COVID-19
អន្តរជាតិ
ឡាវ នឹង​លុប​ចោលការ​រឹតត្បិត​ខ្លះ​នៅ​ថ្ងៃទី​៣ ខែឧសភា បើ​នៅតែ​គ្មាន​ករណី​ឆ្លង COVID-19
28, Apr 2020 , 9:59 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​បទបញ្ជា​បិទ​ប្រទេស​ឡាវ​ទាំងស្រុង នឹងត្រូវ​លុបចោល​នា​ថ្ងៃទី​៣ ខែឧសភា ខាងមុខ ប្រសិនបើ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) នៅតែ​មិន​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​ទប់ស្កាត់ និង​បង្ការ COVID-19 នា​ថ្ងៃទី​២៧ ខែមេសា​។


 
​ឡាវ បាន​បិទ​ប្រទេស​តាំងពី​ថ្ងៃទី​៣០ ខែមីនា មក​ម្លេះ ដោយ​ផ្អែក​ទៅតាម​អនុ​ក្រិ​ត្យ​របស់​នាយករដ្ឋមន្ត្រី​ឡាវ​។ តាមរយៈ​ក្រិ​ត្យ​មួយ​នេះ រដ្ឋាភិបាល​ឡាវ បាន​ហាមឃាត់​ប្រជាជន​របស់ខ្លួន​ទាំងអស់ មិន​ឲ្យ​ចាក​ចេញពីផ្ទះ​ឡើយ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ដូចជា ទៅ​មន្ទីរពេទ្យ ទិញ​ម្ហូបអាហារ និង​កិច្ចការងារ​មួយចំនួន ដែល​ធ្វើឡើង​ក្រោម​បទបញ្ជា​របស់​រដ្ឋាភិបាល​។ 
 
​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​នេះ បាន​អស់​សុពលភាព​ម្តង​ហើយ​នា​ពាក់កណ្តាល​ខែមេសា​កន្លង​មក ប៉ុន្តែ​ត្រូវ​ពន្យារពេល​បន្ថែមទៀត​ទៅ​ដល់​ថ្ងៃទី​៣ ខែឧសភា ដើម្បី​ទប់ស្កាត់​ការរីក​សាយ​ភាព​នៃ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​។ 
 
​តាមរយៈ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ទប់ស្កាត់ និង​បង្ការ COVID-19 ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Somdy Duangdy ប្រទេស​ឡាវ នឹង​លុបចោល​បម្រាម​បិទ​ប្រទេស​នៅ​ថ្ងៃទី​៣ ខែឧសភា ប្រសិនបើ​ករណី​ឆ្លង​COVID-19 នៅក្នុង​ប្រទេស​នៅតែ​មិនមាន និង​ករណី​ឆ្លង​នៅ​ប្រទេសជិតខាង​មាន​ស្ថានភាព​ធូរស្រាល​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Laotian Times ។​
 
​ប៉ុន្តែ​ការបើក​ប្រទេស​ឡើងវិញ​នេះ ក៏​មិនមែនជា​ការបន្ធូរបន្ថយ​ទាំងស្រុង​ដែរ ពោល​គឺមាន​បម្រាម​រឹត​ត្បិត​មួយចំនួន និង​អនុញ្ញាត​ការងារ​មួយចំនួន​។ ការជួបប្រជុំ​អាចធ្វើ​ឡើង តែ​មិនត្រូវ​លើសពី​មនុស្ស ៥០​នាក់ ឯ​ការធ្វើដំណើរ​អាចធ្វើ​បាន តែ​នៅក្នុង​ខេត្ត​ប៉ុណ្ណោះ ហើយ​រោងចក្រ សហគ្រាស​អាច​បើក​ឡើងវិញ​បាន ប៉ុន្តែ​ត្រូវបាន​វិធាន​ការពារ​អនាម័យ​។ បន្ថែម​ពីលើ​នេះ ជើងហោះហើរ​នៅក្នុង​ប្រទេស​នៅតែ​បន្ត​ផ្អាក និង​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជនបរទេស​មកពី​បណ្តា​ប្រទេស​មួយចំនួន​ជាដើម​។ 
 
​ការលុបចោល​បម្រាម​បិទ​ប្រទេស​នេះ នឹង​អនុញ្ញាត​ឲ្យ​ការងារ​មួយចំនួន​អាចធ្វើ​នៅ​ការិយាល័យ​វិញ សា​លាម​ត្តេ​យ្យ បឋមសិក្សា អនុវិទ្យាល័យ នឹង​បើកទ្វារ​ឡើងវិញ ប្រជាជន​អាច​ចាក​ចេញពីផ្ទះ ប៉ុន្តែ​ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ឡាវ​មាន​ករណី​COVID-19 សរុប​ចំនួន ១៩ ករណី និង​ជាសះស្បើយ​ចំនួន ៧​ករណី​៕ 

Tag:
 ​ឡាវ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com