ពីនេះ ពីនោះ
ឆៀក មានន័យថា «ពិនិត្យមើល»
× នៅពេលដែលនគរបាលចរាចរណ៍ប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលរួមមានទាំងការពិនិត្យបច្ចេកទេសយានយន្ត ម្ចាស់រថយន្តធុនតូចស្រាល និងធុនធ្ងន់បាននាំគ្នាសម្រុកយកយានយន្តទៅឆៀក។
ឆៀក ថ្នាក់ពាក្យជាកិរិយាសព្ទ ដែលមានន័យថា ពិនិត្យមើល, ត្រួតត្រាមើលឱ្យដឹងថា របស់នោះ ត្រឹមត្រូវ តាមបញ្ញត្តិឬទេ។ នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានផ្តល់ឧទាហរណ៍ ផងដែរ ដោយប្រើពាក្យឆៀកនេះ ដូចជា៖ ឆៀករថយន្ត, យករទេះទៅឆៀក។
ពាក្យ «ឆៀក» ទំនងជាមានទំនាក់ទំនងជាមួយពាក្យឆែកឆេរ ទើបវចនានុក្រមដដែលបានណែនាំឱ្យយើងមើលពាក្យ ឆែកឆេរ ផងដែរ ដែលជាពាក្យក្លាយមកពីពាក្យបារាំង «Chercher» ដែលមានន័យជាខ្មែរថា «រក»។
បើតាមការពន្យល់របស់សម្តេចសង្ឃ គេអាចនិយាយថា ប៉ូលិសឆែកកាត។ តែពេលខ្លះក៏គេនិយាយថា ប៉ូលិសឆៀកកាតដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com