COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ពី​កម្មការិនី​ចល័ត​តាម​រោងចក្រ ទៅជា​អ្នក​រើស​អេតចាយ​ដោយសារ កូ​វីដ​-១៩
20, Jul 2020 , 3:03 pm        
រូបភាព
​ជា​កម្មការិនី​ចល័ត ស្ត្រី​ឈ្មោះ ញឹម រៀម មិន​បានទទួល​ប្រាក់ឧបត្ថម្ភ​ទៅតាម​គោលការណ៍​រដ្ឋាភិបាល​នោះឡើយ​។ រយៈពេល​៤​ខែ​ចុងក្រោយ ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូបនេះ ផ្សងព្រេង​ឈរ​តម្រង់​ជួរ​នៅមុខ​រោងចក្រ​ដើម្បី​សុំ​ការងារ​ធ្វើ​ផង និង​ដើរ​រើស​អេតចាយ​លក់​ផង​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ ក្នុង​កញ្ចប់​ថវិកា​២​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច និង​ជីវភាព​ពលរដ្ឋ​នា​អំឡុង​នៃ​វិបត្តិ​កូ​វីដ​-១៩ ខ្ទង់​៦០​លាន​ដុល្លារ​អាមេរិក​ផ្តោតលើ​ការជួយ និង​គាំពារ​ដល់ក​ម្មករ​រោងចក្រ​ដែល​បាត់បង់ និង​ត្រូវបាន​ព្យួរការងារ​។ មេដឹកនាំ​សហជីព និង​សង្គម​ស៊ីវិល យល់ឃើញថា រដ្ឋាភិបាល​មិនគួរ​បែងចែក​កម្មវិធី​គាំពារ​សង្គម​រវាង​អ្នក​បម្រើការ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​នោះទេ ដោយ​គប្បី​សិក្សា​ឲ្យ​ស៊ីជម្រៅ  ហើយ​ផ្តល់​ការឧបត្ថម្ភ​ទៅដល់​កម្មករ កម្មការិនី​ឲ្យ​បាន​ដូចគ្នា​។​

 
«​មួយថ្ងៃ​ខ្ញុំ​រកបាន​ត្រឹមតែ​ពី​៣០០០​រៀល​ទៅ​៥០០០​រៀល​ប៉ុណ្ណោះ​»​។ កម្មការិនី ញឹម រៀម ត្អូញត្អែរ​ពី​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន ដែល​ធ្លាក់​ដុនដាប​កាន់តែខ្លាំង ក្រោយ​រោងចក្រ​ជា​បន្តបន្ទាប់​ត្រូវបាន​បិទទ្វារ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ ចំណូល​ដ៏​ស្តួចស្តើង​នេះ បានមកពី​ការដើរ​ប្រមែប្រមូល​អេតចាយ​លក់​។​
 
​ស្ថិតក្នុង​បន្ទប់​ជួល​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ព័ទ្ធជុំវិញ​ដោយ​ចង្អូរ​ទឹក​កខ្វក់ អ្នកនាង ញឹម រៀម មមាញឹក​រៀបចំ​សំបក​កំប៉ុង​ទឹកក្រូច ស្រា​បៀរ និង​ដប​ទឹក​សុទ្ធ ដាក់​ក្នុង​ការុង​ដើម្បី​យកទៅលក់​។ «​ក្រោយពេល​គេ​ល្បី​ខ្លាំង​រឿង​កូ​វីដ​-១៩​ហ្នឹង ខ្ញុំ​ក៏​អត់​មាន​ការងារ​ធ្វើ​ចូល​ជិត​៤​ខែ​មកហើយ​។ គ្មាន​រោងចក្រ ឬ​ភោជនីយដ្ឋាន​ណា ទទួលយក​ខ្ញុំ​ឡើយ​»​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូបនេះ រៀបរាប់ ដោយ​សំឡេង​មួយៗ ស្រាលៗ ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន ដោយ​ដៃ​ម្ខាង​កំពុងកាន់​មាត់​ការុង ឯ​ដៃ​ម្ខាង​ទៀត​កំពុង​ប្រមូល​សំបក​ដប និង​កំប៉ុង​នានា​ដាក់ចូល​ការុង​។​
 
