COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA បញ្ចេញលុយ២៥៦លានដុល្លារជួយសមាជិកដោះទ័ល
× សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) បានបញ្ចេញទឹកប្រាក់ចំនួន ២៣៦.៥ លានអឺរ៉ូ (២៥៦ លានដុល្លារអាមេរិក) ទៅកាន់សមាជិកសហព័ន្ធកីឡាបាលទាត់របស់ខ្លួនចំនួន ៥៥ ដែលត្រូវការលុយដោះស្រាយវិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។
UEFA នឹងផ្តល់ឲ្យសហព័ន្ធនីមួយៗចំនួន ៤,៣ លានអឺរ៉ូ (៤,៦៦លានដុល្លារអាមេរិក) ដោយប្រាក់នេះបានកំណត់សម្រាប់សហព័ន្ធដែលស្ថិតក្នុងតំបន់គោលដៅអភិវឌ្ឍន៍ និងកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដោយសារការផ្ទុះឡើងនៃជំងឺសកលនេះ។
បើតាមការផ្សាយលើវេបសាយផ្លូវការរបស់
UEFA លោក Aleksander Ceferin ប្រធាន UEFA បានលើកឡើងថា៖« ស្ថានប័នគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ចង់ជួយសមាជិកខ្លួនក្នុងការឆ្លើយតបតាមវិធីសមស្រប ទៅនឹងកាលៈទេសៈដ៏លំបាកនេះ។ យើងបានព្រមព្រៀងថាប្រាក់ ៤,៦៦ លានដុល្លារអាមេរិក សម្រាប់សហព័ន្ធនីមួយៗ ដើម្បីយកទៅចំណាយសម្រាប់រដូវកាលនេះ និងរដូវកាលក្រោយ ដើម្បីកសាងសហព័ន្ធកីឡាបាល់ទាត់ឡើងវិញ»។
មុនការចំណាយប្រាក់ជាង ២០០លានដុល្លារនេះ UEFA បានបញ្ចេញប្រាក់សំណងជិត ៧០លានអឺរ៉ូ (៧៥ លានដុល្លារអាមេរិក) រួចមកហើយដល់ក្លិបនានា ដែលមានមូលដ្ឋាននៅអឺរ៉ុបមុនពេលកំណត់ ដើម្បីជួយដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ អំឡុងពេលផ្អាកការប្រកួត ដោយសារការរីករាលដាលនៃជំងឺ COVID-19។
ស្របពេលគ្នានេះដែរ UEFA កំពុងពិចារណាលើលទ្ធភាពចំនួនពីរ សម្រាប់ការបន្តការប្រកួត Champions League និង Europa League ឡើងវិញនៅខែសីហា។ រីឯដំណើរការការប្រកួតលីគក្នុងស្រុក សម្រាប់លីគនៅអឺរ៉ុបមួយចំនួន ក៏កំពុងពិភាក្សាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com