COVID-19
អន្តរជាតិ
រុស្ស៊ី ជា​ប្រទេស​ទី​៩ មាន​ករណី​ឆ្លង COVID-19 ច្រើនជាង​ចិន​
27, Apr 2020 , 11:59 pm        
រូបភាព
រូបភាព៖ Anadolu Agency
រូបភាព៖ Anadolu Agency
​ចំនួន​ករណី​សរុប​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) របស់​រុស្ស៊ី បាន​កើន​លើស​ចិន​ហើយ បើ​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ខែមេសា​នេះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​រុស្ស៊ី​ឈរ​នៅ​លំដាប់​ទី​៩ ខណៈ​ចិន​ឈរ​នៅ​លំដាប់​ទី​១០ នៃ​ប្រទេស​មាន​ករណី​កូ​រ៉ូ​ណា​វីរុស​ច្រើន​។


​បើតាម​វេ​ប​សាយ Worldometer នា​ថ្ងៃទី​២៧ ខែមេសា​នេះ រុស្ស៊ី​បាន​រាយការណ៍​ពី​អ្នក​ឆ្លង COVID-19 ថ្មី ចំនួន ៦១៩៨​នាក់ និង​អ្នកស្លាប់​សរុប​ចំនួន ៤៧​ករណី​។ តួលេខ​C OVID-19 សរុប​មាន​ចំនួន ៨៧១៤៧​ករណី និង​អ្នកស្លាប់ ៧៩៤​ករណី​។ អត្រា​ដ៏​ច្រើនបែប​នេះហើយ បានធ្វើ​ឲ្យ​រុស្ស៊ី​មាន​ចំនួន​ករណី​សរុប​ច្រើនជាង​ចិន​រហូត​ជិត ៥​ពាន់​ករណី ដោយ​ចិន​មាន​ចំនួន ៨២៨៣០​ករណី​។ 
 
​បើ​គិត​ចាប់តាំងពី​ថ្ងៃទី​១៧ ខែមេសា​មក ក្នុង​មួយថ្ងៃៗ រុស្ស៊ី​មាន​ករណី​ឆ្លង​ថ្មី​យ៉ាងហោចណាស់ ៤​ពាន់​ករណី ខណៈ​ថ្ងៃ​ខ្លះ រុស្ស៊ី​មាន​ករណី​ឆ្លង​រហូតដល់​ជាង ៦​ពាន់​ករណី​ឯណោះ​។ ជាមួយនឹង​តួលេខ​ច្រើន​បែបនេះ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​រុស្ស៊ី​ព្រមាន​ថា រុស្ស៊ី​អាច​នឹងមាន​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 ច្រើន​ក្នុង​ខែឧសភា បើសិនជា​ពលរដ្ឋ​មិន​គោរព​វិធានការ​នៅពេល​បិទ​ប្រទេស ជាពិសេស​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​នា​ដើមខែ​ឧសភា​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី​Anna Popova ប្រធាន​ផ្នែក​ឃ្លាំមើល​សុខាភិបាល​រុស្ស៊ី បាន​លើកឡើងថា មកទល់ពេលនេះ រុស្ស៊ី​អាច​បញ្ចៀស​ការឆ្លង​យ៉ាងគំហុក​បាន ហើយ​រុស្ស៊ី​ក៏បាន​បញ្ចៀស​ការឆ្លង​ដ៏​ច្រើន​បែបនេះ នាពេលខាងមុខ​បានដែរ ប្រសិនបើ​ប្រជាជន​ចូលរួម​អនុវត្ត​វិធានការ​សុវត្ថិភាព ក្នុងអំឡុងពេល​ឈប់សម្រាក ដែល​គ្រោង​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែឧសភា​។ 
 
​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែឧសភា​នេះ គឺជា​ពេលវេលា​របស់​ប្រជាជន​រុស្ស៊ី​ឈប់សម្រាក​ពី​ការងារ ដំណើរ​កម្សាន្ត និង​ជួបជុំ​គ្រួសារ​ជាដើម​។ បើតាម​លោកស្រី Popova ពេល​ឈប់សម្រាក​នេះ គឺជា​ហានិភ័យ​ខ្ពស់បំផុត​សម្រាប់​រុស្ស៊ី ព្រោះ​វា​អាច​បង្ក​ឲ្យ COVID-19 រីកសាយ​ពេញ​ផ្ទៃ​ប្រទេស និង​កើនឡើង​ករណី​ឆ្លង​យ៉ាងគំហុក​។ លោកស្រី​ប្រធាន​ផ្នែក​ឃ្លាំមើល​សុខាភិបាល​រុស្ស៊ី បាន​ទទូច​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន ជាជាង​ធ្វើដំណើរ​ទៅ​កន្លែង​ផ្សេង​។​
 
​បន្ថែម​ពីលើ​នេះ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ក៏បាន​សម្រេច​លើក​ពេល​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី​៧៥​ឆ្នាំ នៃ​ជ័យជំនះ​របស់​សូ​វៀត​ក្នុង​សង្គ្រាមលោកលើកទី​២​ផងដែរ ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​៩ ខែឧសភា​ខាងមុខនេះ​៕ 

Tag:
 រុស្ស៊ី​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com