COVID-19
អន្តរជាតិ
ប្រមុខ WHO៖ ជំងឺ COVID-19 នៅលើ​ផ្លូវ​វែងឆ្ងាយ​ណាស់ មុន​ដល់ទី​បញ្ចប់
28, Apr 2020 , 7:29 pm        
រូបភាព
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus - AFP
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus - AFP
ដោយ:
​ជំងឺ​រាតត្បាត​សាកល  គឺ​នៅលើ​ផ្លូវ​វែងឆ្ងាយ​ណាស់ មុននឹង​ដល់ទី​បញ្ចប់​។ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​​(WHO) លើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៧ ខែមេសា ដោយ​បង្ហាញ​ការព្រួយបារម្ភ​ថា COVID-19 ក៏​កំពុង​បង្អាក់​ដំណើរការ​សេវាកម្ម​សុខភាព​ធម្មតា​ទូទៅ ជាពិសេសការផ្ដល់​ប្រព័ន្ធ​ភាពស៊ាំ​ ដែល​អាចជួយ​ជីវិត​ជូន​ដល់​កុមារ​ក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​។

 
«​យើង​មាន​ផ្លូវ​វែងឆ្ងាយ​ណាស់​នៅ​ពីមុខ​យើង ហើយ​ក៏មាន​ការងារ​ច្រើន​សម្រាប់ធ្វើ​ផងដែរ​»​។ អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus ប្រាប់​សន្និសីទ​ព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដោយ​បន្ថែមថា រលក​នៃ​ការឆ្លង​លើក​ទី​២ អាច​បង្ការ​ទៅបាន​ជាមួយ​ការដាក់ចេញ​សកម្មភាព​ដ៏​ត្រឹមត្រូវ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អង្គការ​សុខភាព​ពិភពលោក ព្រួយបារម្ភ​ជុំវិញ​កំណើន ​នៃ​តួលេខ​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ COVID-19 ក្នុង​តំបន់​អាហ្វ្រិក អឺរ៉ុប​ខាងកើត អាមេរិក​ឡាទីន និង​បណ្ដា​ប្រទេស​អាស៊ី​ខ្លះ ទោះបីជា​តួលេខ​ធ្លាក់ចុះ ​ក្នុង​បណ្ដា​ប្រជាជាតិ​អ្នកមាន​មួយចំនួន​ខ្លះ​ក៏ដោយ​ក្តី​។  
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក​អគ្គនាយក Tedros បង្ហាញ​ក្តីកង្វល់​ថា សុខភាព​កុមារ កំពុង​រង​ការគំរាមកំហែង​ដោយសារ​ឥទ្ធិពល​ នៃ​ភាពអាសន្ន COVID-19 លើ​កម្មវិធី​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​ជំងឺ​ដទៃ​។ ត្រង់ចំណុច​នេះ លោក​អះអាង​ដូច្នេះ​ថា​៖«​កុមារ​ប្រហែល​ប្រឈម​ហានិភ័យ​ទាប​សម្រាប់​ភាព​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ COVID-19 ដែលជា​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី​។ ក៏ប៉ុន្តែ​[​ពួកគេ​] ​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ ចំពោះ​ជំងឺ​ដទៃទៀត ដែល​អាច​បង្ការ​ទៅបាន​ដោយ​ប្រើ​វ៉ាក់សាំង​»​។​
 
​មនុស្ស​ប្រមាណ​១៣​លាន​នាក់ រង​ផលប៉ះពាល់​នៅ​ទូទាំង​ពិភពលោក​ ដោយសារ​ភាព​យឺតយ៉ាវ​ ក្នុងការ​ផ្ដល់​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ជំងឺ ដូចជា ជំងឺ​ខួរឆ្អឹងខ្នង ជំងឺ​កញ្ជ្រឹល ជំងឺ​អាសន្នរោគ ជំងឺ​គ្រុន​លឿង និង​ជំងឺរលាកស្រោមខួរ​ក្បាលជាដើម​។  លោក Tedros លើកឡើង​បែបនេះ ដោយ​បន្ថែមថា កង្វះខាត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ដទៃ ត្រូវ​រាយការណ៍​ថា​កើតមាន​ក្នុង​បណ្ដា​ប្រទេស​ចំនួន​២១ ដោយហេតុតែ ការ​រឹតត្បិត​ច្រកព្រំដែន និង​ការរំខាន​ចរាចរណ៍​ផ្លូវអាកាស​។​
 
​លើសពីនោះ លោក Tedros ព្រមាន​ទៀតថា តួលេខ​ករណី​គ្រុនចាញ់ ក្នុង​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក អាច​ស្ទុះ​ឡើង​ទ្វេដង​។ ។ យ៉ាងណាមិញ លោក​សង្កត់ធ្ងន់ថា​៖«​រឿងនេះ​ពុំ​ត្រូវ​កើតឡើង​នោះឡើយ​។ យើង​កំពុងធ្វើការ​ជាមួយ​បណ្ដា​ប្រទេស​នានា ​ដើម្បី​គាំទ្រ​ពួកគេ​»​។ 
 
​សូមបញ្ជាក់ថា ជំងឺ​COVID-19 ដែល​រកឃើញ​លើកដំបូង​កាលពី​ចុងឆ្នាំ​២០១៩ ក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន បាន​ឆ្លង​មនុស្ស​នៅ​ទូទាំង​ពិភពលោក ​សរុប​ជាង​៣​លាន​នាក់​ហើយ និង​ឆក់យក​ជីវិត​មនុស្ស​ជាង​២០​ម៉ឺន​៕ 

Tag:
 WHO
  COVID-19
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com