ​សាលា​ដែរ​»​។ 
 
​លោក ចាន់ ដា​រ័ត្ន ដែលមាន​បុត្រ​រៀន​នៅ​សាលា​អេ​ស៊ី​អ៊ី​ដែរ​ក៏បាន​មានមតិ​ថា​៖ កូន​របស់ខ្ញុំ​គាត់​អង្គុយ​រៀន​នៅផ្ទះ នៅពេលដែល​លោកគ្រូ​អ្នកគ្រូ​គាត់​អង្គុយ​បង្រៀន​ពី​ក្នុង​ថ្នាក់​។ ខ្ញុំ​សប្បាយចិត្ត​ដែល​គាត់​នៅតែ​បាន​រៀន​ពី​ចម្ងាយ​ដោយ​មិនបាច់​បារម្ភ​ខ្លាច​គាត់​ឆ្លង​ជំងឺ​ពេល​ចេញទៅ​ក្រៅ​។ 


 
​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស និង​និស្សិត ទទួលបាន​ការសិក្សា​ដែលមាន​គុណភាព អាហារូបករណ៍​២០០​កន្លែង សម្រាប់​ការសិក្សា​មួយឆ្នាំ​ពេញ ត្រូវបាន​ផ្តល់ជូន​សម្រាប់​កម្មវិធីសិក្សា​សម្រាប់​កុមារ អាយុ​ពី ៨​ដល់​១០​ឆ្នាំ កម្មវិធីសិក្សា​សម្រាប់​សិស្ស​មធ្យមសិក្សា អាយុ​ពី ១១​ដល់​១៤​ឆ្នាំ កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ទូទៅ សម្រាប់​សិស្ស​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង និង​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​កម្រិត​ខ្ពស់ និង​សម្រាប់​ត្រៀមខ្លួន​ទៅ​សិក្សា​នៅ​បរទេស​។​
 
​បេក្ខជន ឬ អាណាព្យាបាល អាចដាក់​ពាក្យ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក តាមរយៈ https://acecambodia.org/ACEScholarship ឬ​ទាក់ទង​ទៅកាន់​លេខ ០៨៥ ៨០៩ ៥៨៩ / ០១៥ ៣៦០ ៨៤៦ សម្រាប់​ព័ត៌មាន​បន្ថែម​។ បេក្ខជន នឹង​ទទួលបាន​ការធ្វើ​តេស្ត​វា​ស់​ស្ទង់​កម្រិត​ភាសា​អង់គ្លេស តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​ឥតគិតថ្លៃ ដើម្បី​ចូលរៀន​ក្នុង​កម្រិត​ដែល​ត្រូវ​នឹង​សមត្ថភាព​ភាសា​អង់គ្លេស​របស់ខ្លួន​។ ដើម្បីឱ្យ​បេក្ខជន​ទាំងអស់ ទទួលបាន​ឱកាស​ស្មើៗ​គ្នា លក្ខខណ្ឌ​នៃ​ការជ្រើសរើស​រួមមាន សមភាព​យេនឌ័រ ថ្នាក់ និង​ម៉ោង​សិក្សា​ដែលមាន​នៅ​សាលា​អេ​ស៊ី​អ៊ី តម្រូវការ និង​សក្តានុពល ក្នុងការ​ប្រើប្រាស់​ជំនាញ​ភាសា​អង់គ្លេស​ដែល​បេក្ខជន​បំពេញ​ក្នុង​ពាក្យសុំ​អាហារូបករណ៍​។​
 
​បេក្ខជន​ជ័យលាភី នឹង​ចាប់ផ្តើម​ចូលរៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ហើយនឹង​អាច​ជ្រើសរើស​ចូលរៀន នៅ​ទីតាំង​ណាមួយ​ក្នុងចំណោម ទីតាំង​សាលា​អេ​ស៊ី​អ៊ី​ទាំងអស់ នៅពេលណា​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត ឱ្យ​បើក​សាលារៀន​ជាធម្មតា​ឡើងវិញ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com