​បើ​ដ្បិត​នៅតែ​លីវ និង​គ្មាន​កូន​ក្នុងបន្ទុក​ដូចជា​កម្មការិនី​ដទៃ ប៉ុន្តែ​ស្ត្រី​រូបនេះ មាន​ឪពុក​ចាស់​ជ​វា​វ័យ​ជាង​៧០​ឆ្នាំ​នៅឯ​ស្រុកកំណើត​ក្នុង​ខេត្តតាកែវ ដែល​ត្រូវ​ថែរក្សា​។ នេះ​ជាហេតុ​ដែល​គាត់​បន្ត​ក្រាញននាល ប្រឹងប្រែង​តស៊ូ​រក​ចំណូល​នៅ​ភ្នំពេញ ពីព្រោះ​គាត់​គ្មាន​ដីស្រែ ឬ​មុខរបរ​ដែល​ត្រូវធ្វើ​នៅ​ស្រុកកំណើត​នោះឡើយ​។​
 
​ក្លាយ​ជាកម្មការិនី​ចល័ត​ក្រោយ​រោងចក្រ​ផលិត​នំ​បាន​បិទទ្វារ​
 
​កម្មការិនី ញឹម រៀម ធា្ល​ប់​ធ្វើការ​រោងចក្រ​ផលិត​នំ​មួយ​នៅ​ម្តុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដោយ​ទទួលបាន​ប្រាក់ខែ​១៦០​ដុល្លារ ជាមួយនឹង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​ប្រាក់​បំណាច់​ឆ្នាំ ប្រាក់​អតីតភាព ប្រាក់​ថ្លៃ​បាយ និង​ថ្លៃ​សេវា​សុខភាព​។  ប្រាក់ខែ​ដែល​បានមក គាត់​ត្រូវ​បែងចែក​សម្រាប់​ការចាយវាយ​ផ្ទាល់ខ្លួន និង​សន្សំ​ទិញ​អង្ករ​ផ្ញើជូន​ឪពុក​នៅ​ស្រុកកំណើត​។​
 
​ចំណូល​តិច ចំណាយ​ច្រើន ដែល​តម្រូវ​ឲ្យ ញឹម រៀម តែងតែ​ខ្ចីប្រាក់​បន្ថែមទៀត​ពី​អ្នកដទៃ ជាពិសេស​អ្នកធ្វើការងារ​ក្នុង​រោងចក្រ​ជាមួយគ្នា ដោយ​បើក​ប្រាក់ខែ​បាន គាត់​ត្រូវយក​សង​គេ​វិញ​។  សកម្មភាព​វិលជុំ​បែបនេះ​នៅតែ​បន្ត​រហូតដល់​រោងចក្រ​រោងចក្រ​ផលិត​នំ​បិទទ្វារ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៩ ដែល​ក្រោយមក​គាត់​ក្លាយជា​កម្មការិនី​ចល័ត​។​


​កម្មការិនី ញឹម រៀម កំពុង​ឈរ​នៅមុខ​បន្ទប់​ជួល​របស់ខ្លួន​ដែលមាន​ពោរពេញ​ទឹក​កខ្វក់​ហូរ​កាត់ ជាប្រចាំ​ថ្ងៃ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥​មេសា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/ ThmeyThmey

​គាត់​រៀបរាប់ថា​៖ «​រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៥​ភ្លឺ ហើយ​ដើរទៅ​តម្រង់​ជួរ​នៅ​បរិវេណ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​។ នៅ​ម៉ោង​៥ និង​៣០ ដល់​ម៉ោង​៦​ព្រឹក​ជា​ម៉ោង​ដែលមាន​មេការ​ចុះមក​រើស​កម្មករ​ធ្វើ​ការងារ​ច្រើន ហើយ​ខ្ញុំ​ទទួលបាន​ការងារ​ធ្វើ​ទៅតាម​ហ្នឹង​ផងដែរ​។ បើ​ខ្ញុំ​ក្រោក​មិនទាន់​ម៉ោង​ហ្នឹង​ទេ ខ្ញុំ​ត្រូវ​មកឈរ​ចាំ​នៅ​កន្លែង​ហ្នឹង​ម៉ោង​៤​ម្តងទៀត ទើប​មាន​មេការ​រោងចក្រ​កម្មករ​ចូលធ្វើការ​វេន​យប់​»​។ 
 
