COVID-19
អន្តរជាតិ
UN៖ ស្ត្រី​៧​លាន​នាក់​អាចមាន​ផ្ទៃពោះ​ដោយ​គ្មាន​គម្រោង ព្រោះ​បម្រាម​ចេញ​ក្រៅ​ផ្ទះ​
29, Apr 2020 , 8:59 pm        
រូបភាព
រូបភាព៖ The Hindu
រូបភាព៖ The Hindu
​ការបិទ​ប្រទេស ឬ​បម្រាម​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) អាច​បណ្តាល​ឲ្យ​ស្ត្រី​ប្រមាណ​ជា ៧​លាន​នាក់​មាន​ផ្ទៃពោះ​។ មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ (UNFPA) បញ្ជាក់​បែបនេះ​ក្នុង​របាយការណ៍​នា​ថ្ងៃទី​២៨ ខែមេសា​។​


 
COVID-19 បាន​អុកឡុក និង​រាតត្បាត​យ៉ាងខ្លាំង នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ បញ្ហា​នេះ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​នីមួយៗ ត្រូវតែ​បិទ​ប្រទេស​មួយផ្នែក ឬ​ទាំងស្រុង ឬ​អំពាវនាវ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19​។​
 
​បើទោះបីជា​វា​ជា​វិធាន​ការល្អ​ក្នុងការ​បង្ការ​កូ​រ៉ូ​ណាវី​រុស​ក៏ដោយ ប៉ុន្តែ​ការបិទ​ប្រទេស​ក៏មាន​បញ្ហា​ប្រឈម​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្ត្រី​ប្រមាណ​ជា ៤៧​លាន​នាក់ មិនមាន​វិធានការ​ការពារ ឬ​បង្ការ​ការ​មាន​ផ្ទៃពោះ​ឲ្យ​បាន​ត្រឹមត្រូវ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន DPA ។​
 
​ការបិទ​ប្រទេស ក៏​នាំ​ឲ្យ​មាន​អំពើហិង្សា​ផងដែរ​។ បើតាម​ការប៉ាន់ប្រមាណ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ ក្នុង​រយៈពេល​បិទ​ប្រទេស ៦​ខែ វា​នឹង​បង្ក​ឲ្យ​មាន​អំពើហិង្សា​ចំនួន ៣១​លាន​ករណី​ក្នុង​គ្រួសារ ជាពិសេស​លើ​ស្ត្រី ដោយសារតែ​អ្នក​ទាំងនោះ​ស្ថិតនៅ​ក្នុងផ្ទះ​យូរពេក​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់​នាយក​ប្រតិបត្តិ​មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ លោកស្រី Natalia Kanem COVID-19 បាន​ជះ​ផល​អាក្រក់​យ៉ាងខ្លាំង​មកលើ​ស្ត្រី និង​ក្មេងស្រីៗ ព្រោះ​វា​បាន​បង្ក​ឲ្យ​មាន​វិសមភាព​ខ្លាំង​នៅ​ក្រុង​គ្រួសារ ស្ត្រី និង​កុមារី​ជាច្រើន នឹង​បាត់បង់​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​គ្រួសារ ជាពិសេស​លើ​ការថែរក្សា​សុខភាព​រាង​កាយ និង​សុខភាព​បន្ត​ពូជ​បានល្អ​ទៀតផង​។ ក្នុងន័យនេះ លោកស្រី Natalia បាន​ទទូចថា សុខភាព​ផ្លូវភេទ​របស់​ស្ត្រី និង​សិទ្ធិ ត្រូវតែមាន​ការការពា​រ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​សូមបញ្ជាក់ថា ក្រៅពី​លើកឡើង​ពី​ផលវិបាក​របស់​ស្ត្រី និង​កុមារ​ក្នុងអំឡុងពេល​កូ​រ៉ូ​ណាវី​រុស ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ ក៏បាន​សហការ​ជាមួយ​រដ្ឋាភិបាល​មួយចំនួន​ផងដែរ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​សេវា​ថែទាំ​សុខភាព​ផ្សេងៗ​សម្រាប់​ស្ត្រី និង​កុមារ​៕ 

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com