COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​កូរ៉េខាងត្បូង​៖ លោក គីម ជុង​អ៊ុន ប្រហែល​កំពុង​លាក់ខ្លួន​ពី COVID-19
28, Apr 2020 , 10:59 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្អូនស្រីលោក គឺអ្នកស្រី គីម យ៉ូជុង នាពិធីចុះហត្ថលេខាមួយនាឆ្នាំ២០១៨ (AFP)
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្អូនស្រីលោក គឺអ្នកស្រី គីម យ៉ូជុង នាពិធីចុះហត្ថលេខាមួយនាឆ្នាំ២០១៨ (AFP)
ដោយ:
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រហែល​ពុំ​ចូលរួម​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​មួយ​ក្នុងប្រទេស កាលពី​ថ្ងៃទី​១៥ ខែមេសា ព្រោះតែ​ព្រួយបារម្ភ​ជំងឺ COVID-19 ពុំមែន​ដោយសារតែ​លោក​ធ្លាក់ខ្លួន​ឈឺ​នោះឡើយ​។ រដ្ឋមន្ត្រី​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២៨ ខែមេសា​។

 
​អវត្តមាន​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន ពី​ការ​ប្រារព្ធ​ពិធី​អបអរ​ខួបកំណើត​ជីតា​លោក និង​ស្ថាបនិក​នៃ​ប្រទេស​ផ្ដាច់ការ​មួយ​នេះ លោក គីម អ៊ី​ល​ស៊ុ​ង (Kim Il Sung) គឺជា​រឿង​ដែល​ពុំ​ធ្លាប់​កើតមាន​ឡើយ​ពីមុនមក ហើយ​លោក គីម ជុង​អ៊ុន លែងចេញ​មុខ​នៅ​ទីសាធារណៈ ចាប់ពីពេលនោះ​មក​។ ព្រឹត្តិការណ៍​ទាំងនេះ បង្ក​ឲ្យ​មានការ​សង្ស័យ និង​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​បញ្ហា​សុខភាព​លោក​។ 
 
​យ៉ាងណាមិញ មន្ត្រី​កូរ៉េខាងត្បូង កន្លងទៅ បាន​បញ្ជាក់ថា ពួកគេ​ពុំមាន​ពើបប្រទះ​រឿងហេតុ​មិន​ប្រ​ក្រី​តី​ណាមួយ​ឡើយ​ក្នុងប្រទេស​កូរ៉េខាងជើង ហើយ​ថែមទាំង​ប្រឆាំង​របាយការណ៍​ដែល​ចុះផ្សាយ​លោក គីម ធ្លាក់ខ្លួន​ឈឺ​ទៀតផង​។ 
 
​កូរ៉េខាងជើង ធ្លាប់បាន​អះអាងថា ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង COVID-19 ដែល​បាន​រកឃើញ​ណាមួយ​ឡើយ ក៏ប៉ុន្តែ​បើ​សង្កេត​លើ​ចំណាត់ការ​រឹងត្អឹង​ដែល​ក្រុង​ព្យុងយ៉ាង​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល COVID-19  អវត្តមាន​លោក គីម ជុង​អ៊ុន ពី​ការ​ប្រា​ព្ធ​ពិធី​ទាំងនោះ ពុំមែន​ជា​រឿង​មិនធម្មតា​ទេ​។ នេះ​បើតាម​លើកឡើង​របស់​រដ្ឋមន្ត្រី​បង្រួបបង្រួម គីម យ៉ុ​ន​ឈុ​ល (Kim Yeon-chul) ដែល​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង ប្រាប់​ទៅ​សមាជិកសភា​កូរ៉េខាងត្បូង​។ 
 
«​វា​ជា​ការពិត​ដែល លោក (​គីម ជុង​អ៊ុន​) ពុំ​ធ្លាប់​បាត់​វត្ត​មាននៅ​ពិធី​ខួបកំណើត​លោក គីម អ៊ី​ល​ស៊ុ​ង នោះឡើយ ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​មក ក៏ប៉ុន្តែ​ព្រឹត្តិការណ៍​ខួប​ប្រចាំឆ្នាំ​ជាច្រើន​ទៀត រួមមាន ការ​ជប់លៀង​អាហារ​ពេល​ល្ងាច ក៏ត្រូវ​បាន​លុបចោល​ផងដែរ​ព្រោះ COVID-19 »​។ លោក​រដ្ឋមន្ត្រី គីម យ៉ុ​ន​ឈុ​ល បញ្ជាក់​បែបនេះ​នៅមុខ​សភា​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង​រូបនេះ  លើកឡើង​ទៀតថា កាលពី​ពាក់កណ្ដាល​ខែមករា​កន្ល​ង​ទៅ លោក គីម ជុង​អ៊ុន ក៏​ធ្លាប់​បាត់​វត្តមាន​ពី​ក្រសែភ្នែក​មនុស្ស​ទូទៅ​រយៈ​ពេល​ជិត​២០​ថ្ងៃ​ផងដែរ​។ ត្រង់ចំណុច​នេះ​លោក​អះអាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា វា​ពុំមែន​ជាហេតុ​ការណ៍​មិន​ប្រក្រតី​អ្វី​ឡើយ បើ​ផ្អែកលើ​ស្ថានការណ៍ COVID-19 នាពេល​បច្ចុប្បន្ន​»​។​
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែមេសា និយាយថា លោក​មាន​ដំណឹង​លោក គីម ជុង​អ៊ុន ហើយ​សង្ឃឹមថា លោក​មាន​សុខ​ភាពល្អ​។ យ៉ាងណាមិញ លោក ពុំបាន​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​នោះឡើយ​។ ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ អះអាងថា លោក​ដឹងឮ​ពី​របាយការណ៍​ជុំវិញ​សុខភាព​លោក គីម ហើយ​លោក​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ការវិវត្ត​នេះ​៕ 
 
​កន្លងទៅ ប្រភពព័ត៌មាន​២ រួមមាន សារព័ត៌មាន​អន​ឡាញ Daily NK ដែល​ដំណើរការ​ដោយ​ក្រុម​អ្នករត់​ភៀសខ្លួន​ពី​កូរ៉េខាងជើង និង​ទូរទស្សន៍​អាមេរិក CNN បាន​អះអាងថា លោក គីម ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក្រោយ​ឆ្លងកាត់​ការវះកាត់​បេះដូង​។ ពួកគេ សុទ្ធតែ​ដកស្រង់​ប្រភព​មិន​ច្បាស់លាស់​។ ហើយ​ព័ត៌មាន​បែកធ្លាយ​ចុងក្រោយបង្អស់ ដែល​រាយការណ៍​ដោយសារ​ព័ត៌មាន Daily Mail របស់​អង់គ្លេស  បាន​ចុះផ្សាយ​ទាំង​គ្មាន​ប្រភព​ច្បាស់លាស់​ថា លោក គីម​ជុង​អ៊ុន បានទទួល​មរណភាព​៕

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  COVID-19
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com