សិស្សរាប់ម៉ឺននាក់ បានផ្ដើមត្រលប់ចូលសាលារៀនវិញហើយក្នុងរដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ នៅថ្ងៃ២៧ ខែមេសា ក្រោយរដ្ឋាភិបាលបានសម្រេចបិទសាលារៀនរាប់ខែក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ការវិលចូលរៀនវិញរបស់សិស្សចិននេះ ធ្វើឡើងខណៈទីក្រុងសំខាន់ៗរបស់ចិន កំពុងវិលត្រលប់ទៅកាន់សភាពធម្មតាវិញ ជាបណ្ដើរៗហើយ។
សិស្សនៅក្រុងសៀងហៃ ដែលស្ថិតនៅឆ្នាំចុងក្រោយនៃថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ បានត្រលប់ចូលអង្គុយក្នុងបន្ទប់រៀនពួកគេវិញ ខណៈនៅប៉េកាំង មានតែសិស្សថ្នាក់វិទ្យាល័យឆ្នាំបញ្ចប់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យវិលចូលអគារសិក្សាវិញដើម្បីត្រៀមខ្លួនសម្រាប់ការប្រលងចូលសាកលវិទ្យាល័យ។
សិស្សចិនម្នាក់ ឈ្មោះថា Meng Xianghao បាននិយាយថា រូបគេបានបង្កើនការប្រុងប្រយ័ត្នទ្វេដងនៅថ្ងៃទី១របស់ខ្លួន នៅវិទ្យាល័យ Chengjinglun ក្រុងប៉េកាំង។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP ក្មេងប្រុសជំទង់រូបនេះ អះអាងថា៖«ខ្ញុំបានទិញម៉ាស់ ថង់សំរាម និងឧបករណ៍សម្លាប់មេរោគ»។
ចំណែក សិស្សវិទ្យាល័យអាយុ១៨ឆ្នាំម្នាក់ទៀត ឈ្មោះថា Hang Huan និយាយដូច្នេះថា៖«ខ្ញុំសប្បាយចិត្តពន់ពេក។ វាយូរណាស់ហើយចាប់តាំងពីខ្ញុំបានឃើញមិត្តរួមថ្នាក់ខ្ញុំ។ ខ្ញុំនឹកពួកគេណាស់»។ ដោយឡែក មុនពេលសិស្សអាចចូលសាលារៀនបាន ពួកគេត្រូវឆ្លងកាត់ការពិនិត្យកម្តៅ និងបាញ់សម្លាប់មេរោគ នៅច្រកចូលសាលាជាមុនសិន។
សិស្សនៅប៉េកាំងម្នាក់ឈ្មោះថា Xiao Shuhan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដែរថា ខ្លួនគិតថា ទម្រង់ខ្លះនៃគម្លាតសុវត្ថិភាព នឹងនៅតែបន្តអនុវត្តដដែល ទោះជាមិត្តរួមថ្នាក់ និងមិត្តជិតស្និទ្ធិខ្លួនជួបជុំគ្នាវិញក៏ដោយក្តី។ ត្រង់ចំណុចនេះ ក្មេងប្រុសវ័យជំទង់រូបនេះ លើកឡើងដូច្នេះថា៖«យើងនឹងលែងដាក់ដៃលើស្មាគ្នាទៅវិញទៅមកទៀតហើយ»។
ទោះបីជោគជ័យទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 មួយផ្នែគធំ ចិននៅតែមានកម្រិតប្រកាសអាសន្នខ្ពស់ ដោយកំណើនករណីឆ្លងនាំចូល និងរលកទី២នៃការចម្លងក្នុងស្រុកនៅភាគឦសាននៃប្រទេស។ យ៉ាងណាមិញ អាជ្ញាធរសុខាភិបាលចិន នាថ្ងៃទី២៦ ខែមេសា ប្រកាសថា
ទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះដំបូងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) លែងមានអ្នកជំងឺព្យាបាលនៅក្នុងមន្ទីរពេទ្យទៀតហើយ។
សូមបញ្ជាក់ថា វីដេអូមួយដែលចុះផ្សាយដោយសារព័ត៌មាន Beijing Daily របស់បក្សកម្មុយនីស្តចិន នៅថ្ងៃទី២៧ ខែមេសានេះ បង្ហាញថា សិស្សវិទ្យាល័យថ្នាក់បញ្ចប់ប្រមាណ ៤៩០០០នាក់ អង្គុយក្នុងបន្ទប់រៀន ហើយពាក់ម៉ាស់។ ក្នុងវីដេអូនេះ គ្រូបង្រៀនលើកឡើងពីសារសំខាន់នៃការយកជ័យជម្នះលើជំងឺរាតត្បាត COVID-19 ដោយមានរូបលោកប្រធានាធិបតីចិន ស៊ី ជិនភីង នៅមុខកញ្ចក់ទូរទស្សន៍៕