​មិន​ថា​បម្រើ​ការងារ​ក្នុង​រោងចក្រ ក្នុង​បរិវេណ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា មិន​ថា​នៅ​ម្តុំ​ចោមចៅ និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះទេ ភាគច្រើន​កម្មការិនី​រូបនេះ ទទួលបាន​ការងារ​ប្រភេទ​វេច​ខ្ចប់ បត់​សម្លៀកបំពាក់ និង​កាត់​ព្រុយ ដោយ​ទទួលបាន​ប្រាក់កម្រៃ​ភ្លាមៗ​ពី​៦​ទៅ​១០​ដុល្លារ​ក្នុង​មួយថ្ងៃ​។​
 
​ពី​ចំណូល​តិចតួច​ទៅជា​គ្មាន​ចំណូល ដោយសារ​កូ​វីដ​-១៩
 
​កន្លងមក ស្ថានភាព​មិនជា​អាក្រក់​ប៉ុន្មាន​នោះឡើយ​សម្រាប់​អ្នកនាង រៀម ជា​ស្ត្រី​នៅ​លីវ មានលទ្ធភាព​គ្រប់គ្រាន់​ដោះស្រាយ​ម្ហូបអាហារ​ប្រចាំថ្ងៃ និង​ថ្លៃឈ្នួល​ផ្ទះ​២១​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ ប៉ុន្តែ ក្រោយ​មាន​រោងចក្រ​ជាច្រើន​បិទទ្វារ​បន្តបន្ទាប់​មក​ដោយ​សារ​តែ​ជំងឺ​កូ​វីដ​-១៩​មក  បានធ្វើ​ឲ្យ​កម្មការិនី​ចល័ត​រោងចក្រ​រូបនេះ លែង​មានឱកាស​រកប្រាក់​ចំណូល​បាន​ពី​រោងចក្រ​ទាំងស្រុង ពិសេស​ក្នុង​រយៈពេល​៤​ខែ​ចុង​ក្រោយនេះ ហើយ​បែរជា​ពឹង​ផ្អែកលើ​ចំណូល​ប្រចាំថ្ងៃ​បន្តិចបន្តួច​ពី​របរ​រើស​អេតចាយ​ទៅវិញ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ថ្វី​ដ្បិត រៀម សុខចិត្ត​ដើរ​រើស​អេតចាយ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ក្រពះ​ក៏ពិតមែន ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ ចន្លោះ​ពី​ម៉ោង​៥​កន្លះ​ដល់​ម៉ោង​៧​កន្លះ និង​ចន្លោះ​ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច ស្ត្រី​រូបនេះ​នៅតែ​មក​តម្រង់​ជួរ​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដើម្បី​រក​ការងារ​ផ្សេងៗ​ធ្វើ​នៅក្នុង​រោងចក្រ​ជិត​-​ឆ្ងាយ​នានា​។ គួរ​សោកស្តាយ ការព្យាយាម​ទៅ​តម្រង់​ជួរ​ទាំង​ព្រឹក​-​ល្ងាច របស់​កម្មការិនី​ធ្វើ​ការងារ​ចល័ត​រូបនេះ  មិនបាន​ផល​ឡើយ ព្រោះ​មិនមាន​មេកា​រូប​ណា​ហៅ​គាត់​ឲ្យ​ចូលធ្វើការ​សោះ​។​


​កម្មការិនី ញឹម រៀម និង​កម្មករ​ចល័ត​រោងចក្រ​ឯទៀត​កំពុង​អង្គុយ​លើ​គ្រែឈើ​ក្នុង​តូប​មួយកន្លែង​ជា​ចិញ្ចើមផ្លូវ​វេ​ង ស្រេង ម្តុំសួន​ឧស្សាហកម្ម​កាណា​ឌី​យ៉ា សម្លឹងមើល​កម្មក​រដែ​ល​មេការ​ទទួល​ឱ្យធ្វើ​ការងារ ហៅ​ឡើងលើ​រថយន្ត កាលពី​ព្រឹក​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/ThmeyThmey

