COVID-19
កីឡាជាតិ
ជាតិ
កីឡា​ពីរ​ប្រភេទ​គ្រោង​ប្រមូលផ្តុំ​ក្រុម​ថ្នាល​ឡើងវិញ ក្រោយ​កូ​វីដ​-១៩​មាន​ភាព​ធូរស្បើយ​
28, Apr 2020 , 8:29 pm        
រូបភាព
ដោយ:
​កីឡា​ចំបាប់ និង​កាយសម្ព័ន្ធ គ្រោង​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ពួកគេ​ហ្វឹកហាត់​នៅតាម​ផ្ទះ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។ គម្រោង​ប្រមូលផ្តុំ​ហ្វឹកហាត់​មុន​ការសម្រេច​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នេះ ធ្វើឡើង​ក្រោយ​ថ្នាក់ដឹកនាំ​កីឡា​ទាំងពីរ​បារម្ភ​ពី​ធ្លាក់ចុះ​គុណ​ផល​របស់​កីឡាករ​កីឡាការិនី​។​

 
​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បញ្ជាក់ថា សហព័ន្ធ​គ្រោង​កោះហៅ​ក្រុម​ជម្រើសជាតិ​ថ្នាល​ឲ្យ​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ​។ ជាមួយគ្នានេះ លោក ណ​យ ផា​ណា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កី​ឡ​កាយសម្ព័ន្ធ​កម្ពុជា ក៏​គ្រោង​ប្រមូល​ក្រុម​ថ្នាល​របស់ខ្លួន ដែល​កំពុង​ហ្វឹកហាត់​នៅតាម​ផ្ទះ ឲ្យ​ហ្វឹកហាត់​ជុំគ្នា​នៅ​សប្តាហ៍​ក្រោយ​ផងដែរ​។ 
 
​មូល​ហេតុដែល​សហព័ន្ធ​ទាំងពីរ​គ្រោង​ធ្វើបែបនេះ គឺ​ដោយសារ​ពួកគេ​បារម្ភ​ពី​ការធ្លាក់ចុះ​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​។ ដ្បិត​អគ្គលេខាធិការ​សហព័ន្ធ​ទាំងពីរ​សុទ្ធតែ​ជឿជាក់ថា ការហ្វឹកហាត់​នៅតាម​ផ្ទះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​កីឡាករ តែ​វា​ជា​វិធី​ដ៏​ល្អ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩​។ 
 
​ក្នុងករណី​កីឡាករ​កីឡាការិនី​អាចមក​ហ្វឹកហាត់​ជុំគ្នា​តាម​គម្រោង អគ្គលេខាធិការ​ទាំងពី​រ​អះអាងថា សហព័ន្ធ​នឹង​បន្ត​រឹតបណ្តឹង​លើ​ការរក្សា​អនាម័យ​ជូន​កីឡាករ តាមរយៈ​ការលាង​ដៃ​ជាប្រចាំ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​។ ជាពិសេស​ដាក់​កំហិត​លើ​ការធ្វើដំណើរ​របស់​ពួកគេ ដោយ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្តេសផ្តាស ឬ​មានការ​ចេញចូល​ពី​អ្នកដទៃ​ជាដើម​។ ការធ្វើ​បែបនេះ​នេះ គឺ​ដើម្បី​រួមចំណែក​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​តែ​យ៉ាងណា គម្រោង​នេះ​មិនទាន់​ប្រាកដ​១០០​ភាគរយ​ថា អាច​ដំណើរការ​តាម​ការគ្រោងទុក​នោះទេ​។ ដ្បិត​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ពុំទាន់​ចេញ​សេចក្តីសម្រេច​ថ្មី ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​សហព័ន្ធ​ទាំង​៣២ ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​ឡើងវិញ​នៅឡើយ​ទេ​។ 
 
​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៨ ខែមីនា បានចេញ​សេចក្តីសម្រេច​មួយ​ដោយ​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល​ទាំង​៣២​ប្រភេទ​កីឡា​ជា​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការផ្អាក​នេះ ធ្វើឡើង​រហូត​មានការ​ជូនដំណឹង​ជាថ្មី​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ ក្រោយ​ការរំសាយ​សហព័ន្ធ​ទាំងនោះ បានដាក់​កាលវិភាគ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​រក្សា​កម្លាំង និង​គុណ​ផល​របស់ខ្លួន​។​
 
​បច្ចុប្បន្ន​កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩​តែ​៣​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល បន្ទាប់ពី​ព្យាបាល​ជាសះស្បើយ​អស់​ចំនួន​១១៩​នាក់​ក្នុងចំណោម​អ្នកជំងឺ​១២២​នាក់​។ ទោះបី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ​ក៏ដោយ តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ ពុំទាន់​ដក​បម្រាម​ណាមួយ ដែល​បាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​និង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន ដ្បិត​មិន​ប្រាកដថា មេរោគ​បង្ក​ជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នេះ​បាន​រលាយ​សាបសូន្យ​ពី​កម្ពុជា​៕  


Tag:
 ចំបាប់​
  កាយសម្ព័ន្ធ​
  ធិ​ន វិចិត្រ​
  ណ​យ ផា​ណា
© រក្សាសិទ្ធិដោយ thmeythmey.com