COVID-19
អន្តរជាតិ
ស្ត្រីឥណ្ឌាម្នាក់ត្រូវចាប់រំលោភបូក ក្រោយត្រូវដាក់ឲ្យធ្វើចត្តាឡីស័កក្នុងសាលាតែឯង
× ស្ត្រីម្នាក់ ត្រូវគេចាប់រំលោភបូកក្នុងសាលារៀនមួយ ក្នុងរដ្ឋដាច់ស្រយាលមួយ ឈ្មោះថា Rajasthan ជាទីដែលនាង ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកមួយយប់ ខណៈរដ្ឋាភិបាលបានប្រកាសបិទប្រទេសទាំងមូល។ មន្ត្រីប៉ូលិសឥណ្ឌា បញ្ជាក់បែបនេះនៅថ្ងៃទី២៦ ខែមេសា។
ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីសប្តាហ៍មុន នៅពេលស្ត្រីរងគ្រោះបានទៅកាន់ប៉ុស្តិ៍ប៉ូលិសមួយកន្លែងដើម្បីរកកន្លែងស្នាក់នៅបណ្ដោះអាសន្នមួយយប់សិន បន្ទាប់ពីនាងដើរតែម្នាក់ឯងរាប់គីឡូម៉ែត្រ និងវង្វេងផ្លូវត្រលប់ទៅភូមិកំណើតវិញ។ ដោយគ្មានមណ្ឌលចត្តាឡីស័ក ប៉ូលិសបានដាក់នាងនៅដាច់ដោយឡែកមួយយប់ក្នុងអគារសាលារៀនមួយ ទីកន្លែងដែលនាងត្រូវបានចាប់រំលោភដោយបុរស៣នាក់។
ប្រាប់ទីភ្នាក់ងារព័ត៌មានតាមទូរសព្ទ មន្ត្រីប៉ូលិសម្នាក់ឈ្មោះថា Parth Sharma ក្នុងរដ្ឋ Rajasthan ដែលទទួលបន្ទុករឿងក្តីនេះ បានបញ្ជាក់ថា៖«បុរស៣នាក់ដែលបានចាប់រំលោភស្ត្រីនោះក្នុងសាលារៀន កាលពីថ្ងៃទី២៣ ខែមេសា ត្រូវបានចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅកាន់ពន្ធនាគារ»។
ក្នុងសេចក្តីថ្លែងការណ៍របស់សមត្ថកិច្ច ស្ត្រីរងគ្រោះ មានអាយុចន្លោះ ៤០-៤៥ ឆ្នាំ ហើយនាងបានដើរអស់ពេលជាច្រើនថ្ងៃពីក្រុង Sawai Madhopur មុនពេលនាងបានទៅដល់ភូមិមួយដែលនាងត្រូវបានចាប់រំលោភ។ មន្ត្រីប៉ូលិស Sharma អះអាងទៀតថា ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កតំបន់មួយ ដើម្បីធ្វើតេស្តរកជំងឺ COVID-19 ។
ការបិទប្រទេសទាំងស្រុងដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី កាលពីខែមុន ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលCOVID-19 បានធ្វើឲ្យពលកររាប់ពាន់នាកដែលបាត់បង់ការងារធ្វើក្នុងទីក្រុង ធ្វើដំណើរដោយថ្មើរជើងរាប់ថ្ងៃដើម្បីត្រលប់មកផ្ទះពួកគេវិញនៅទីជនបទ។ បច្ចុប្បន្ន ពួកគេមួយចំនួនធំ ត្រូវបានដាក់នៅដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័កយ៉ាងណែនណាន់តាន់តាប់ ហើយអាជ្ញាធរកំពុងព្យាយាមទប់ទល់។
សូមបញ្ជាក់ថា ឥណ្ឌាដែលមានពលរដ្ឋ បានរាយការណ៍ករណីឆ្លង COVID-19 សរុប ២៦៤៩៦ករណី ហើយអ្នកស្លាប់សរុបមាន ៨២៤នាក់ហើយ។ យោងតាមទិន្នន័យឧក្រិដ្ឋកម្មសហព័ន្ធ ទោះបីមានច្បាប់តឹងរ៉ឹង ការចាប់រំលោភក្នុងប្រទេសឥណ្ឌា កើតឡើងរាល់២០នាទីម្ដង ជាធម្យម៕
© រក្សាសិទ្ធិដោយ thmeythmey.com