​មួយ​សប្តាហ៍​ក្រោយមក សារព័ត៌មាន​ថ្មីៗ បាន​ទៅ​ជួប​កម្មការិនី រៀម ម្តងទៀត ហើយ​ស្ថាន​ភាពមិន​ខុសពី​អ្វីដែល​គាត់​រៀបរាប់​កាលពី​ជំនួប​ដំបូង​នោះឡើយ​។ គាត់​ស្ថិតក្នុង​ចំណោម​កម្មករ​-​កម្មការិនី​រោង​ចល័ត​ប្រមាណ​៥០០​នាក់​ដែល​ឈរ​នៅ​ម្តុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វេ​ង​ស្រេង ដើម្បី​រង់ចាំ​ឱកាស​ការងារ ចាប់តាំងពី​មុន​ម៉ោង​៦​ព្រឹក នា​ថ្ងៃទី​១៧ ខែកក្កដា​។​
 
​ដៃ​កាន់​កូន​ថង់​តូច​មួយ​ដែល​សំបក​កំប៉ុង​ពីរ​បី​ក្នុងនោះ កម្មការិនី​ពី​ខេត្តតាកែវ​រូបនេះ បាន​ឆ្លៀត​មក​រៀបរាប់​ប្រាប់​ពី​ស្ថានភាព​របស់ខ្លួន ហើយ​ភ្នែក​ទាំង​គូរ​សម្លឹង​ទៅ​កម្មករ កម្មការិនី​ចល័ត ដែល​ត្រូវបាន​មេការ​ទទួលយក​ហើយ​ហៅ​ឈ្មោះ​ម្តង​មួយៗ​ឡើង​រថយន្ត​ទៅ​បម្រើ​ការងារ​ក្នុង​រោងចក្រ​នៅ​កន្លែង​ផ្សេងៗ​គ្នា​។ គាត់​និយាយថា​៖«​ខ្ញុំ​ត្រូវការ​លុយ​ប្រញាប់​ជួយ​ឪពុក​ចាស់​នៅផ្ទះ​ដែល​អត់​មាន​អង្ករ​អី​ហូប​។ ឪ​ខ្ញុំ​ចាស់​ហើយ​! ឪ​ខ្ញុំ​អាយុ​៧០​ឆ្នាំ គាត់​កាន់​ធម៌​ហើយ​»​។ 
 
​ក្រោយ​សម្លឹងមើល​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ចល័ត​ដែល​សំចត នៅលើ​ចិញ្ចើមផ្លូវ​វេ​ង ស្រេង  អស់​ប្រមាណ​៥​នាទី ទាំង​ស្រពាប់​ស្រពោន​មក  កម្មការិនី​រូបនេះ​បាន​ដក​ដង្ហើមធំ ហើយ​ពោលថា​៖« បើ​ខ្ញុំ​មិន​រក​ឲ្យ​គាត់ [​ឪពុក​] គឺ​គាត់​អត់​អី​ហូប​ទេ​។ ខ្ញុំ​មុជ​ងើបៗ​ខំ​រកប្រាក់​រាល់ថ្ងៃ សន្សំ​បាន​៧-៨​ម៉ឺន​រៀល ទិញ​អង្ករ​បាន​៤-១០​គីឡូ ផ្ញើជូន​គាត់​»​។ 
 
​បច្ចុប្បន្ន របរ​រើស​អេតចាយ ជួយ​ឲ្យ ញឹម រៀម ទទួលបាន​ចំណូល​ពី​៣០០០​រៀល ទៅ ៥០០០​រៀល​ក្នុង​មួយថ្ងៃ ហើយក៏​មិន​ងាយ​បាន​លើសពី​នេះឡើយ ដោយសារ​របរ​មួយ​នេះ ក៏​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​ជំងឺឆ្លង​កូ​វីដ​-១៩ ផងដែរ​។ ទោះបី​អ្នកនាង ញឹម រៀម បាន​បាត់បង់​ការងារ​ក្នុង​ចក្រ​រោង​ពិតមែន ប៉ុន្តែ​កម្មការិនីរ​រូបនេះ មិនអាច​ទទួលបាន​សេវា​គាំពារ​សង្គម និង​ប្រាក់ឧបត្ថម្ភ​ពិសេស​ពីរ​ដ្ឋា​ភិ​បា​ភិ​បាល​ឡើយ ដោយសារតែ​គាត់​ជា​កម្មករ​រោងចក្រ​ដែល​មិន​ស្ថិតក្រោម​ប្រព័ន្ធ​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ 
 
