COVID-19
ជាតិ
COVID-19៖ គ្រឹះស្ថាន​ហិរញ្ញវត្ថុ អាចជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ តែ​មិនអាច​ប្រគល់​ទ្រព្យ​បញ្ចាំ​ឱ្យ​វិញ​ទេ​
29, Apr 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អាចជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ នៅក្នុង​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ប៉ុន្តែ​មិនអាច​ប្រគល់​ទ្រព្យ​បញ្ចាំ​ទៅ​អតិថិជន​វិញ​ទេ ។ ការបកស្រាយ​របស់​ស្ថាប័ន​ទាំងពីរ​នេះ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស (LICADO ) ដែល​ស្នើឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រគល់ជូន​ម្ចាស់ទ្រព្យ​វិញ​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​រាប់លាន​ប្លង់​ទៅ​អតិថិជន​វិញ​។​


 
​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា បកស្រាយ​ទៅ​អង្គការ​លីកាដូ ដោយ​អះអាងថា សមាជិក​នៃ​សមាគម​ខ្លួន​ទាំងអស់ បាន​យល់ច្បាស់​ពី​ផលប៉ះពាល់ និង​បាន​ផ្ដល់នូវ​ដំណោះស្រាយ​សមស្រប តាម​ស្ថានភាព​ជាក់ស្ដែង​របស់​អតិថិជន​ហើយ ឱ្យតែ​អតិថិជន​ប្រាប់​ពី​បញ្ហា​ពិតប្រាកដ​ដោយស្មោះ​ត្រង់ និង​ច្បាស់លាស់​។​
 
​ដ្បិត​មាន​ដំណោះស្រាយ​ក្តី ប៉ុន្តែ​ខាង​អង្គការ​លីកាដូ បាន​ស្នើឱ្យ​រដ្ឋាភិបាល ក៏​ដូច​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ពន្យារពេល​សង​៣​ខែ និង​ប្រគល់​ទ្រព្យ​បញ្ចាំ​ទៅ​អតិថិជន​វិញ ក្នុង​កាលៈទេសៈ​វិបត្តិ​កូ​វីដ​១៩​នេះ​។ សម្រាប់​លីកាដូ ការចេញ​វិធានការ​ទាំងនេះ ដើម្បី​ធានាថា ប្រជាពលរដ្ឋ​អាច​បន្ត​រស់នៅ​ក្នុងពេល​មាន​វិបត្តិ​កូ​វីដ​១៩ ដោយ​គ្មាន​ហានិភ័យ​ចំពោះ​សុខភាព ឬ​លំនៅដ្ឋាន​របស់​ពួកគេ ជាពិសេស​បញ្ចៀស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ ដែល​អាច​នាំឱ្យ​កើតមាន​ករណី​ធ្វើ​ការងារ​ដោះបំណុល ការជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិមនុស្ស​ដ​ទៃទៀត ។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស​លីកាដូ ដែលមាន​អង្គការ សមាគម និង​សហគម​ចំនួន​ស​១៣៥​អង្គភាព​គាំទ្រ​នោះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងមក​រាជរដ្ឋាភិបាល​មាន​វិធានការ​មួយចំនួន​រួចមកហើយ ។ យើងខ្ញុំ​សូម​សំណូមពរ​បន្ថែម​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ពិចារណា​ដើម្បី​ធានាថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឆាប់​ផ្អាក​ការសង​ប្រាក់កម្ចី និង​ការប្រាក់​ទាំងអស់ យ៉ាងតិចណាស់​ចំនួន​៣​ខែ និង​ប្រគល់ជូន​ម្ចាស់ទ្រព្យ​វិញ​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​រាប់លាន​ប្លង់​ពាក់ព័ន្ធ​នឹង​កម្ចី​ខ្នាតតូច ដែល​បច្ចុប្បន្ន​ត្រូវបាន​ដាក់​ជា​ទ្រព្យ​ធានា (​បញ្ចាំ​) ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​»​។ 
 
​ការពន្យារពេល​បង់ប្រាក់ ខាង​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា អាចធ្វើ​តាម​សំណើ​បាន ដោយ​អាស្រ័យ​លើ​ការចរចា​រវាង​អតិថិជន និង​ស្ថាប័ន​ប្រាក់កម្ចី​។ ប៉ុន្តែ​ការផ្ដល់​ទ្រព្យ​បញ្ចាំ​ទៅ​អតិថិ​ន​វិញ​នោះ ខាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ មិនអាច​ធ្វើតាម​ការស្នើ​សុំ​របស់​អង្គការ​លីកាដូ បាន​នោះទេ​។​
 
​សេចក្តីថ្លែងការណ៍​រួមគ្នា​របស់​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៨ មេសា បាន​បញ្ជាក់ថា​៖«​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅតែ​អាច​ប្រើប្រាស់​ដីធ្លី ឬ​អចលនទ្រព្យ ដែល​ខ្លួន​ដាក់​ធានា (​ទ្រព្យ​បញ្ចាំ​) បានជា​ធម្មតា​។ វា​ពិតជា​មិន​ត្រឹមត្រូវ​នោះទេ ដែលថា​អតិថិជន​ត្រូវការ​ប្លង់​បញ្ចាំ ដើម្បី​អាចឱ្យ​ពួកគេ​ប្រកបមុខរបរ​របស់ខ្លួន​នោះ​។ ការនិយាយ​(​អង្គការ​លីកាដូ​)​នេះ ជាការ​ខុសឆ្គង និង​មានបំណង​ធ្វើឱ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ និង​យល់​ខុស​ធ្ងន់ធ្ងរ​»​។​
 
​ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំ​ង តុង​ងី បាន​បន្ថែមថា ការស្នើសុំ​ប្រគល់​ទ្រព្យ​បញ្ចាំ​ទៅ​អ្នក​កម្ចី​ប្រាក់​វិញ​នេះ គឺ​ខុសពី​គោលការណ៍​សាកល​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហើយក៏​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ប្រាក់កម្ចី​ទៅវិញ​ទេ​។​
 
«​បើសិនជា​ធ្វើតាម​ការស្នើសុំ​នេះ នឹងធ្វើ​ឱ្យ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ខំ​កសាង​មកជា​ង​២០​ឆ្នាំ​មកនេះ ដើរ​ថយក្រោយ​វិញ​ជាមិនខាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កាំ​ង តុង​ងី ដែល​បាន​បន្ថែមថា ការអនុវត្ត​របស់​ធ​នាគារ និង​មីក្រូហិរញ្ញវត្ថុ គឺ​ស្របតាម​គោលការណ៍​ច្បាប់​របស់​ធនាគារជាតិ និង​សាកល​។​
 
​និយាយ​ពី​រឿង​ដំណោះស្រាយ​ជូន​ពលរដ្ឋ​វិញ លោក កាំ​ង តុង​ងី បាន​អះអាងថា សមាជិក​នៃ​សមាគម​លោក បាន​ជួយ​សម្រាល​ការលំបាក​ប្រជាពលរដ្ឋ​ជាច្រើន​ករណី​ហើយ តាមរយៈ​ការចរចា​ដោយស្មោះ​ត្រង់​គ្នា​ទៅវិញទៅមក​។ ក្នុងនោះ​មាន​ទាំង​ការ​កំណត់ឱ្យ​សង​តែ​ការប្រាក់ និង​ពន្យារពេល​សង​ទាំង​ដើម ទាំង​ការ​នៅក្នុង​រយៈពេល​កំណត់​ណាមួយ​ផងដែរ ដោយ​អាស្រ័យទៅលើ​ស្ថានភាព​នៃ​ផលប៉ះពាល់​ជាក់ស្ដែង​។​
 
​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ជាង​២,២​លាន​នាក់ កំពុង​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ ក្នុងចំណោម​ពលរដ្ឋ​ជាង​២​លាន​នាក់​នេះ មាន​ពលរដ្ឋ​ជិត​១​លាន​នាក់ គ្មាន​ទ្រព្យ​បញ្ចាំ​ដាក់​នៅ​គ្រឹះស្ថាន​ប្រាក់កម្ចី​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ ដែល​បាន​បន្ថែមថា ពលរដ្ឋ​ដែល​គ្មាន​ទ្រព្យ​បញ្ចាំ​នេះ គេ​ហៅ «​ឥណទាន​ជា​ក្រុម​» សម្រាប់​ឱ្យ​អតិថិជន​ចងក្រង​គ្នា​ជា​ក្រុម​មួយ ហើយ​មាន​ប្រធាន​១​នាក់ ទទួល​រ៉ាប់រង​ត្រឹមត្រូវ ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​មក​ខាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ។​
 
​លោក កាំ​ង តុង​ងី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥណទាន​ជា​ក្រុម​នេះ បង្កើតឡើង​សម្រាប់​ផ្ដល់​សេវា​ប្រាក់កម្ចី​ទៅដល់​អ្នក​ដែល​អត់​មានផ្ទះ ដី និង​ទ្រព្យសម្បត្តិ​នានា ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​រកស៊ី​របស់​ពួកគាត់ តាមរយៈ​អត្រា​ការប្រាក់​ទាប​ធម្មតា ដោយ​កុំឱ្យ​ពួកគាត់​ទៅ​ខ្ចីលុយ​គេ ក្នុង​អត្រា​ការប្រាក់​ថ្លៃ​។ ឥណទាន​ជា​ក្រុម​នេះ គេ​អាចឱ្យ​ពលរដ្ឋ​ខ្ចី​ចាប់ពី​៥០០​ដុល្លារ​ទៅដល់​៤០០០​ដុល្លារ អាស្រ័យ​តាម​គោលការណ៍​របស់​ស្ថាប័ន​នីមួយៗ​»​។​
 
​របាយការណ៍​លីកាដូ បាន​សង្កត់ធ្ងន់ថា បំណុល​ពលរដ្ឋ​ជាង​១០​ពាន់​លាន​ដុល្លារ  កើតចេញពី​កម្ចី​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២​លាន​៥​សែន​នាក់​មាន​ជាប់ជំពាក់​កម្ចី​ខ្នាតតូច ជាមួយនឹង​អត្រា​កម្ចី​ជា​មធ្យម ៣៨០០​ដុល្លារ ដែលជា​ចំនួន​ច្រើនជាងគេ​នៅលើ​ពិភពលោក ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com