ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិ ដែលធ្លាប់តែជាកន្លែងមានមនុស្សអ៊ូអរមកហាត់ប្រាណ បានប្រែក្លាយទៅជាមានសភាពស្ងប់ស្ងាត់ក្នុងមួយរយៈចុងក្រោយនេះ។ ការស្ងប់ស្ងាត់នេះ គឺបន្ទាប់ពីក្រសួងអប់រំ យុវជននិងកីឡាបានដាក់ចេញនូវវិធានហាមឃាត់មិនឲ្យមានការជួបជុំលើសពី១០នាក់ ឬរៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងតំបន់នេះ ដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩។
ពហុកីឡដ្ឋានជាតិ ដែលធ្លាប់តែជាកន្លែងមានសំឡេងធុងបាស់កងរំពង នៅពេលរសៀលនិងល្ងាច និងមានកីឡាករកីឡាការិនី និងប្រជាពលរដ្ឋហ្វឹកហាត់ និងហាត់ប្រាណយ៉ាងមមាញឺក បានប្រែទៅជាមានសភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតា។ ការណ៍នេះ បានធ្វើឲ្យដងផ្លូវបេតុងមានដើមឈើអមសងខាង ក្នុងពហុកីឡដ្ឋានជាតិ ដែលធ្លាប់គ្របដណ្តប់ដោយហ្វូងមនុស្ស មានសភាពស្រឡះ តែសម្បូរដោយរថយន្ត ដែលអ្នកធ្វើការក្បែរៗនោះបានផ្ញើ។
ការផ្លាស់ប្តូរសភាពការណ៍ក្នុងពហុកីឡដ្ឋានជាតិនេះ គឺបន្ទាប់ពីមានបម្រាមរបស់ក្រសួងអប់រំ ដោយហាមមិនឲ្យមានការជួបជុំលើសពី១០នាក់ ជាពិសេសការហាត់ប្រាណលក្ខណៈជួបជុំនៅទីសាធារណៈ និងឯកជននានា ក៏ដូចជាហាមមិនមានការរៀបចំព្រឹត្តិការណ៍កីឡាជាដើម។ អ្វីដែលសំខាន់ទៀតនោះ គឺក្រសួងបានសម្រេចរំសាយការប្រមូលផ្តុំហ្វឹកហាត់ ក្រុមជម្រើសជាតិថ្នាល៣២ ប្រភេទកីឡា ទាំងនៅពហុកីឡដ្ឋានជាតិ និងមរតកតេជោ។
លើសពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់នូវវិធានការមួយចំនួនទៀត ដូចជាបិទសាលារៀន និងគ្រឹះស្ថានសិក្សានានាគ្រប់កម្រិត, បិទខារ៉ាអូខេ, បៀរហ្គាឌិន, កន្លែងម៉ាស្សា ស្ប៉ា, កន្លែងកម្សាន្តនានា, ហាមមិនឲ្យមានការជួបជុំបែបសាសនាផ្សេងៗ និងបិទកាស៊ីណូជាដើម។
ទោះបីបច្ចុប្បន្ន ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា មានធូរស្បើយយ៉ាងណាក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដកចេញបម្រាមណាមួយ ក្នុងចំណោមបម្រាមទាំងអស់ខាងលើឡើយ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំកម្ពុជា បន្តជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាបង្កើនការប្រុងប្រយ័ត្នថែមទៀត តាមរយៈរក្សាអនាម័យខ្លួនប្រាណឲ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក៏បានបន្តជំរុញឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នផងដែរ។ ដ្បិតលោក អះអាងថា ទោះបីការរាតត្បាតនៃជំងឹកូវីដ-១៩នៅកម្ពុជាមានភាពធូរស្បើយ តែមិនប្រាកដថា អត់មានជំងឺនេះ១០០ភាគរយនោះទេ។
គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែ៣នាក់ទៀតប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាល បន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសពីការជាស្បើយប្តីប្រពន្ធជនជាតិបារាំង នៅទួលទំពូង។ ចំនួននេះ បានធ្វើឲ្យចំនួនអ្នកជាសរុបនៅកម្ពុជា កើនឡើងដល់១១៩នាក់ ខណៈកម្ពុជាមានអ្នកផ្ទុកជំងឺតែ១២២នាក់ប៉ុណ្ណោះ៕