អ្នកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern នៅថ្ងៃទី២៧ ខែមេសា បានប្រកាសថា នូវែលសេឡង់ទទួលបានជោគជ័យយ៉ាងឱឡារិកប្រឆាំងការរីករាលដាល COVID-19 ខណៈប្រទេសនេះផ្ដើមចាកចេញតាមដំណាក់កាលពីការរឹតត្បិតការចល័តនៅទូទាំងប្រទេស។
«វាគ្មានទៀតឡើយការរីកសាយភាយធំធេង និងការចម្លងក្នុងសហគមន៍ដែលពុំរកឃើញ ក្នុងប្រទេសនូវែលសេឡង់»។ អ្នកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ប្រកាសនៅសន្និសីទព័ត៌មានបែបនេះ ដោយសង្កត់ធ្ងន់ថា៖«យើងបានយកឈ្នះសមរភូមិនេះហើយ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ក្រោយអនុវត្តការរឹតត្បិតកម្រិតទី៤ខ្ពស់បំផុត រយៈពេលជិត៤សប្ដាហ៍កន្លងមក ដោយមានតែសេវាកម្មចាំបាច់ប៉ុណ្ណោះនៅបន្តដំណើរការ នូវែលសេឡង់ នឹងទម្លាក់មកត្រឹមការរឹតត្បិតទី៣វិញ នាយប់ថ្ងៃទី២៧ ខែមេសានេះ។
មនុស្សប្រមាណ៤០ម៉ឺននាក់ នឹងត្រលប់ទៅបម្រើការងារពួកគេវិញ ខណៈហាងអាហារដែលទទួលតែការខ្ចប់ពីហាងទៅ និងសាលារៀន នឹងបើកឡើងវិញ។ ក៏ប៉ុន្តែភោជនីយដ្ឋាន និងហាងទំនិញ នឹងបន្តបិទទ្វារ ខណៈការរឹតត្បិតសង្គមមួយចំនួន បន្តរក្សាអនុវត្តដដែល។
ទោះជាបែបនេះក្តី នាយករដ្ឋមន្ត្រីវ័យ៣៩ឆ្នាំរូបនេះ ក៏បានព្រមានដែរថា វាគ្មានឡើយការច្បាស់លាស់ជុំវិញពេលវេលាដែលការចម្លងCOVID-10ទាំងអស់ អាចត្រូវបានលុបបំបាត់ចោល ដែលអនុញ្ញាតឲ្យពលរដ្ឋវិលត្រលប់ទៅកាន់ជីវិតធម្មតាវិញ។ ទាក់ទិននឹងបញ្ហានេះ អ្នកស្រី Ardern អះអាងថា អ្នកគ្រប់គ្នា ចង់វិលត្រលប់ទៅរកការជួបទាក់ទងគ្នា ក្នុងសង្គមដូចដើមវិញ ដែលមនុស្សរាល់គ្នានឹកនា ក៏ប៉ុន្តែដើម្បីអាចធ្វើបែបនេះ ដោយមានទំនុកចិត្ត រដ្ឋាភិបាលត្រូវដើរយឺតៗ និងប្រុងប្រយ័ត្នបំផុត។
«ខ្ញុំនឹងមិនយកសុខភាពពលរដ្ឋនូវែលសេឡង់មកប្រថុយប្រថាន ដើម្បីទាញប្រយោជន៍អ្វីឡើយ។ ដូច្នេះ ប្រសិនបើយើងត្រូវការរក្សានៅកម្រិតទី៣ យើងនឹងអនុវត្តវា»។ អ្នកស្រីនាយករដ្ឋមន្ត្រី Ardern សង្កត់ធ្ងន់បែបនេះ ដោយបន្ថែម៖«យើងត្រូវធានាថា យើងពុំអនុញ្ញាតឲ្យវីរុសនេះ គេចចេញពីយើងម្ដងទៀត ហើយបង្ករលកករណីឆ្លង និងស្លាប់ថ្មីទៀតឡើយ។ ដើម្បីយកឈ្នះ យើងត្រូវតាមប្រមាញ់ករណីដែលសេសសល់ចុងក្រោយ»។
សូមបញ្ជាក់ថា ពលរដ្ឋនូវែលសេឡង ៥លាននាក់ បានជាប់បម្រាមបិទប្រទេសដ៏តឹងរ៉ឺងបំផុតមួយ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសាកល COVID-19 ដែលបច្ចុប្បន្នសម្លាប់មនុស្សជាង២០ម៉ឺននាក់ និងឆ្លង៣លាននាក់ហើយ។ ការិយាល័យ សាលារៀន កន្លែងកម្សាន្តនានា និងភោជនីយដ្ឋាន រួមទាំងសេវាកម្មដឹកជញ្ជូន និងការវិចខ្ចប់អាហារពីហាងផង ត្រូវបានបិទទ្វារ ចាប់តាំងពីថ្ងៃទី២៦ ខែមីនាមកម្ល៉េះ។
កាលពីចុងសប្តាហ៍នេះ អាជីវកម្មជាច្រើនបានចាប់ផ្ដើមត្រៀមលក្ខណៈ ដើម្បីបើកប្រតិបត្តិការជាថ្មីក្នុងសប្តាហ៍នេះ ខណៈបន្តរក្សាចំណាត់ការគម្លាតសុវត្ថិភាព។ ទន្ទឹមនេះ អគារសភា និងតុលាការនៅជុំវិញប្រទេស ក៏នឹងបើកទ្វារឡើងវិញ ចាប់ពីថ្ងៃ២៨ ខែមេសាតទៅ។ បច្ចុប្បន្ន នូវែលសេឡង់ មានករណីឆ្លងសរុប ១៤៦៩ ករណី ក្នុងនោះ១១៨០នាក់ ជាសះស្បើយ ខណៈអ្នកស្លាប់មាន១៩នាក់៕