​កម្មករ​-​កម្មការិនី​ចល័ត​ផ្សេងទៀត​ក៏មាន​ស្ថាន​ភាពមិន​ខុស​ដែរ​
 
​ករណី​កម្មការិនី ញឹម រៀម មិនមែនជា​រឿង​ដាច់ដោយឡែក​នោះឡើយ​។ អ្នកស្រី យ៉ាន សុភា ដែលជា​កម្មការិនី​ចល័ត​មួយរូប​មកពី​ខេត្តស្វាយរៀង ក៏បាន​ធ្លាប់​ធ្វើការ​១០​ម៉ោង​ក្នុង​១​ថ្ងៃ និង​ទទួលបាន​ប្រាក់កម្រៃ​ចន្លោះ​ពី​១០ ទៅ​១៥​ដុល្លារ​អាមេរិក ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ផងដែរ​។ រាល់​ព្រឹក ស្ត្រី​ដែលមាន​កូនស្រី​ពីរ​នាក់​អាយុ​១៣​ឆ្នាំ និង​៧​ឆ្នាំ​រូបនេះ ក្រោក​ដាំបាយ ចំអិន​អាហារ​ទុក​ឲ្យ​កូន ហើយ​ផ្ញើ​ម្ចាស់​បន្ទប់​ជួល និង​អ្នកជិតខាង​ឲ្យ​ជួយ​មើល មុននឹង​ចេញទៅ​ធ្វើការ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​។​


កម្មការិនី យ៉ាន សុភា កំពុង​ឈរ​នៅមុខ​ធនាគារ​មួយកន្លែង​នៅ​ម្តុំសួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ជាប់​ផ្លូវ​វេ​ង ស្រេង ដើម្បី​រក​ការងារ​ចល័ត​រោងចក្រ​ធ្វើ កាលពី​ព្រឹក​ថ្ងៃទី​១៧​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/ThmeyThmey 

​កូ​វីដ​-១៩ បាន​ឲ្យ​ស្ថានភាព​របស់​អ្នកស្រី សុភា កាន់តែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​លទ្ធភាព​រកប្រាក់​ចិញ្ចឹម​កូនៗ​។ គាត់​រៀបរាប់ថា​៖ «​កាលពី​ខែឧសភា និង​មិថុនា ខ្ញុំ​គ្រាន់​បានការ​ងារ​ធ្វើ​ខ្លះ បាន​លុយ​ដើម្បី​សង​គេ និង​ទិញ​នំចំណី​ឲ្យ​កូន​ហូប តែ​ឥឡូវ​ចូល​អាទិត្យ​ទី​បួន ខ្ញុំ​ធ្វើការ​១០​ម៉ោង បាន​លុយ​តែ​៨​ដុល្លារ​កន្លះ​ប៉ុណ្ណោះ ហើយ​ឱកាស​ការងារ​កាន់តែ​ចង្អៀត​ទៀត​»​។​
 
​ងាក​ទៅ​លោក កូវ ចាន់ ឯណោះ​វិញ លោក​ក៏​ពិបាកចិត្ត​ផងដែរ ព្រោះ​ត្រូវការ​មាន​ចំណូល​ដើម្បី​ដោះស្រាយ​បន្ទុកគ្រួសារ​។ គាត់​ជា​កម្មក​រោងចក្រ​ចល័ត​ដែល​ធ្វើ​ការងារ​ចម្រុះ លើ​ផ្នែក​លីសែង​ក្រណាត់​ផង ផ​វាយ​កា​តុង​ផង  បិទ​ស្ទិ​ក​ឃ័​រ និង​វេច​ខ្ចប់​ផង​។ ៤​ឆ្នាំ​ហើយ ដែល​លោក​ធ្វើ​ការងារ​ចល័ត​បែបនេះ ខណៈ​ភរិយា​ធ្វើការ​នៅ​រោងចក្រ​មួយកន្លែង ទាំង​មាន​ជំងឺ​ប្រចាំកាយ​។​
 


