ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋាភិបាល បង្កើតមណ្ឌលអប់រំថ្នាក់ជាតិ សម្រាប់ដាក់តែជនល្មើសអាយុក្រោម១៨ឆ្នាំ
29, Apr 2020 , 1:54 pm        
រូបភាព
លោក តូច ចាន់នី ថ្លែង​នៅ​ក្នុង​សន្និសីទកាសែតស្តីពីវឌ្ឍនភាព និងទិសដៅការងារ​បន្ត​របស់​ក្រសួង​សង្គម​កិច្ច​ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០
លោក តូច ចាន់នី ថ្លែង​នៅ​ក្នុង​សន្និសីទកាសែតស្តីពីវឌ្ឍនភាព និងទិសដៅការងារ​បន្ត​របស់​ក្រសួង​សង្គម​កិច្ច​ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០
ដោយ:
ភ្នំពេញ៖ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ព័ត៌មានថា មណ្ឌលកែប្រែថ្នាក់ជាតិថ្មីមួយ ក្នុងឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងដំណើរការសាងសង់ សម្រាប់ដាក់អ្នកជាប់ឃុំជាអនីតិជន(ក្រោមអាយុ១៨)។



ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាព និងទិសដៅការងារនៃក្រសួងសង្គមកិច្ច ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២៨ ខែមេសា លោក តូច ចាន់នី អះអាងថា បច្ចុប្បន្ន អ្នកជាប់ឃុំជាអនីតិជនសរុប មានជាង១,៨ពាន់នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារតាមខេត្ត។ លោក បញ្ជាក់ថា៖«យើង អត់ត្រូវយកពួកគាត់ ដាក់នៅលាយឡំជាមួយកន្លែងមនុស្សចាស់ទេ។ អ៊ីចឹង យើងនឹងយកគាត់ដាក់នៅកន្លែងមួយ ដើម្បីអប់រំមួយឡែក»។

បន្ថែមពីលើអ្វីដែលថ្លែងក្នុងសន្និសីទកាសែត លោក តូច ចាន់នី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះថា ក្រោយពីសាងសង់រួច អ្នកជាប់ឃុំជាអនីតិជនជាង១,៨ពាន់នាក់នោះ នឹងត្រូវផ្ទេរចេញពីពន្ធនាគារ យកទៅដាក់នៅមណ្ឌលកែប្រែថ្នាក់ជាតិថ្មីនេះ ហើយចំពោះអនីតិជនក្រោយៗទៀត ដែលប្រព្រឹត្តបទល្មើស នឹងត្រូវចាប់ផ្តើម យកទៅដាក់នៅទីនោះដូចគ្នា ដោយលែងយកទៅដាក់នៅតាមពន្ធនាគារទៀតហើយ។

លោក បន្ថែមថា មណ្ឌលកែប្រែជាតិនេះ គឺសម្រាប់ដាក់អ្នកជាប់ឃុំជាអនីតិជននៅទូទាំងប្រទេស។ ចុះបើអនីតិជន តាមបណ្តាខេត្តឆ្ងាយៗ ដូចជានៅបាត់ដំបង និងនៅព្រះវិហារ ជាដើម តើត្រូវបញ្ជូនទៅមណ្ឌលកែប្រែនេះដែរឬ ហើយឪពុកម្តាយ ឬសាច់ញាតិ ប្រាកដជាជួបការលំបាក ក្នុងការទៅជួបកូន ឬបងប្អូន? អ្នកនាំពាក្យក្រសួងសង្គមកិច្ច ឆ្លើយថា៖«នៅឆ្ងាយ អាហ្នឹងឲ្យធ្វើម៉េច បើយើងត្រូវបញ្ជូនទៅ មណ្ឌលកែប្រែហ្នឹង! មិនមែនសម្រាប់តែខេត្តកណ្តាល ឬភ្នំពេញទេ គឺ Cover [គ្រប់ដណ្តប់ទូទាំងប្រទេស] នៅខេត្តណា ក៏យើងត្រូវបញ្ជូនទៅដែរ»។

