លោក ប្រា​យុទ្ធ ប្រាប់​ពលរដ្ឋ​អត់ធ្មត់​បន្តិចទៀត ក្រោយ​ភាពអាសន្ន​ពន្យារពេល​១​ខែ​ទៀត​
COVID-19
អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រាប់​ពលរដ្ឋ​អត់ធ្មត់​បន្តិចទៀត ក្រោយ​ភាពអាសន្ន​ពន្យារពេល​១​ខែ​ទៀត​
29, Apr 2020 , 3:48 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (សារព័ត៌មានថៃ Khaosod ផ្សាយជាភាសាអង់គ្លេស)
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (សារព័ត៌មានថៃ Khaosod ផ្សាយជាភាសាអង់គ្លេស)
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ទទូច​ឲ្យ​ពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មាន​ភាព​អត់ធ្មត់​យូរ​បន្តិចទៀត ។ ការទទូច​សុំ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​ថៃ​រូបនេះ ធ្វើឡើង​ខណៈ​រដ្ឋាភិបាល​បានសម្រេច​ចិត្ត​ពន្យារពេល «​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​» រយៈពេល​១​ខែ​ទៀត​ក្នុង​គោលដៅ​បន្ត​កិច្ចប្រឹងប្រែង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ COVID-19​។​

 
«​ខ្ញុំ​ដឹងថា អ្នក​រាល់គ្នា រួមមាន អ្នករក​ចំណូល​ទាប ប្រជាកសិករ និង​អ្នក​ដែលមាន​អាជីព​ឯករាជ្យ កំពុង​រង​ទុក្ខលំបាក​​»​។ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ចន្ទ​អូ​ចា លើកឡើង​បែបនេះ ក្រោយ​ជំនួប​គណៈរដ្ឋមន្ត្រី ​ដែល​អនុម័ត​ការពន្យារពេល​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន កាលពី​ថ្ងៃទី​២៨ ខែមេសា​។ ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹង​ជួយ​មើលថែ​ពួកគេ ដោយ​ប្រើ​កញ្ចប់​ថវិកា​ដែលមាន និង​ក្រិ​ត្យ​ប្រតិបត្តិ​ ស្តីពី​ការខ្ចី​បុល ដែល​រដ្ឋាភិបាល​នឹង​បញ្ជាក់​លម្អិត​នាពេល​ក្រោយ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ មេដឹកនាំ​ថៃ​វ័យ​៦៦​ឆ្នាំ​រូបនេះ លើកឡើងថា លោក​ស្នើសុំ​ឲ្យ​ម្ចាស់​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ថៃ ​អត់ទ្រាំ​យូរ​បន្តិចទៀត ហើយ​លោក​ក៏​ទទួល​ដឹងឮ​ ពី​ភាពលំបាក​លំបិន​របស់​អ្នក​ទាំងអស់គ្នា​។ ក្នុងនាម​ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ផ្តល់​ការ​ធានាថា រដ្ឋាភិបាល​នឹង​មើលថែ​ឲ្យ​ល្អ​បំផុត​ ចំពោះ​ពលរដ្ឋ​ដែល​រងគ្រោះ ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ដើរ​យឺត​ ដែល​បង្កឡើង​ដោយ COVID-19 ។​
 
​ទាក់ទិន​នឹង​ការពន្យារពេល​ដាក់​រដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន លោក ប្រា​យុទ្ធ អះអាង​ដូច្នេះ​ថា​៖«​នៅពេល​ដល់​វេលា​សមរម្យ​ ក្នុងការ​ដកហូត​ចំណាត់​ការបិទ​ប្រទេស ខ្ញុំ​នឹង​ផ្ដល់ដំណឹង​ជូន​អ្នក​ទាំងអស់គ្នា​។ កុំ​ទាមទារ​ច្រើនពេក​។ យើង​នៅតែ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ សម្រាប់​ការ​ងើបឡើង​ជាថ្មី​នៃ​ការឆ្លង​»​។ 
 
​សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី​២៨ ខែមេសា បានសម្រេច​អនុម័ត​ពន្យារពេល​ ការដាក់​រដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​គ្រប់គ្រង​ស្ថានភាព​ COVID-19 រយៈពេល​មួយខែ​បន្ថែមទៀត ពោលគឺ​រហូតដល់​ថ្ងៃទី ៣១ ខែឧសភា​។ ត្រង់នេះ រដ្ឋាភិបាល​ថៃ រក្សា​បម្រាម​គោចរ និង​ដាក់ចេញ​សេចក្តីណែនាំ ​សម្រាប់​បន្ធូរបន្ថយ​ការបិទ​អាជីវកម្ម​ ក្នុង​គោលដៅ​ជួយ​សម្រួល​សេដ្ឋកិច្ច​ប្រទេស​។ ក្រិ​ត្យ​បម្រាម​គោចរ និង​ការ​រឹតត្បិត​ដទៃទៀត​ ដែល​ដាក់ចេញ​កាលពី​ថ្ងៃទី​២៦ ខែមេសា នឹង​អស់​សុពលភាព​នា​ថ្ងៃ​៣០ ខែមេសា​ខាងមុខ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា ប្រទេស​ថៃ មាន​ករណី​ឆ្លង​សរុប ២,៩៣៨​ករណី ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​មាន​២,៦៥២​នាក់​។ អ្នកស្លាប់​ដោយសារ​ COVID-19 សរុប​មាន​ ៥៤​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន ​៦១​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ​ COVID-19​ នៅ​ទូទាំង​ពិភពលោក​៕ 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ​ចន្ទ​អូ​ចា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com