លោក កូវ ចាន់ កំពុង​អង្គុយ​នៅមុខ​ហាង​លក់​ទូរ​សព្ទ​មួយកន្លែង នៅ​ម្តុំសួន​ឧស្សាហកម្ម​កា​យ៉ា​ឌី​យ៉ា ក្រោយ​មកពី​តម្រង់​ជាង​១​ម៉ោង​ដើម្បី​រក​ការងារ​ចល័ត​រោងចក្រ​ធ្វើ​មិនបាន កាលពី​ព្រឹក​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/ThmeyThmey
 
​លោក​បាន​រៀបរាប់​ទាក់ទង​នឹង​ការសម្រេចចិត្ត​ធ្វើការ​ចល័ត​របស់ខ្លួន​ថា​៖ «​បើ​ខ្ញុំ​ចូលធ្វើការ​រោងចក្រ ចាំ​កន្លះ​ខែ​ឬមួយ​ខែ​បើក​លុយ​ម្តងនោះ គឺ​ខ្ញុំ​ធ្វើ​អត់​បានទេ ព្រោះ​ខ្ញុំ​ជា​មេ​គ្រួសារ មាន​បន្ទុក​ផ្គត់ផ្គង់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​គ្រួសារ​»​។ ប៉ុន្តែ​ពេលនេះ ស្ថានភាព​លោក​កាន់តែ​ពិបាក ហើយ​លោក​តែងតែ​បន់ស្រន់​ឲ្យ​កូ​វីដ​-១៩ ឆាប់​រលាយ​សាបសូន្យ​។​
 
​សេវា​គាំពារ​សង្គម និង​ប្រាក់ឧបត្ថម្ភ ដល់​កម្មករ​រោងចក្រ​ក្នុង​ប្រព័ន្ធ​ការងារ​
 
​វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​រោងចក្រ​ជាង​៨០ ប្រកាស​បិទទ្វារ និង​ជាង​៤៥០​ទៀត ព្យួរ​ការផលិត​របស់​ខ្លួន​។ វិបត្តិ​នេះ បានធ្វើ​ឲ្យ​កម្មករ ជាង​១៧​ម៉ឺន​នាក់ បាត់បង់​ការងារ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​កម្មវិធី​ស្តីពី​ការស្តារ​សេដ្ឋកិច្ចជាតិ និង​គ្រប់គ្រង​ថវិកា នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៧​កក្កដា ឆ្នាំ​២០២០​។​
 
​ថវិកា​៦០​លាន​ដុល្លារ​អាមេរិក ពី​កញ្ចប់​ថវិកា​ត្រៀម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​រដ្ឋា​ភិ​បាល ត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ និង​គាំពារ​ដល់ក​ម្មករ​រោងចក្រ​ដែល​បាត់បង់ និង​ព្យួរការងារ ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​។ ចំពោះ​កម្មករ​រោងចក្រ​ម្នាក់ៗ​ដែល​ព្យួរការងារ​នោះ  នឹង​ទទួលបាន​ប្រាក់ខែ​៧០​ដុល្លារ ដោយ​រដ្ឋាភិបាល​ផ្ដល់​៤០​ដុល្លារ ហើយ​ថៅកែ​រោងចក្រ​ផ្ដល់​៣០​ដុល្លារ​។ 
 
​កម្មការិនី ញឹម រៀម​, យ៉ាន សុភា ក៏ដូចជា​កម្មករ កូវ ចាន់ ដែល​ប្រកប​អាជីព​ចល័ត មិន​ទទួលបាន​សេវា​គាំពារ​នេះឡើយ​។ កម្មករ​រោងចក្រ​ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ទាំងនេះ គឺ​សុទ្ធតែជា​កម្មករ​រោងចក្រ​ដែល​ស្ថិតក្នុង​ក្របខណ្ឌ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ 
 
​សម្រាប់​កម្មករ​ក្នុង​ប្រព័ន្ធ​ដែល​ត្រូវបាន​ព្យួរការងារ​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ លោក ហេង សួរ ក៏បាន​ស្នើ​ទៅ​ពួកគេ​កុំ​ផ្លាស់ប្តូរ​លេខ​ទូរ​សព្ទ​ញឹកញាប់ ព្រោះ​វា​ជា​មធ្យោបាយ​ដែល​រដ្ឋាភិបាល​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ដើម្បី​ផ្តល់ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ តាម​សេវាកម្ម​វី​ង ទៅតាម​ដំណាក់កាល​។ 


