COVID-19
អន្តរជាតិ
អ្នកស្រី គ្លីនតុន ដែលចាញ់លោក ត្រាំ ក្នុងឆ្នាំ២០១៦ គាំទ្រលោក បៃឌិន ជាបេក្ខជនប្រធានាធិបតី បេក្ខជនប្រធានាធិបតីអាមេរិក ចូ បៃឌិន និងអតីតរដ្ឋមន្រ្តីការបរទេស ហ៊ីឡារី គ្លីនតុន នាពេលកន្លងមក។ រូបភាព AFP
× អ្នកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសគាំទ្រលោក ចូ បៃឌិន ជាបេក្ខជនប្រធានាធិបតីដើម្បីដណ្ដើមកៅអីពីលោក ដូណាល់ ត្រាំ ។ អ្នកស្រី គ្លីនតុន ដែលតំណាងបក្សប្រជាធិបតេយ្យ រងបរាជ័យក្រោមស្នាដៃលោក ត្រាំ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ បើតាមអ្នកស្រី អាមេរិកត្រូវការមេដឹកនាំដូចលោក បៃឌិន ដើម្បីដោះស្រាយបញ្ហាសព្វថ្ងៃ នៅពេលដែលជំងឺ COVID-19 កំពុងយាយីនោះ។
«ខ្ញុំបន់ឲ្យអ្នកជាប្រធានាធិបតីឥឡូវនេះ។» អតីតបេក្ខជនប្រធានាធិបតីអាមេរិកតំណាងបក្សប្រជាធិបតេយ្យ ហ៊ីឡារី គ្លីនតុន និយាយបែបនេះចំពោះមុខលោក ចូ បៃឌិន នឹងត្រូវប្រជែងតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។ អ្នកស្រី គ្លីនតុន សម្រេចចិត្តគាំទ្រលោក បៃឌិន ដើម្បីតទល់នឹងលោក ត្រាំ ដែលផ្ដួលអ្នកស្រីកាលពីបួនឆ្នាំមុនក្នុងលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។
អ្នកស្រី គ្លីនតុន និងលោក បៃឌិន ធ្លាប់ធ្វើការជាមួយគ្នាជំនាន់រដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ អ្នកស្រី គ្លីនតុន កាន់តំណែងជារដ្ឋមន្ត្រីការបរទេស ឯលោក បៃឌិន ធ្វើជាអនុប្រធានាធិបតីពេញពីរអាណត្តិរបស់លោក អូបាម៉ា ។ លោក អូបាម៉ា ផ្ទាល់ ក៏បានគាំទ្រលោក បៃឌិន ដែរ។
ក្នុងវីដេអូផ្សាយផ្ទាល់នៅថ្ងៃទី២៨ ខែមេសា អ្នកស្រី គ្លីនតុន និយាយថា អ្នកស្រីចង់បន្ថែមសំឡេងលើមនុស្សជាច្រើន ដែលប្រកាសគាំទ្រលោក បៃឌិន រួចហើយ។ ជាមួយនឹងការលើកសរសើរអតីតថ្នាក់លើ អតីតប្រមុខការទូតអាមេរិកបញ្ជាក់ថា លោក បៃឌិន បានត្រៀមយូរហើយ សម្រាប់ឱកាសបែបននេះក្នុងជីវិតរបស់លោក។ អ្នកស្រីសង្កត់ធ្ងន់ថា៖ «នេះជាពេលដែលយើងត្រូវការមេដឹកនាំម្នាក់ ជាប្រធានាធិបតីដែលដូចលោក បៃឌិន។»
ដោយចង់សំដៅការឆ្លើយតបរបស់លោក ត្រាំ ទៅនឹងជំងឺ COVID-19 អ្នកស្រី គ្លីនតុន លើកឡើងថាភាពខុសគ្នានឹងមាន បើសិនអាមេរិកមានប្រធានាធិបតី ដែលស្ដាប់អ្នកវិទ្យាសាស្ត្រ និងការពិត តែមិនមែនការស្រមៃអ្វីឡើយ។ អ្នកស្រី ទំនងចង់រិះគន់ចំណាត់ការរបស់លោក ត្រាំ ដែលមិនទាន់សភាពការណ៍ រហូតធ្វើឲ្យករណីឆ្លង COVID-19 នៅអាមេរិកកើនខ្ពស់ជាងប្រទេសដៃទៀតច្រើនភាគរយឯណោះ។
បច្ចុប្បន្ន លោក បៃឌិន មិនទាន់ជាបេក្ខជនផ្លូវការនៅឡើយ ទោះលោកគ្មានគូប្រជែងក្ដី។ ការតែងតាំងផ្លូវការ ត្រូវធ្វើឡើងអំឡុងសន្និបាតបក្សប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅខែសីហា ក្រោយការពន្យារពេលដោយសារ COVID-19។ ចំណែកបក្សសាធារណរដ្ឋវិញ មានតែលោក ត្រាំ ម្នាក់ដែលនឹងត្រូវការពារតំណែងប្រធានាធិបតីរបស់លោក៕
Tag:
អាមេរិក
ហ៊ីឡារី គ្លីនតុន
ដូណាល់ ត្រាំ
ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com