COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នីការ៉ាហ្គា ចាប់ផ្តើមការប្រកួតប្រដាល់ដ៏ភ្ញាក់ផ្អើល ស្របពេល COVID-19 កំពុងរាតត្បាត
× កីឡាប្រដាល់សកលបានចាប់ផ្តើមការប្រកួតឡើងវិញដ៏ភ្ញាក់ផ្អើលក្នុងប្រទេសនីការ៉ាហ្គាកាលពីចុងសប្តាហ៍មុន បើទោះ COVID-19 កំពុងរាតត្បាត។ ព្រឹត្តិការណ៍ដែលរៀបចំលើសង្វៀនដ៏ចម្រូងចម្រាសនេះ តម្រូវឲ្យកីឡាករបាញ់ថ្នាំសម្លាប់មេរោគ ខណៈអាជ្ញាកណ្តាល, Ring Girl និងអ្នកចូលរួមសុទ្ធតែពាក់ម៉ាស់។
ស្របពេលពិភពលោកកំពុងជួបវិបត្តិដោយសារជំងឺ COVID-19 ដែលធ្វើឲ្យព្រឹត្តិការណ៍កីឡាផ្អាកកម្មវិធីប្រកួតស្ទើរទាំងអស់នោះ ស្រាប់តែមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ចំនួន៨ប៉ុស្តិ៍ស្មើនឹង៨សង្វៀនអំពីការប្រកួតកីឡាប្រដាល់សកលក្នុងក្រុង Managua ប្រទេសនីការ៉ាហ្គា។
ភ្នាក់ងារកីឡាករប្រដាល់លោក Rosendo Alvarez ដែលជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកពីរសម័យកាលបានទុកការគំរាមកំហែងនៃជំងឺមួយឡែកសិន ដោយលោកលើកឡើងថា តម្រូវការសម្រាប់កីឡាករដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅពេលនេះគឺលើសពីផលប៉ះពាល់នៃ COVID-19 ទៅទៀត។
«នៅទីនេះយើងមិនខ្លាច COVID-19 ទេ ហើយក៏គ្មានការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាដែរ»។ លោក Alvarez ដែលមានរហស្សនាមថា «El Bufalo» និយាយដូច្នេះនៅមុនព្រឹត្តិការណ៍ចាប់ផ្តើម។ លោកបន្ថែមថា ករណីស្លាប់ចំនួន៣នាក់ដោយសារ COVID-19 នៅនីការ៉ាហ្គាគឺជាករណីនាំចូល ហើយគ្មាននរណាម្នាក់នៅក្នុងប្រទេសនេះឆ្លងនោះទេ។
នីការ៉ាហ្គាជាប្រទេសមួយស្ថិតនៅតំបន់អាមេរិកកណ្តាល ដែលមានប្រជាជនពេញនិយមទស្សនាកីឡាប្រដាល់នេះ។
បើទោះជាបើកឲ្យមានការប្រកួតដោយមិនខ្លាចកូវី-១៩ក្តី ប៉ុន្តែអ្នកចូលរួមក្នុងសង្វៀនសុទ្ធតែត្រូវទទួលការត្រួតពនិត្យដោយឧបករណ៍វាស់កំដៅ បាច់ថ្នាំសម្លាប់មេរោក លាងអាល់កុល និងពាក់ម៉ាស់ជាដើម។ ទីតាំងអង្គុយក៏មានគម្លាតឆ្ងាយពីគ្នាផងដែរ។
រដ្ឋាភិបាលនីការ៉ាហ្គាក៏បានចេញមកអះអាងដែរថា រហូតមកដល់ពេលនេះស្ទើរតែគ្មានប្រជាពលរដ្ឋខ្លួនឆ្លង COVID-19 នេះទេ។ ក្រសួងសុខាភិបាលនីការ៉ាហ្គាបានចេញផ្សាយថាករណីឆ្លង COVID-19 មានចំនួន ១៣ករណី ក្នុងនោះមានអ្នកស្លាប់ ៣នាក់។ ប៉ុន្តែនៅក្នុងប្រទេសជិតខាងខ្លួន ឬហៅថាប្រទេសក្នុងប្រព័ន្ធសមាហរណកម្មអាមេរិកកណ្តាល មានចំនួនអ្នកឆ្លងប្រហែល ១៣០០០ករណីហើយ និងប្រហែល ៥០០នាក់បានស្លាប់៕
Tag:
COVID-19
នីការ៉ាហ្គា
Boxing
© រក្សាសិទ្ធិដោយ thmeythmey.com