COVID-19
អន្តរជាតិ
COVID-19 នៅ​អាមេរិក មាន​ជាង ១​លាន​ករណី ខណៈ​លោក ត្រាំ រុញ​កំហុស​ឲ្យ​ចិន​
28, Apr 2020 , 11:59 am        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
​គិត​មក​ត្រឹម​ពេលនេះ អាមេរិក មាន​ករណី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) សរុប​ចំនួន​ជាង​១​លាន​ករណី​ហើយ​។ អត្រា​មួយ​នេះ គឺមាន​ចំនួន​ច្រើនជាង អេ​ស្ប៉ា​ញ ដែល​ឈរ​នៅ​លំដាប់​ទី​២ រហូតដល់​ទៅ ៤​ដង​។ លោក ដូ​ណា​ល់ ត្រាំ បាន​រុញ​ការទទួលខុសត្រូវ​នេះ​លើ​ចិន​។​


 
​តួលេខ ១០១០៣៥៦​ករណី គឺជា​ចំនួន​ករណី​សរុប​របស់​អាមេរិក បើ​គិត​មក​ត្រឹម​ថ្ងៃទី​២៧ ខែមេសា​។ ក្នុង​ចំនួន​ជាង ១​លាន​ករណីនេះ មាន​ករណី​ស្លាប់​ចំនួន ៥៦៧៩៧​ករណី និង​ជាសះស្បើយ​មាន​ចំនួន ១៣៨៩៩០ ករណី​។ បើតាម​ការចុះផ្សាយ​រប​ស់​វេ​ប​សាយ Worldometer ញូវយ៉ក គឺជា​រដ្ឋ​ដែលមាន​ករណី COVID-19 ច្រើនជាងគេ រហូតដល់​ជិត ៣០​ម៉ឺន​ករណី ខណៈ​រដ្ឋ New Jersey ឈរ​នៅ​លំដាប់​បន្ទាប់​មាន​ចំនួន​ជាង ១១​ម៉ឺន​ករណី​។ 
 
​យ៉ាងណាក៏ដោយ តួលេខ​អ្នក​ផ្ទុក COVID-19 នៅ​អាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ធ្លាក់ចុះ​បន្តិច ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ​។ នៅក្នុង​ថ្ងៃទី​២៦ និង​ទី​២៧ ខែមេសា អាមេរិក​មាន​ករណី​ឆ្លង​១​ថ្ងៃៗ ចំនួន​ជាង​២​ម៉ឺន​ករណី​តែប៉ុណ្ណោះ ខណៈ​ប៉ុន្មាន​ថ្ងៃមុន​អាមេរិក មាន​ករណី​ឆ្លង​រហូតដល់​ជាង ៣​ម៉ឺន​ករណី​ក្នុង ១​ថ្ងៃៗ​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នា​ថ្ងៃទី​២៧ ខែមេសា បាន​លើកឡើងថា ចិន គួរតែ​អាច​បញ្ឈប់​កូ​រ៉ូ​ណាវី​រុស មុន​ពេល​វីរុស​ប្រភេទ​នេះ រីក​សាយភាយ​ទៅកាន់​ពិភពលោក​។ ដោយមាន​ការសង្ស័យ​លើ​ដើមកំណើត​ COVID-19 នេះ លោក ត្រាំ បាន​បន្តថា អាមេរិក កំពុងតែ​បើក​ការស៊ើបអង្កេត​ដ៏​ត្រឹមត្រូវ​ ជុំវិញ​បញ្ហា​កូ​រ៉ូ​ណា​វីរុស​នេះ​។ 
 
​បើតាម​ការអះអាង​រប​ស់​ប្រធានាធិបតី​រូបនេះ ចិន​មាន​វិធី​ជាច្រើន​ណាស់ ក្នុងការ​ទប់ស្កាត់ COVID-19 ទៅកាន់​ពិភពលោក ប៉ុន្តែ​ចិន​មិន​ចាត់វិធានការ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជាមួយគ្នានេះ លោក​ត្រាំ ក៏​ចង់​ទាមទារ​សំណង​ពី​ចិន​ផងដែរ ជុំវិញ​ការ​រាតត្បាត COVID-19 មក​ក្នុងប្រទេស​ខ្លួន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ប្រធានាធិបតី​អាមេរិក បាន​លើកឡើងថា អាមេរិក កំពុងតែ​សិក្សា​លើ​បញ្ហា​នេះ ហើយ​អាមេរិក ​ក៏​មិនទាន់​សម្រេច​ចំនួន​ទឹកប្រាក់ ដែល​ទាមទារ​ឲ្យ​ចិន​សង​មក​អាមេរិក​ដែរ​៕

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com