កម្មករ​-​កម្មការិនី ជាច្រើនរូប កំពុង​ឈរ​រក​ការងារ​ចល័ត​រោងចក្រ​ធ្វើ​នៅមុខ​ហាង​លក់​ទូរ​សព្ទ​មួយកន្លែង ម្តុំសួន​ឧស្សាហកម្ម​កា​ណា​ឌីយ៉ា កាលពី​ព្រឹក​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ អ៊ូ សុខ​មាន​/ThmeyThmey
 
​ទោះបីជា​យ៉ាងណា កម្មករ ឬ​បុគ្គលិក​ក្នុង​ប្រព័ន្ធ មិនមែន​សុទ្ធតែ​ទទួលបាន​កម្មវិធី​ជំនួយ​សង្គម​ពី​រដ្ឋាភិបាល​ទាំងអស់​នោះឡើយ​។ រោងចក្រ​ដែល​ទទួលបាន​បាន​លុះត្រា មាន​ការគោរព​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ ហើយ​កម្មករ​រោងចក្រ​ទាំងនោះ ត្រូវបាន​និយោជក​ចុះឈ្មោះ​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​
 
​សង្គម​ស៊ីវិល និង​សហជីព ស្នើ​ឲ្យ​គិតគូរ​ដល់ក​ម្មករ​ចល័ត​
 
​បើតាម​លោក ឃុន ថា​រ៉ូ  អ្នកគ្រប់គ្រង​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) បាន​កត់សម្គាល់ថា និយោជក ដែល​ជ្រើសរើស ឬ​ជួល​កម្មករ​ដោយ​ចល័ត​រោងចក្រ​ពីមួយ​ទៅមួយ​មក​ប​ម្រី​ការងារ​ដូច្នេះ គឺជា​កេងប្រវ័ញ្ច​លើ​សិទ្ធិ​កម្មករ​ដោយ​មិនមាន​កិច្ចសន្យា​ណាមួយ​ធានា​កា​ងារ​ជូន​ចំពោះ​កម្មករ​នោះ ជា​សកម្មភាព​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ការងារ​ក្នុង​ចេតនា​គេចវេស​ពី​ភាព​ទទួលខុសត្រូវ​លើក​ម្មករ​។ 
 
​លោក​បាន​បន្ថែមថា ភាពខ្វះ​ចន្លោះ​នៃ​ការអនុវត្ត​ច្បាប់ ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​ជាច្រើន បាត់បង់​ការងារ ពិសេស​អ្នក​ដែល​ធ្វើការ​ចល័ត​ពី​រោងចក្រ​មួយ​ទៅ​រោងចក្រ​មួយ​។ ដោយសារ​ពួកគាត់​មិន​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រោងចក្រ និង​រដ្ឋាភិបាល​នោះ មាន​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​ចូល​បម្រើ​ការងារ​លើ​សេវាកម្ម​សប្បាយ អ្នកខ្លះ​រើស​អេតចាយ អ្នក​ខ្លះទៀត​កាន់តែ​កុន​ខ្លួន​ក្នុង​បំណុល​។​
 
​សម្រាប់​អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា រដ្ឋាភិបាល​មិនត្រូវ​បែងចែក ឬ​រើសអើង រវាង​កម្មករ​រោងចក្រ​ដែល​ស្ថិតក្នុង​ក្របខណ្ឌ និង​ក្រៅ​ក្របខណ្ឌ​ឡើយ​។ អ្នកស្រី​លើកឡើងថា ពាក់ព័ន្ធ​ទៅនឹង​កម្មវិធី​ជំនួយ​សង្គម ឬក៏​ជំនួយ​សន្តិសុខ​សង្គម បណ្ណ​សមធម៌​ជាដើម កម្មករ​ដែល​ធ្វើ​ការងារ​រោងចក្រ​ក្រៅ​ក្របខណ្ឌ​ទាំងនោះ គួរ​ណាស់​ទទួលបាន​ពី​រដ្ឋាភិបាល​ដូច​កម្មករ​រោងចក្រ​ទូទៅ​ដែរ​។​
 
