COVID-19
អន្តរជាតិ
អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន មិន​ពាក់​ម៉ាស់ ពេល​ត្រួតពិនិត្យ​មន្ទីរពេទ្យ​
29, Apr 2020 , 7:29 pm        
រូបភាព
លោកម៉ាយ ផេន អនុប្រធានាធិបតីអាមេរិក នៅមន្ទីរពេទ្យMayo Clinic-AP
លោកម៉ាយ ផេន អនុប្រធានាធិបតីអាមេរិក នៅមន្ទីរពេទ្យMayo Clinic-AP
ដោយ:
​លោក​ម៉ៃ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​២៨ ខែមេសា បានធ្វើ​ទស្សនកិច្ច​នៅ​មន្ទី​ពេទ្យ​មួយកន្លែង​នៅ​អាមេរិក តែ​លោក​បាន​ពាក់​ម៉ាស់​ឡើយ បើទោះបីជា​វិន័យ​របស់​មន្ទីរពេទ្យ ​តម្រូវ​ឲ្យ​អ្នក​មកកាន់​ទីនោះ​ ពាក់​ឧបករណ៍​ការពារ​ខ្លួន​ក៏ដោយ​។​ នេះ​បើតាម​សារ​ព័​ត៌​មាន BBC ។​

 
​លោក​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ដែលជា​អ្នកដឹកនាំ​ក្រុមការងារ​ប្រឆាំង​កូ​រ៉ូ​ណា​វីរុស​របស់​សេត​វិមាន បានធ្វើ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ Mayo Clinic ក្នុង​រដ្ឋ​មី​នី​សូ​តា​។ នៅក្នុង​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​នោះ លោក ផេ​ន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​មិនមាន​ឧបករណ៍​បិទបាំង​មុខ​។​
 
​ក្នុង​សារ​លើ​បណ្ដាញ​សង្គម Twitter របស់​មន្ទីរពេទ្យ​ដែល​បន្ទាប់មក​បាន​លុបចេញ​វិញ លោក​អនុ​ប្រធានាធិបតី ក៏ត្រូវ​បាន​ប្រាប់​ពី​ការណែនាំ​រឿង​ពាក់​ម៉ាស់​ដែរ​។ វិន័យ​របស់​មន្ទីរពេទ្យ Mayo Clinic តម្រូវ​ឲ្យ​អ្នក​អ្នកជំងឺ និង​អ្នក​មកកាន់​មន្ទីរពេទ្យ​ពាក់​ម៉ាស់ ឬ​បាំង​មុខការ​ពារ​។ 
 
​តាមពិតទៅ រដ្ឋាភិបាល​អាមេរិក ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​គួរតែ​ពា​ក់បាំងមុខ នៅតាម​ទីសាធារណៈ បើសិនជា​គម្លាត​សុវត្ថិភាព​មិនអាច​ធ្វើទៅ​កើត​។ លោក ផេ​ន បាន​ការពារ​ការមិន​ពាក់​ម៉ាស់​របស់លោក ដោយ​ថា «​ចាំបាច់​ក្នុងការ​ប្រជុំ​ជាមួយ​បុគ្គលិក និង​អ្នកជំងឺ​»​។ ក្នុង​ទស្សនកិច្ច​ទៅ​មន្ទីរពេទ្យ​នោះ លោក ផេ​ន ត្រូវបាន​អមដំណើរ​ដោយ ស្នងការ​អាជ្ញាធរ​ស្បៀង ​និង​​ឱសថ លោក​វេជ្ជបណ្ឌិត Stephen Hahn ដែល​បាន​ពាក់​ម៉ាស់​ដែរ​។​
 
​នៅពេល​ចោទសួរ​ដោយ​អ្នក​សារ​ព័​ត៌​មានរឿង​ម៉ាស់ លោក ផេ​ន ពន្យល់ថា ហេតុផល​ដែល​លោក​មិន​ពាក់​ម៉ាស​ក៏​ដោយសារតែ​លោក និង​មនុស្ស​ជុំវិញខ្លួន​លោក ត្រូវបាន​ធ្វើតេស្ត​ជា​ញឹកញយ​ថា គ្មាន​ជំងឺ COVID-19 ។​
 
​បើ​យោងតាម វេ​ប​សាយ Axios លោក​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន មិនដែល​ពាក់​ម៉ាស់សូម្បី​តែម្តង​ តាំងតែ​ពី​មាន​ការឆ្លង​ជំងឺ​រាតត្បាត COVID-19 មក។ មិនតែប៉ុណ្ណោះ ​លោក​ថែមទាំង​ធ្វើដំណើរ​ជុំវិញ​ប្រទេស​ទៅទៀត​។ កន្លងទៅ មនុស្ស​ស្និទ្ធ​របស់លោក ផេ​ន ដែល​ធ្វើការ​នៅ​សេត​វិមាន ត្រូវបាន​ធ្វើតេស្ត ហើយ​រកឃើញ COVID-19 មុនគេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com