COVID-19
អន្តរជាតិ
ទីប្រឹក្សា​លោក ត្រាំ ចោទ​ចិន​ថា នាំចូល​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 ក្លែងក្លាយ​ទៅ​អាមេរិក
28, Apr 2020 , 4:34 pm        
រូបភាព
លោក Peter Navorra ទីប្រឹក្សាប្រចាំសេតវិមាន-AFP
លោក Peter Navorra ទីប្រឹក្សាប្រចាំសេតវិមាន-AFP
ដោយ:
​លោក Peter Navarro ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់​សេត​វិមាន នៅ​ពី​ថ្ងៃទី​២៧ ខែមេសា បាន​ចោទ​ចិន​ថា បាន​បញ្ជូន​ប្រដាប់​ធ្វើតេស្ត COVID-19 ដែលមាន​គុណភាព​អន់ និង​ក្លែងក្លាយ​មក​អាមេរិក​។ លោក Navarro ថែមទាំង​អះអាងថា សំងំ​កើប​ផលចំណេញ​ក្នុងពេល​មាន​ជំងឺ​រាតត្បាត​សកល COVID-19 ផងដែរ​។​

 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Peter Navarro ដែល​ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ ចាត់តាំង​អ្នកទទួលបន្ទុក​ផ្គត់ផ្គង់​សម្ភារ​ទាក់ទង​នឹង​ជំងឺ​COVID-19 និយាយថា ប្រដាប់​ធ្វើតេស្ត​ស្វែងរក​វីរុស និង​តេស្ត​ស្វែងរក​ប្រព័ន្ធ​ភាពស៊ាំ មាន​សារៈសំខាន់​ណាស់​សម្រាប់​អាមេរិក ដើម្បី​ឲ្យ​មនុស្ស​អាច​ចេញទៅ​ធ្វើការ​វិញ​។​
 
​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​កម្មវិធី Fox and Friend លោក Navarro និយាយថា ការធ្វើ​តេស្ត​អាច​ឲ្យ​យើង​រកឃើញ​មនុស្ស​ដែលមាន​ភាពស៊ាំ ហើយ​ដែល​អាច​ទៅធ្វើ​ការ​នៅ​កន្លែង​មាន​សុវត្ថិភាព​បាន ប៉ុន្តែ​បញ្ជាក់ថា អាមេរិក​មិនអាច​ប្រើ​ឧបករណ៍​ឡើយ​។ លោក​និយាយ​ចំៗ​ថា​៖« តែ​ជា​ឧទាហរណ៍ យើង​មិនអាច​ឲ្យ​ចិន​នាំចូល​ឧបករណ៍​ធ្វើតេស្ត​ក្លែងក្លាយ ឬ​របស់​បន្លំ​បានឡើយ ព្រោះ​វា​អាច​ឲ្យ​មាន​បញ្ហា​រំខាន​កើតឡើង​»​។​
 
​លោក Navarro ដែលជា​អ្នក​រិះគន់​ចិន​មិន​សំចៃមាត់ សង្កត់ធ្ងន់​ទៀតថា ពេលនេះ​មាន​ឧបករណ៍​ធ្វើតេស្ត​ស្វែងរក​អង់​ទីករ​នាំចូល​មកពី​ចិន​ជាច្រើន តែមាន​គុណភាព​អន់ និង​ចេញ​សញ្ញា​មិន​ត្រឹមត្រូវ​ជាដើម​។​
 
​បន្ថែម​ពីនេះ ទីប្រឹក្សា​ពាណិជ្ជកម្ម​សេត​វិមាន​រូបនេះ​បាន​ចោទ​ចិន​ថា ធ្វើ​វីរុស​សាយ​ភាព​ជុំវិញ​ពិភពលោក ដោយសារតែ​បាន​លាក់​ព័ត៌មាន​អស់​រយៈពេល​៦​សប្តាហ៍​។ លោក Navarro លើកឡើងថា ចិន​អាច​នឹងរាំងខ្ទប់​ជំងឺ​នេះ​ត្រឹម​ក្រុង​វូ​ហាន តែ​បាន​មិន​ធ្វើ​បែប​នោះឡើយ តែ​ឲ្យ​មេរោគ​នេះ​ឆ្លង​ជុំវិញ​ពិភពលោក ដោយ​ឲ្យ​ជន​ជាតិចិន​រាប់សែន​នាក់​ឡើង​យន្តហោះ​ទៅ​អ៊ីតាលី អាមេរិក និង​កន្លែង​ដទៃទៀត​។​
 
​គួរ​រំលឹក​ផងដែរ​ថា កាលពី​សប្តាហ៍​មុន លោក Navarro ក៏​ទើបបាន​ចោទប្រកាន់​ចិន​ថា លាក់​ព័​ត៌​មានដើម្បី​ប្រកួតប្រជែង​ជាមួយ​អាមេរិក​ ក្នុង​ការបង្កើត​វ៉ាក់សាំង​។ ក្នុង​កិច្ច​សម្ភាស​មួយ លោក​បាន​និយាយថា នៅពេលដែល​ចិន​ពន្យារពេល​មិន​ប្រាប់​ពិភពលោក ចិន​បាន​ប្រមូល​ស្តុក​ឧបករណ៍​ការពារ​ខ្លួន ​ដែល​ត្រូវការ​សម្រាប់​បុគ្គលិក​ពេទ្យ​។ 
 
​ចំណែកឯ​ចិន​វិញ បាន​បដិសេធ​រាល់​ការចោទប្រកាន់​ដែលថា ខ្លួន​លាក់បាំង​ព័ត៌មាន​ពី​ការផ្ទុះ​មេរោគ​។ ទាក់ទង​គុណភាព​ទំនិញ ក្រសួងពាណិជ្ជកម្ម​ចិន បាន​រឹតត្បិត​ការអនុញ្ញាត​ការនាំចេញ​ផលិតផល​មួយចំនួន ដរាបណា​ផលិតផល​នោះ​មិនទាន់​ទទួល​ការអនុញ្ញាត​ពី​ប្រទេស​នាំចូល​៕

© រក្សាសិទ្ធិដោយ thmeythmey.com