COVID-19
អន្តរជាតិ
ករណី COVID-19 សរុប​នៅ​អ៊ីតាលី បាន​កើន​លើស ២០​ម៉ឺន​ករណី​
29, Apr 2020 , 11:12 am        
រូបភាព
លោកនាយករដ្ឋមន្រ្តីអ៊ីតាលី Giuseppe Conte។ រូបភាព៖ Flickr
លោកនាយករដ្ឋមន្រ្តីអ៊ីតាលី Giuseppe Conte។ រូបភាព៖ Flickr
​ករណី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​នៅ​អ៊ីតាលី បាន​កើន​លើស២០​ម៉ឺន​ករណី​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមេសា​។ តួលេខ​នេះ បានធ្វើ​ឲ្យ​អ៊ីតាលី ​ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​ដែលមាន COVID-19 ច្រើនជាងគេ បន្ទាប់ពី​អាមេរិក និង​អេ​ស្ប៉ា​ញ​។  
 
​នៅ​ថ្ងៃទី​២៨ ខែមេសា អាជ្ញាធរ​សុខាភិបាល បានធ្វើ​តេស្ត​រកឃើញ​ក​រ​ណី​អ្នក​ផ្ទុក COVID-19 ថ្មី​ចំនួន ២,០៩១​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៣៨២​នាក់​។ តួលេខ​សរុប​នៅ​អ៊ីតាលី បាន​កើន​ដល់ ២០១,៥០៥​ករណី និង​អ្នកស្លាប់ ២៧,៣៥៩​នាក់​។ ដោយឡែក​​អ្នកជា​សះស្បើយ​នៅ​អ៊ីតាលី​វិញ មាន​ចំនួន ៦៨,៩៤១​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ Worldometer​។​
 
​ទោះ​មាន​ចំនួន​អ្នក​ឆ្លង​កើនឡើង​ក្ដី អត្រា​ឆ្លង​ជាង ២​ពាន់​ករណី​នៅ​អ៊ីតាលី​ក្នុង​ពេលនេះ គឺមាន​ការធ្លាក់ចុះ​ច្រើន បើ​ធៀប​ទៅនឹង​អត្រា​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នា​ចុងខែ​មីនា ដែល​ថ្ងៃ​ខ្លះ​អ៊ីតាលី​មាន​ករណី​ឆ្លង​រហូតដល់​ជិត ៦​ពាន់​ករណី និង​ច្រើនជាង ៦​ពាន់​ករណី​ឯណោះ​។ 
 
​ស្របពេល​អត្រា​ឆ្លង​ធ្លាក់ចុះ​បែបនេះ អ៊ីតាលី ក៏​ត្រៀម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រទេស​ នៅ​ថ្ងៃទី​៤ ខែឧសភា​ផងដែរ បន្ទាប់ពី​បិទ​ប្រទេស​ជាង ១​ខែ​កន្លងមក​។ ថ្លែង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ​នា​ថ្ងៃទី​២៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte បានលើកឡើង​ពី​វិធានការ​បន្ធូរបន្ថយ​មួយចំនួន​ដូចជា ការអនុញ្ញាត​ឲ្យ​បើក​រោងចក្រ ការធ្វើដំណើរ​បាន​នៅ​តំបន់​ខ្លះ កីឡា​មួយចំនួន ​អាច​ចាប់ផ្តើម​ការហ្វឹកហាត់​បា​ន ហើយ​ភោជនីយដ្ឋាន​អាច​បើក​ដំណើរការ​ឡើងវិញ តែ​ផ្ដល់​សេវា​ដឹកជញ្ជូន​តែប៉ុណ្ណោះ​។ 
 
​យ៉ាងណាក៏ដោយ តៀមស្រា កន្លែង​កាត់សក់ សាលារៀន ព្រះវិហា​សាសនា កីឡា​ផ្សេងៗ នៅតែ​បន្ត​បិទ​ដដែល​។ បន្ថែម​ពីលើ​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ការរក្សា​គម្លាត​សុវត្ថិភាព​នៅតែ​សំខាន់ ហើយ​ប្រជាជន​ទាំងអស់ គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា​ចំនួន ៣​ម៉ែត្រ ដើម្បី​កាត់បន្ថយ និង​បង្ការ​ករណី​ឆ្លង​ជំងឺឆ្លង​ជា​សកល​មួយ​នេះ​។ 
 
​សូមបញ្ជាក់ថា អ៊ីតាលី​បានដាក់​បញ្ជា​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ តាំងពី​ថ្ងៃទី​៩ ខែមីនា មកម្ល៉េះ បន្ទាប់ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ បាន​រកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។ ភាគ​ត្បូង​ប្រទេស​នេះ បានប្រកាស​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល ខណៈ​ភាគ​ខាងជើង​ នៅតែ​ជួយ​បញ្ហា​ប្រឈម​ខ្លាំង ទោះ​មាន​ប្រព័ន្ធ​សុខាភិបាល​ជឿនលឿន ​ជាង​តំបន់​ខាងត្បូង​ក្ដី​៕

Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com