COVID-19
អន្តរជាតិ
ទូត​ចិន ព្រមាន​អូស្ត្រាលី​ចំពោះ​ការទាមទារ​ស៊ើបអង្កេត​លើ​ជំងឺ COVID-19
28, Apr 2020 , 9:39 am        
រូបភាព
លោកCheng Jingye ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្ត្រាលី-AP
លោកCheng Jingye ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្ត្រាលី-AP
ដោយ:
​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី​បាន​ព្រមាន​ថា ការទាមទារ​ឲ្យមានការ​ស៊ើបអង្កេត​ ទៅលើ​ការឆ្លង​នៃ​ជំងឺ​រាតត្បាត​សកល​COVID-19 អាច​នាំ​ឲ្យ​មាន​ពហិការ​លើ​ទំនិញ ​ដូចជា​ស្រា ឬ​ធ្វើដំណើរ​កម្សាន្ត​ទៅ​អូស្ត្រាលី ពី​សំណាក់​ប្រជាជន​ចិន​។

 
​ការព្រមាន​របស់លោក Cheng Jingye អគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​កង់​បេ​រ៉ា ធ្វើឡើងបន្ទាប់ពី​អូស្ត្រាលី ​សម្រេច​រួម​ដៃ​ជាមួយ​អាមេរិក ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ COVID-19 ដែល​ឆ្លង​ដំបូង​នៅ​ចិន តែ​ក៏​ក្លាយជា​ជំងឺ​រាតត្បាត​សកល ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​២​សែន​នាក់ និង​ខាតបង់​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ​។​
 
​ក្នុង​កម្មវិធី​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Australian Financial Review នៅ​ថ្ងៃទី​២៦ ខែមេសា លោក Cheng បាន​ព្រមាន​ថា ការទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ ​ទៅលើ​ប្រភពដើម​នៃ​ការផ្ទុះ​ជំងឺ គឺជា​រឿង​គ្រោះថ្នាក់​។ លោក​លើកឡើងថា​៖ «​សាធារណជន​ចិន ​មានការ​ខកចិត្ត ភ្ញាក់ផ្អើល និង​អន់ចិត្ត ចំពោះ​អ្វីដែល​អូស្ត្រាលី​កំពុង​ធ្វើ​»​។ 
 
​បើតាម​លោក Cheng បើសិនជា​ប្រជាជន​ចិន​ មាន​អារម្មណ៍​អាក្រក់​បន្ថែម​ពីនេះ ពួកគេ​នឹង​គិតថា ហេតុអ្វី​គេ​ត្រូវ​ទៅធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ ដែល​មិន​រាក់ទាក់​ប្រជាជន​ចិន ហើយ​អ្នកទេសចរ​ចិន​ ប្រហែលជា​នឹង​គិត​សារជាថ្មី​។ លោក​ក៏​អះអាងថា​៖« វា​អាស្រ័យទៅលើ​ប្រជាជន​ចិន​ ជា​អ្នកសម្រេចចិត្ត ប្រហែលជា​ប្រជាជន​សាម​ញ្ញ​ នឹង​គិតថា​ហេតុអ្វី​យើង​ត្រូវ​ផឹកស្រា ឬ​ញាំ​សាច់គោ​អូស្ត្រាលី​។​»
 
​ជាមួយគ្នានេះ លោក​ឯកអគ្គរដ្ឋទូត​ចិន បាន​ព្រមាន​ពី​លំហូរ​របស់​និស្សិត​ចិន មក​រៀន​នៅ​សាកលវិទ្យាល័យ​អូ​ស្រា្ត​លី​ផងដែរ​។ នៅ​អូស្ត្រាលី​ ចំណូល​ដែល​បាន​ពី​និស្សិត​បរទេស ​កំពុង​រង​ការ​គម្រាមកំហែង ដោយសារ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​។ ត្រង់នេះ មន្ត្រីការទូត​ចិន​រូបនេះ​បន្តថា ឪពុកម្តាយ​សិស្ស អាច​នឹង​គិតថា អូស្ត្រាលី​ជា​កន្លែង​ដែល​គ្មាន​ភាព​រាក់ទាក់ និង​មាន​អរិភាព ហើយនឹង​សួរថា​តើ​អូស្ត្រាលី​ សក្ត​សមជា​កន្លែង​ល្អ​បំផុត ​ក្នុង​ការបញ្ជូន​កូន​មកកាន់​ទីនេះ​ទេ​។ 
 
​ការធ្វើ​អធិប្បាយ​របស់​ឯកអគ្គ​រដ្ឋទូត​ចិន​បែបនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​កើនឡើង ​នូវ​ភាព​តានតឹង​រវាង​ចិន និង​អូស្ត្រាលី ខណៈពេលដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ មាន​បញ្ហា​ស្រាប់​ផងនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com