អាមេរិកនៅថ្ងៃទី២៧ ខែមេសា និយាយថា ខ្លួនត្រៀមទទួលស្គាល់ដែនដីដែលអ៊ីស្រាអែលផ្តាច់យកពីប៉ាឡេស្ទីន នៅក្នុងតំបន់ត្រើយខាងលិច (West Bank) ប៉ុន្តែបានទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែលចរចាជាមួយនឹងប៉ាឡេស្ទីនសិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានAFP។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសបានលើកឡើងថា៖ «ដូចដែលយើងបានបញ្ជាក់ហើយ អាមេរិកត្រៀមទទួលស្គាល់សកម្មភាពក្នុងការពង្រីកអធិបតេយ្យភាព និងការអនុវត្តច្បាប់អ៊ីស្រាអែល នៅក្នុងតំបន់ West Bank ដែលត្រូវបានមើលឃើញទុកជាមុនថាជាផ្នែកមួយនៃរដ្ឋអ៊ីស្រាអែល»។
កន្លងទៅ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ធ្លាប់និយាយដែរថា ការផ្តាច់យកទឹកដីប៉ាឡស្ទីន គឺជាការសម្រេចចិត្តរបស់អ៊ីស្រាអែល។
លោក បេនចាមីន នេតានយ៉ាហ៊ូ ដែលនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលក្រោយសម្រេចចិត្តបានកិច្ចព្រមព្រៀងនយោបាយបែងចែកអំណាច បានសន្យាថា នឹងផ្តាច់យកទឹកដីប៉ាឡេស្ទីនជាបន្តទៀត។ ប៉ាឡេស្ទីនវិញនិយាយថា សកម្មភាពបែបនេះ នឹងបញ្ចប់ដំណោះស្រាយរដ្ឋពីរដែលមានតាំងតែពីដើមមក។
តាមពិតទៅ ការណ៍ដែលអ៊ីស្រាអែល អាចបន្តផ្តាច់ទឹកដីប៉ាឡេស្ទីនបានក៏ដោយហេតុតែ មានការផ្តល់ភ្លើងខៀងពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្រោមគម្រោងចក្ខុវិស័យសម្រាប់មជ្ឈិមបូពា៍ដែលបានបង្ហាញកាលពីខែមករាមក។ យ៉ាងណាមិញ លោក Benny Gantz ដែលជាគូប្រជែងលោក ណេតាន់យ៉ាហ៊ូ ហើយដែលនឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មី បញ្ជាក់ថា គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនឹងពិភាក្សាជាមួយវ៉ាស៊ីនតោនមុននឹងធ្វើអ្វីមួយ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដំណាក់កាលនៃការស្រូបយកទឹកដីនេះ ត្រូវស្ថិតក្នុងបរិបទដែលរដ្ឋាភិបាលអ៊ីស្រាអែល យល់ព្រមចចារជាមួយប៉ាឡេស្ទីន ហើយស្របនឹងចក្ខុវិស័យរបស់លោក ត្រាំ ។ នេះបើតាមប្រភពព័ត៌មានដដែល។
ផែនការមជ្ឈិមបូពា៍របស់លោក ត្រាំ អនុញ្ញាតឲ្យអ៊ីស្រាអែលផ្តាច់យកទឹកដីដែលមានជនជាតិជ្វីហ្វរស់នៅក្នុងតំបន់នៅ West Bank ទោះផែនការនេះ ត្រូវបានបណ្តាប្រទេសក្នុងពិភពលោកចាត់ទុកថាខុសច្បាប់។ ជាថ្នូរមកវិញ ប៉ាឡេស្ទីននឹងក្លាយទៅជារដ្ឋអធិបតេយ្យ និងមានការវិនិយោគទ្រង់ទ្រាយធំ ប៉ុន្តែមិនអាចមានយោធាឡើយ។ មិនតែប៉ុណ្ណោះ ប៉ាឡេស្ទីន នឹងមានរដ្ឋធានីនៅជាយក្រុងហ្សេរុយសាឡឹម ខណៈទីក្រុងហ្សេរុយសាឡឹមដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនទាមទារយកមកធ្វើជារដ្ឋធានីរៀងៗខ្លួន នឹងស្ថិតក្រោមអធិបតេយ្យរបស់អ៊ីស្រាអែលទាំងស្រុង។
ទាក់ទងបញ្ហានេះ ប៉ាឡេស្ទីនវិញបដិសេធដាច់ខាត មិនចរចាជាមួយរដ្ឋបាលរបស់លោក ត្រាំ ឡើយ
ដោយសំអាថា អាមេរិកលំអៀងទៅខាងអ៊ីស្រាអែល។ សហភាពអឺរ៉ុប រិះគន់ផែនការរបស់លោកប្រធានាធិបតី ត្រាំ ដោយថានឹងមិនអាចសម្រេចដំណោះស្រាយរដ្ឋពីរបានឡើយ។
សម្ព័ន្ធអារ៉ាប់ ក៏មានគម្រោងជួបប្រជុំពីចម្ងាយនៅសប្តាហ៍ខាងមុខនេះផងដែរដើម្បីពិភាក្សាពីគម្រោងផ្តាច់ទឹកដីរបស់អ៊ីស្រាអែល មុននឹងរដ្ឋាភិបាលចម្រុះអ៊ីស្រាអែលអាចសម្រេចផែនការនេះក្នុងខែកក្កដា៕