ជាតិ
ក្រុមហ៊ុនជប៉ុន ព្រមព្រៀងទិញគ្រាប់ស្វាយចន្ទីកែច្នៃជាង១០០តោន ពីសិប្បកម្មមួយនៅកំពង់ធំ
× ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកែច្នៃពាក់កណ្តាលសម្រេចចំនួន១៦០តោន ក្នុងសិប្បកម្មរបស់អ្នកស្រី អ៊ិន ឡៃហួត ត្រូវបានក្រុមហ៊ុន Top planning Japan Co.,Ltd ចុះកិច្ចសន្យាទទួលទិញ សម្រាប់ការនាំចេញទៅប្រទេសជប៉ុន។ បើតាមអ្នកស្រី អ៊ិន ឡៃហួត ចំនួនគ្រាប់ស្វាយចន្ទីក្នុងកិច្ចសន្យានេះ គឺជាការសាកល្បងនៃឆ្នាំដំបូងក្នុងការនាំទៅជប៉ុន។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក្នុងខេត្តកំពង់ធំរូបនេះ បានប្រាប់សារព័ត៌ថ្មីៗរាជធានី-ខេត្ត២៥ (ThmeyThmey25) តាមទូរសព្ទថា សម្រាប់ឆ្នាំនេះ(២០២០) សិប្បកម្មគ្រោងចុះកិច្ចសន្យាជាមួយក្រុហ៊ុមន Top planning Japan ចំនួន៤០០តោន សម្រាប់ការនាំចេញ ប៉ុន្តែដោយសារតែកម្ពុជា ក៏ដូចពិភពលោកជួបវិបត្តិកូវីដ-១៩ ទើបធ្វើឱ្យមានការប្រែប្រួល នៃចំនួនជាក់ស្តែងក្នុងកិច្ចសន្យា។ អ្នកស្រី បានបញ្ជាក់ថាសម្រាប់ឆ្នាំបន្ទាប់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ជាមួយក្រុមហ៊ុន Top planning Japan នឹងរួមគ្នាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទី កែច្នៃទៅប្រទេសជប៉ុន ឱ្យបានពី៤០០ ទៅ១០០០តោន។
ជាមួយគ្នានេះ អ្នកស្រី អ៊ិន ឡៃហួត បានចុះកិច្ចព្រមព្រៀងជាមួយកសិករ៧គ្រួសារ ដែលមានផ្ទៃដីចន្ទី ២០០ហិកតា នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧មេសា ឆ្នាំ២០២០ ក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្រស់ ឱ្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ សម្រាប់កែច្នៃឱ្យក្រុមហ៊ុនជប៉ុននោះ ខណៈដែលអ្នកស្រី ដើរប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ពីកសិករឯទៀត ចំនួនជិត៣០គ្រួសារ ដែលកំពុងដាំដុះស្វាយចន្ទី នៅលើផ្ទៃដីជាង៣០០ហិកតា។
បើតាមអ្នកស្រី ឡៃហួត កន្លងមកក្រុមហ៊ុន Top planning Japan ក៏បានជួយគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងសាងសង់ និងឧបករណ៍កែច្នៃចំនួន ដែលបំពេញដល់កែច្នៃគ្រាប់ស្វាយចន្ទី ក្នុងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ផងដែរ៕
Tag:
គ្រាប់ស្វាយចន្ទី
អ៊ិន ឡៃហួត
© រក្សាសិទ្ធិដោយ thmeythmey.com