«​យើង​គិតថា​ពួកគាត់ [​កម្មករ​រោងចក្រ​ក្រៅ​ក្របខណ្ឌ​]​មិន​ត្រូវបាន​រើសអើង​ឡើយ ពីព្រោះ​ពួកគាត់​រស់នៅ​សង្គម​ដូចគ្នា ហើយ​ប្រឈម​កូ​វីដ​-១៩​ដូចគ្នា​»​។ អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ បាន​សម្តែង​ការសោកស្តាយ​យ៉ាង​ដូច្នេះ ដោយបាន​បន្ថែមថា ទោះបី​អ្នក​ទាំងនោះ បាន​កម្រៃ​ប្រចាំថ្ងៃ​លើសពី​កម្មករ​រោង​ក្នុង​ក្របខណ្ឌ​ក៏ពិតមែន ប៉ុន្តែ​ពួកគាត់​ត្រូវខិតខំ​ធ្វើការ​ងារ​១០​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​មិន​ទទួលបាន​អត្ថប្រយោជន៍​អ្វី​បន្ថែមទៀត​សោះ​ពី​រោងចក្រ​។​
 
​បើតាម​អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ បើ​គ្មាន​ការបង្ខំ​ពី​កត្តា​ជីវភាព​រស់​ប្រចាំថ្ងៃ ពិសេស​កត្តា​ជំរុញ​បន្ថែម​ពី​រោងចក្រ​ទេ ក៏​អ្នក​ទាំងនោះ​មិន​ធ្វើ​ការងារ​បែបនេះ​នោះដែរ​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ លោក ឃុន ថា​រ៉ូ បាន​លើកឡើងថា​៖«​រដ្ឋាភិបាល​គួរ​ពង្រីក​គោលនយោបាយ​ក្នុងការ​ឧបត្ថម្ភ​នៅ​កម្រិត​ណាមួយ ដល់​កម្មករ​ដែល​ធ្វើ​ការងារ​រោងចក្រ​ក្រៅ​ក្របខណ្ឌ និង​កម្មករ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​គួរ​សម្រួល​ដល់​ពួកគាត់​ឲ្យ​ទទួលបាន​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ប្រកបដោយ​គុណភាព ព្រោះ​ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩​នេះ កម្មករ​ទាំងអស់​មិន​គួរ​ចំណាយ​លើ​រឿង​ហ្នឹង​ទេ​»​។ 
 
​ជាមួយគ្នានេះ អ្នកគ្រប់គ្រង​កម្មវិធី​សង់​ត្រា​ល់ ស្នើ​ឲ្យ​ក្រសួង​ការងារ ចុះ​ស្រាវជ្រាវ​រក​រោងចក្រ​ណា​ដែល​រំលោភ​លើ​សិទ្ធិ​ការងារ​កម្មករ ជាពិសេស​រោងចក្រ​ដែល​ទទួលយក​កម្មករ​ចល័ត​ដែល​ភាគច្រើន​ជា​ប្រភេទ​រោងចក្រ ឬ​ក្រុមហ៊ុន​ម៉ៅការ​តូចៗ​។​
 
​ដើម្បី​លុបបំបាត់​ការកេងប្រវ័ញ្ច​កម្លាំង​កម្មករ លោក ឃុន ថា​រ៉ូ បានស្នើ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ ត្រួតពិនិត្យ​ជាប្រចាំ និង​បង្កើត​យុទ្ធនា​ការតាមដាន​រាល់​សកម្មភាព​រោងចក្រ​ដែល​មិនមាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​នៅ​ទូទាំងប្រទេស ដើម្បី​រក​ឲ្យ​ឃើញ​នូវ​រោងចក្រ​ម៉ៅការ​ណា​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​កម្មករ​ខុសច្បាប់ ហើយ​ពិន័យ​លើ​រោងចក្រ​ទាំងនោះ​ឲ្យ​ទទួល​កាតព្វកិច្ច​លើក​ម្មករ​តាមផ្លូវ​ច្បាប់​៕

Tag:
 កម្មករ​រោងចក្រ​
  Covid-19
  តាកែវ​
  ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com