COVID-19
កីឡាជាតិ
ជាតិ
គុណភាព​បាល់ទាត់​កម្ពុ​ជា​នឹងមាន​ការផ្លាស់ប្តូរ ដោយសារ​ការរីក​រាល​ដាល​នៃ​កូ​វីដ​-១៩
29, Apr 2020 , 7:59 am        
រូបភាព
ដោយ:
​គុណភាព​បាល់ទាត់​កម្ពុ​ជា​នឹងមាន​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ប្រសិនបើ​ការឈប់​សម្រាក​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩)​បន្ត​អូសបន្លាយ​ពេលវេលា​។ ដ្បិត​គម្រោង​និង​យុទ្ធសាស្ត្រ​មួយចំនួន​របស់​គ្រូបង្វឹក​នឹងមាន​ការផ្លាស់ប្តូរ​ខ្លាំង ដែល​ទាមទារ​ឲ្យ​គ្រូបង្វឹក​ត្រូវ​សម្រប​ខ្លួន​ឲ្យ​បាន​លឿន និង​ស្វែងរក​វិធីសាស្ត្រ​ថ្មី​ក្នុងការ​បង្វឹក​។ នេះ​ជាការ​យល់ឃើញ​របស់លោក Oriol Segura គ្រូបង្វឹក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។

 
​មកទល់ពេលនេះ ពេលវេលា​ចាប់ផ្តើម​ប្រកួត​ឡើងវិញ​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពាន​សម្តេច ហ៊ុន សែន ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ ក្រោយ​ឈប់សម្រាក​អស់​រយៈពេល​ជាង​១​ខែ ដោយសារ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​។ កត្តា​នេះ បាន​បង្ខំ​ឲ្យ​ក្លិប​បាល់ទាត់​ទាំងអស់​បន្ត​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ជា​ក្រុម ដោយ​ដាក់​កាលវិភាគ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ 
 
​ការ​អនុវត្តតាម​វិធីសាស្ត្រ​នេះ​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តែ​វា​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​ការអភិវឌ្ឍ​គុណ​ផល​បាល់ទាត់​នៅ​កម្ពុជា​។ ដ្បិត​ការហ្វឹកហាត់​ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ​ពុំ​សូវ​ទទួលបាន​លទ្ធផល​ល្អ​ដូច​ការហ្វឹកហាត់​ជា​ក្រុម ដែលមាន​ការចង្អុលបង្ហាញ​ពី​គ្រូបង្វឹក​នោះទេ​។ ហើយ​ការហ្វឹកហាត់​របស់​កីឡាករ​ទៀតសោត ពួកគេ​បានត្រឹមតែ​ហាត់​កម្លាំងកាយ​តែប៉ុណ្ណោះ​។ 


លោក Oriol Segura គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរ
 
​លោក Oriol Segura គ្រូបង្វឹក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បានបង្ហាញ​ក្តីកង្វល់​ចំពោះ​គុណភាព​បាល់ទាត់​នៅ​កម្ពុជា​ថា អាច​នឹងមាន​ការធ្លាក់​ចុះ ប្រសិនបើ​ការឈប់​សម្រាក​បន្ត​អូសបន្លាយ​ពេលវេលា​។ ដ្បិត​ការឈប់​សម្រាក​ដោយ​គ្មាន​ការហ្វឹកហាត់​ជាមួយ​បាល់​នេះ ទាមទារ​ឲ្យ​កីឡាករ​តាម​ក្លិប​នីមួយៗ​ត្រូវការ​ពេលវេលា​ច្រើន​ក្នុងការ​សម្រប​ខ្លួន និង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​លេង​ជា​ក្រុម​ឡើងវិញ​។  
 
​សម្រាប់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ក្នុង​កាលៈទេស​បច្ចុប្បន្ន​ទាមទារ​ឲ្យ​គ្រូបង្វឹក​ទាំងអស់​ខិតខំ​ស្វែងរក​វិធីសាស្ត្រ​ថ្មី​ក្នុងការ​បង្វឹក និង​បត់បែន​ឲ្យ​បាន​លឿន​បំផុត​។ «​ការ​សាយភាយ​ជាស​កល​នៃ​ជម្ងឺ​កូ​វីដ​-១៩ គឺជា​រឿង​ដ៏​ថ្មីស្រឡាង​មួយ​និង​មិន​រំពឹងទុក​នៅក្នុង​ជំនាន់​របស់​ពួកយើង ហើយ​គម្រោង​និង​យុទ្ធសាស្ត្រ​នានា​ក្នុង​ពិភព​បាល់ទាត់ គឺ​ត្រូវបាន​ផ្លាស់ប្ដូរ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ខ្ញុំ​គិតថា​គ្រូបង្វឹក ត្រូវតែ​សម្រប​ខ្លួន​ឲ្យ​បាន​លឿន​បំផុត ហើយ​ត្រូវ​ផ្លាស់ប្ដូរ​មធ្យោបាយ​នៃ​ការហ្វឹកហាត់ ឬ​បង្រៀន​»​។ នេះ​ជា​ការឡើង​របស់លោក Oriol Segura​។  
 
​លោក បាន​បន្ថែមថា​៖«​នេះ​ជា​ពេលដែល​សោកសៅ និង​លំបាក​បំផុត​ក្នុង​អាជីព​មួយ​នេះ ប៉ុន្តែ​ក៏​ជាការ​ធ្វើតេស្ត​មួយ​ដើម្បី​ឲ្យ​ឃើញ​ពី​ចំណុចខ្លាំង​របស់​ក្រុម និង​របស់ខ្ញុំ និង​ភាពជា​អ្នក​អាជីព​នៃ​បាល់ទាត់​។ យើង​មិនអាច​រស់​ដោយ​គ្មាន​បាល់ទាត់ ប៉ុន្តែ​យើង​ដឹង ហើយ​យើង​នឹង​ប្រយុទ្ធប្រឆាំង​វា​(​កូ​វីដ​-១៩)​ដើម្បី​ឲ្យ​បាល់ទាត់​ត្រឡប់មកវិញ​ក្នុងពេល​ឆាប់ៗ​នេះ​»​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​សម្រេច​ផ្អាក​ការរៀបចំ​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ជា​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការផ្អាក​នេះ បាន​បង្ខំ​ឲ្យ​ក្លិប​នីមួយៗ​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ជា​ក្រុម ដោយ​ដាក់​កាលវិភាគ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល ក្រោយ​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​១១៩​នាក់​ក្នុងចំណោម​អ្នកជំងឺ​១២២​នាក់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ កម្ពុជា​ពុំបាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ថ្មី​នោះទេ​៕ 

Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Oriol Segura
© រក្សាសិទ្ធិដោយ thmeythmey.com