COVID-19
អន្តរជាតិ
ជាង​៧០០​នាក់​ស្លាប់​ដោយសារ​ផឹក​អាល់កុល​នៅ​អ៊ីរ៉ង់ ព្រោះ​គិតថា​អាច​ព្យាបាល COVID-19
28, Apr 2020 , 10:43 am        
រូបភាព
ដោយ:
​មនុស្ស​ជាង​៧០០​នាក់ នៅ​អ៊ីរ៉ង់​បាន​ស្លាប់​ដោយសារតែ​ផឹក​អាល់កុល​មេ​តា​ណុល​ដែលមាន​ជាតិពុល ដោយ​ច្រឡំ​ថា​អាច​នឹង​ព្យាបាល​ជំងឺ COVID-19 ។ ករណីបែបនេះ បាន​ហក់​ឡើង​ខ្លាំង ខណៈដែល​ការឆ្លង COVID-19 ក្នុងប្រទេស​នេះ មាន​អត្រា​យ៉ាងខ្ពស់​។

 
​អាជ្ញាធរ​កោសល្យវិច័យ​អ៊ីរ៉ង បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៧ ខែមេសា អ្នក​ដែល​ស្លាប់​ដោយសារ​ពុល​អាល់កុល ​មាន​ចំនួន​៧២៩​នាក់ ដែល​កាលពី​ឆ្នាំមុន​មាន​ត្រឹមតែ​៦៦​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​ដោយសារ​ព័ត៌មាន Aljazeera​។  
 
​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល ចំនួន​អ្នកស្លាប់​ដោយសារ​ពុល​អាល់កុល​នៅ​អ៊ីរ៉ង់ បាន​កើនឡើង​ចំនួន​១០​ដង ប្រៀបធៀប​កាលពី​ឆ្នាំមុន​។ លោក​Kianoush Jahanpour អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ និយាយថា មាន​មនុស្ស​៥,០០១​នាក់​ ពុល​អាល់កុល​មេ​តា​ណុល និង​មនុស្ស​៩០​នាក់​បន្ថែមទៀត ​បាត់បង់​ការមើលឃើញ ឬខូច​ភ្នែក​ ដោយសារតែ​ការពុល​អាល់កុល​ប្រភេទ​នេះ​។​
 
​មេ​តា​ណុល ជា​អាល់កុល​មួយបែប​ដែល​គ្មាន​ពណ៌ និង​រសជាតិ ប៉ុន្តែ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សរីរាង្គ និង​ខូច​ខួរក្បាល​នៅពេល​ផឹក​ចូលក្នុង​ខ្លួន​។ អាកា​រអាចមាន ឈឺទ្រូង ចង្អោរ ដកដង្ហើម​ញាប់ ខ្វាក់ និង​សន្លប់​ជាដើម​។​
 
​នៅ​អ៊ីរ៉ង រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​អ្នក​ផលិត​អាល់កុល​មេ​តា​ណុល ​ដាក់​បន្ថែម​ពណ៌សិប្បនិម្មិត ដើម្បី​កុំ​ឲ្យ​សាធារណជន ​ច្រឡំ​ជាមួយ​អេតាណុល​។ អេតាណុល ជា​អាល់កុល​មួយ​ប្រភេទ​ ដែល​គេ​ប្រើ​សម្រាប់​លាង​របួស​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា អ៊ីរ៉ង់​ជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ ដោយសារ​ការផ្ទុះ​ជំងឺ COVID-19​ នៅ​មជ្ឈិម​បូ​ព៌ា ដោយមាន​អ្នក​ឆ្លង​ចំនួន​៩១,៤៧២​នាក់ និង​ស្លាប់​ចំនួន​៥,៨០៦​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com