COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លី​គ​បាល់ទាត់​អា​ហ្ស​ង់​ទីន សម្រេច​មិនមាន​ការ​កាត់​ក្រុម​ណាមួយ​ចេញ​សម្រាប់​ពីរ​រដូវ​កាល​
28, Apr 2020 , 3:22 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន (AFA) នៅ​ថ្ងៃទី​២៧ ខែមេសា បានប្រកាសថា​នឹងមិន​មានការ​កាត់ចោល​ក្រុម ​ចំនួន​ពីរ​រដូវ​កាល​ សម្រាប់​ការប្រកួត​លី​គ​ក្នុងស្រុក គិត​ចាប់ពី​រដូវ​កាល​នេះ​តទៅ​។ ការសម្រេច​នេះ ធ្វើ​ឡើង​ដោយសារតែ​មានការ​រំខាន​ខ្លាំង ​ពី​ជំងឺ​រាតត្បាត COVID-19 លើ​កម្មវិធី​កីឡាបាលទាត់​របស់ AFA​។​


 
​លោក Claudio Tapia ប្រធាន AFA បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ថា ​សហព័ន្ធ​កំពុង​បញ្ចប់​ការប្រកួត​លី​គ​ ដែល​នៅ​សេសសល់​រដូវ​កាល​នេះ ហើយ​ការសម្រេច​មិន​កាត់​ក្រុម​ពី​លី​គ​កំពូល​ទៅ​លី​គ​បន្ទាប់ ​នឹងត្រូវ​អនុម័ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ ខែមេសា​នេះ​តែម្តង​។​
  
លោក  Claudio Tapia ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន

​បើតាម​របាយការណ៍រ​បស់​វេ​ប​សាយ World Meters អា​ហ្ស​ង់​ទីន​ មាន​ករណី​ឆ្លង​ជំងឺ COVID-19 លើស​៤០០០​នាក់​ហើយ ក្នុងនោះ​ស្លាប់​ជិត​២០០​នាក់ និង​សះស្បើយ​ជាង​១០០០​នាក់ គិត​ត្រឹម​ថ្ងៃទី​២៨ ខែមេសា​នេះ​។​
 
​ដោយសារ​ការរីក​រាល​ដាល់​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវីរុស​ប្រភេទ​ថ្មី កាល​សប្តាហ៍​មុន​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​ លោក Alberto Fernandez បាន​ពង្រីក​ការ​រឹត​ត្បឹ​ត​បន្ថែម ​លើ​កាលកំណត់​របស់ខ្លួន​ទូទាំងប្រទេស​ រហូតដល់​ថ្ងៃទី​១០ ខែឧសភា​។​
 
​ជុំវិញ​ការប្រកួតប្រជែង​ដោយ​មិន​មានការ​កាត់ចោល​ក្រុម លោក Tapia បាន​បន្ថែមថា ​សម្រាប់​ក្រុម​ដែល​ត្រូវ​ឡើងមក​វិញ (Promotion) នឹង​បន្តដំណើរ​ការធម្មតា ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា ​លី​គ​កម្រិតណា​នោះទេ​។​
 
​ការសម្រេច​ខាងលើនេះ មានន័យថា​ការប្រកួត​លី​គ​កំពូល​អា​ហ្ស​ង់​ទីន Copa Superliga ដែលមាន​២៤​ក្រុម​ចូលរួម ​ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ នៅ​ខែឧសភា​ ត្រូវបាន​លុបចោល​តែម្តង​។ ដូច្នេះ មានតែ​ការប្រកួត​មួយ​ជុំ​ប៉ុណ្ណោះ ​ដែល​នឹង​កើតឡើង​នៅពេល​ការប្រកួត​ចាប់ផ្តើម​ឡើងវិញ ​បន្ទាប់ពី​ការផ្អាក​។​
 
​ការសម្រេច​មិន​កាត់ចោល​ក្រុម​នេះ ក៏​ទទួល​បានការ​សារ​ទរ​ពី​ក្រុម​បាត​តារាង​ជំ​នួន​៣ ដោយ​ក្នុងនោះ​មាន​ក្រុម Gimnasia ដែល​ដឹកនាំ​ដោយ​លោក Diego Maradona ផងដែរ​។ លោក Maradona ឡើង​ដឹកនាំ​ក្រុម Gimnasia កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​បច្ចុប្បន្ន​ក្រុម​នេះ ​មាន​ពិន្ទុ​ដែល​ត្រូវ​ប្រឈម​ការ​កាត់ចោល​ទៅ​លី​គ​ទី​ពីរ​៕



Tag:
 AFA
  COVID-19
  Claudio Tapia
© រក្សាសិទ្ធិដោយ thmeythmey.com