អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត លុបចោល​ទោស​ប្រហារជីវិត​លើ​អនីតិជន
27, Apr 2020 , 8:59 pm        
រូបភាព
​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​លុបចោល​កា​រ​អនុវត្ត​ទោស​ប្រហារជីវិត​សម្រាប់​បទឧក្រិដ្ឋ​ដែល​បង្កដោយ​អនីតិជន​។ ការលុបចោល​នេះ ត្រូវបាន​ប្រកាស​ក្រោយ​ទីក្រុង​រី​យ៉ា​ដ​សម្រេចចិត្ត​លុបចោល​ការដាក់ទោស​ដោយ​ការ​វាយ​នឹង​រំពាត់​រួចមក​។ ចំណាត់ការ​ថ្មី​ទាំងនេះ មាន​គោលដៅ​សម្រួល​កំណត់ត្រា​សិទ្ធិមនុស្ស​ដ៏​អាក្រក់​បំផុត​មួយ​របស់​ប្រទេស​ដែលមាន​និន្នាកា​អភិរក្សនិយម ដោយមាន​ការជំរុញ​ពី​រជ្ជទាយាទ Mohammed bin Salman ។​

 
​ជាការ​កែប្រែ​មុខមាត់​មួយ អា​រ៉ា​ប៊ី​សា​អូឌីត នឹងមិន​អនុវត្ត​ទោស​ប្រហារជីវិត​លើ​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​បទល្មើស​នោះ​ពេល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​។ នេះ​បើតាម​ការ​សេចក្ដីថ្លែងការណ៍​របស់លោក Awwad Alawwad ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយយោង​តាម​ព្រះរាជក្រឹត្យ​របស់​មហាក្សត្រ​ប្រទេស​នេះ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៦ ខែមេសា លោក Awwad Alawwad បញ្ជាក់ថា ជំនួស​ឲ្យ​ទោស​ប្រហារជីវិត ជនល្មើស​នឹងត្រូវ​ជាប់​ឃុំ​ក្នុង​កន្លែង​ឃុំឃាំង​សម្រាប់​អនីតិជន​វិញ តែ​ក្នុង​រយៈពេល​ក្រោម​១០​ឆ្នាំ​។ លោក Alawwad ចាត់ទុក​ព្រះរាជក្រឹត្យ​របស់​មហាក្សត្រ​ជា​ជំនួយ​ក្នុងការ​បង្កើត​ក្រមព្រហ្មទណ្ឌ​សម័យ​ទំនើប​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ការសម្រេចចិត្ត​លុបចោល​ការអនុវត្ត​ទោស​បែបនេះ នឹង​រក្សា​ជីវិត​មនុស្ស​យ៉ាងតិចណាស់​៦​នាក់​មកពី​សហគមន៍​ស៊ី​អ៊ី​ត​ភាគតិច​ដែល​កំពុង​រង់ចាំ​ការប្រហារជីវិត​។ ពួកគេ​ត្រូវបាន​ចោទប្រកាន់ថា ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អំឡុងពេល​បដិវត្តន៍​អារ៉ាប់ ដែល​ពេលនោះ​ពួកគេ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​នៅឡើយ​។ កាលពី​ឆ្នាំ​២០១៩ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏បាន​ស្នើ​ឲ្យ​ទីក្រុង​រី​យ៉ា​ដ​ផ្អាក​ការប្រហារជីវិត​ពួកគេ​ផងដែរ​។ 
 
​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​មាន​អត្រា​អនុវត្ត​ទោស​ប្រហារជីវិត​ខ្ពស់​មួយ​លើ​ពិភពលោក​។ បទល្មើស​មួយចំនួន​ដូចជា រំលោភ​ព ប្លន់ ភេរវកម្ម និង​ការរត់ពន្ធ​គ្រឿងញៀន​ជាដើម សុទ្ធតែ​ប្រឈមមុខ​ទោស​ប្រហារជីវិត​។ នៅ​ឆ្នាំ​២០១៩ រាជាណាចក្រ​មួយ​នេះ កាត់ទោស​ប្រហារជីវិត​មនុស្ស​យ៉ាងតិច​១៨៩​នាក់ ដែលជា​ចំនួន​មួយ​ដ៏​ខ្ពស់​។ តាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល សម្រាប់​ឆ្នាំ​២០២០ មនុស្ស​១២​នាក់ ត្រូវបាន​ប្រហារជីវិត​តាំងពី​ខែមករា​។​
 
​កាលពី​សប្ដាហ៍​មុន គណៈកម្មការ​សិទ្ធិមនុស្ស​អា​រ៉ា​ប៊ី​សា​អូឌីត ក៏បាន​ប្រកាស​ពី​ការលុបចោល​ការ​វាយ​នឹង​រំពាត់​ផងដែរ​។ ការដាក់ទោស​ដោយ​វាយ​នឹង​រំពាត់​នេះ ក៏​រង​ការរិះគន់​ខ្លាំង​ដែរ​។ យ៉ាងណាមិញ ករណី​លើកលែង នឹងត្រូវ​អនុវត្ត​លើ​ទោស​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា​ឃាតកម្ម និង​លួច​៕

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com