COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​អ្នក​ប្រដាល់ Mike Tyson ចង់​ដាក់ឈ្មោះ​ក្រុមហ៊ុន​កញ្ឆា​ខ្លួន​លើ​កីឡដ្ឋាន​របស់ Barcelona
28, Apr 2020 , 8:59 am        
រូបភាព
Mike Tyson អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ និង​ដៃគូ​ជំនួញ​លោក Alki David ចង់​ដាក់ឈ្មោះ​ក្រុមហ៊ុន​ផលិត​កញ្ឆា​ខ្លួន​លើ​កីឡដ្ឋាន​របស់ Barcelona សព្វថ្ងៃ​។ សប្តាហ៍​មុន​ក្លិប Barca ប្រកាស​រក​អ្នក​ឧបត្ថម្ភ​ដាក់ឈ្មោះ​កីឡដ្ឋាន​ថ្មី​ជំនួស​ឲ្យ​ឈ្មោះ Camp Nou ដើម្បី​យកប្រាក់​ជួយ​ប្រឆាំង​ជំងឺ COVID-19​។​


​កីឡដ្ឋាន​របស់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ ដែល​សព្វថ្ងៃ​មានឈ្មោះ​ថា Camp Nou មិន​ធ្លាប់មាន​ប្រវត្តិ​ប្តូរ​ឈ្មោះ​ផ្សេង​ពីនេះ​ឡើយ ចាប់តាំងពី​បើក​ដំណើរការ​​នៅ​ឆ្នាំ១៩៥៧ មក​។​
 
​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២១ ខែមេសា ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ​បានប្រកាស​ពី​ការផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ឧបត្ថម្ភ​ លើ​ការដាក់​ឈ្មោះ​កីឡដ្ឋាន​របស់ខ្លួន​ជា​លើកដំបូង ដោយ​ប្រាក់ចំណូល​ដែល​ទទួលបាន​ពីនេះ នឹង​បរិច្ចាគ​ទាំងអស់​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង COVID-19​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់ BBC អតីត​ម្ចាស់​ជើងឯក​ប្រដាល់សកល​ទម្ងន់​ធ្ងន់ Mike Tyson ដែល​សព្វថ្ងៃ​មាន​វ័យ​៥៣​ឆ្នាំ សង្ឃឹមថា យីហោ​ក្រុមហ៊ុន​ផលិត​កញ្ឆា​សម្រាប់​ថ្នាំពេទ្យ​របស់ខ្លួន​ជាមួយ​ដៃគូ Alki David នឹង​ទទួលបាន​សិទ្ធិ​ដាក់ឈ្មោះ​លើ​កីឡដ្ឋាន​របស់​ក្លិប Barca នេះ​។​


 
​ដៃគូ​ជំនួញ​របស់ Tyson លោក Alki David បាន​ប្រាប់ BBC Sport ថា​៖«​នេះ​ជា​កីឡាដ្ឋាន​មួយ​ដ៏​អស្ចារ្យ នេះ​ជា​អ្វីដែល​យើង​កំពុង​ស្វែងរក​ ជាពិសេស​សម្រាប់​ក្រុមហ៊ុន​របស់​យើង ហើយ​នេះ​ជា​គំនិត​ដ៏​អស្ចារ្យ​មួយ​»​។​
 
​លោក​សេដ្ឋី David សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​ ដែលជា​ម្ចាស់​រោងចក្រ​ផលិត​ដប Coca-Cola នៅ​២៨​ប្រទេស​ផង​នោះ ចង់​ទទួលបាន​សិទ្ធិ​ដាក់ឈ្មោះ​កីឡាដ្ឋាន​នេះ​ថា Swissx ឬ Swissx Nou Camp បន្ទាប់ពី​ក្រុមហ៊ុន​លោក​ជាមួយនឹង Tyson នេះ​ បានផ្តល់​ផលិតផល​ថ្នាំ​រុក្ខជាតិ​ដែលមាន​ស្លាក​យីហោ Swissx ក្នុងប្រទេស​ស្វ៊ី​ស​។​
 
​ម្ចាស់​ជើងឯក​លី​គ​កីឡាបាល់ទាត់​កំពូល​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​មុន ប្រកាស់​ផ្តល់​សិទ្ធិ​ដាក់ឈ្មោះ ​ទៅ​ឲ្យ​អ្នក​ឧបត្ថម្ភ​ចាប់ពី​រដូវ​កាល ២០២០-២១ តទៅ ដោយ​ប្រាក់​ដែល​ទទួលបាន​ត្រូវ​បញ្ជូនទៅ​មូលនិធិ Barca ដើម្បី​ជួយ​ដល់​យុទ្ធនា​ការប្រឆាំង​ជំងឺឆ្លង COVID-19​។​
 
​យ៉ាងណាក៏ដោយ ថ្លៃ​ឧបត្ថម្ភ​លើ​ឈ្មោះ​កីឡដ្ឋាន​របស់ Barca នេះ​មិនទាន់ដឹងថាមាន​តម្លៃ​ប៉ុន្មាន​នោះទេ​។ Manchester City ទទួលបាន​ជាង​២២​លាន​ដុល្លារ​អាមេរិក​ លើ​ការប្រើ​ឈ្មោះ​កីឡដ្ឋាន Etihad រីឯ Tottenhma Hotspur ទទួលបាន​៣១​លាន​ដុល្លារ​៕


លោក Alki David (ឆ្វេង) និង Mike Tyson

Tag:
 Mike Tyson
  Alki David
  Barcelona
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com