យ៉ាងណា លោក និយាយថា រដ្ឋាភិបាល ក៏មានគម្រោងបង្កើតមណ្ឌលកែប្រែបន្ថែមទៀតដែរ នៅតាមបណ្តាខេត្តនានា សម្រាប់ដាក់អ្នកជាប់ឃុំជាអនីតិជន។

មណ្ឌលកែប្រែថ្នាក់ជាតិទីមួយ នៅខេត្តកណ្តាល ដែលជាចំណាយរបស់រដ្ឋ គឺចាប់ផ្តើមសាងសង់ពី២០១៩មក ហើយមកដល់ពេលនេះ សម្រេចបាន២០ ទៅ៣០ភាគរយហើយ។ នេះបើតាមលោក តូច ចាន់នី ដដែល ដោយលោក សន្និដ្ឋានថា មណ្ឌលកែប្រែថ្នាក់ជាតិមួយនេះ នឹងរួចរាល់នៅចុងឆ្នាំ២០២០នេះ ហើយនឹងអាចដំណើរការដាក់អ្នកជាប់ឃុំជាអនីតិជន ចាប់ពីដើមឆ្នាំ២០២០ទៅ។

លោក មានប្រសាសន៍ថា បច្ចុប្បន្ន ការដែលអនីតិជន ត្រូវបានយកទៅដាក់នៅតាមពន្ធនាគារ គឺដោយសារតែមិនទាន់មានមណ្ឌលកែប្រែសម្រាប់ដាក់អនីតិជន។

លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធាគារ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ កាលពីថ្ងៃ២៨ ខែមេសាម្សិលមិញថា ក្នុងចំណោមអនីតិជនជាង១,៨ពាន់នាក់ អនីតិជនច្រើនជាងគេ ដែលកំពុងជាប់ឃុំ គឺនៅភ្នំពេញ និងខេត្តសៀមរាប។ លោក ថា ការបង្កើតមណ្ឌលកែប្រែសម្រាប់ដាក់អនីតជននេះ គឺស្របទៅតាមច្បាប់ ស្តីពីយុត្តិធម៌អនីតិជន។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ កាលពីថ្ងៃម្សិលមិញដែរនោះ និយាយថា តាមគោលការណ៍ វាគឺជារឿងល្អ ដែលរដ្ឋាភិបាល បង្កើតមណ្ឌលកែប្រែសម្រាប់ដាក់អ្នកជាប់ឃុំជាអនីតិជន ឲ្យនៅដោយឡែកពីអ្នកទោសទូទៅ។ លោក មានប្រសាសសន៍ថា៖«យើងមិនអាចដាក់ជាមួយគ្នាបានទេ ព្រោះវា ប៉ះពាល់ដល់សិទ្ធិរបស់អនីតិជន»។

ក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្រ្តី លោក តូច ចាន់នី ក៏បានលើកឡើងដែរថា ក្រសួងសង្គមកិច្ច នឹងសហការជាមួយក្រសួង សា្ថប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ បង្កើតកម្មវិធីបណ្តុះបណ្តាលដល់អនីតិជន ដើម្បីកែប្រែពួកគេ ឲ្យក្លាយជាពលរដ្ឋល្អ និងកសាងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិស័យយុវនីតិសម្បទា។ លោក បន្តថា ​ក្រសួង ក៏កំពុងតែកសាងមជ្ឈមណ្ឌលជាតិ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ សម្រាប់ព្យាបាល និងស្តារនីតិសម្បទាលើអ្នកញៀនគ្រឿងញៀនផងដែរ។

រដ្ឋាភិបាល ទទួលស្គាល់ថា បច្ចុប្បន្នពន្ធនាគារនៅកម្ពុជា មានភាពចង្អៀតណែន។ របាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានអ្នកជាប់ឃុំ​ ជាង៣,៨ម៉ឺននាក់ ​ក្នុងនោះ ស្ត្រីមានជាង២,៥ពាន់នាក់៕

Tag:
 អនីតិជន
  មណ្ឌលកែប្រែ
  តូច ចាន់នី
© រក្សាសិទ្ធិដោយ thmeythmey.com