COVID-19
អន្តរជាតិ
អនុរដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី ជាប់​ពិន័យ​២២៨​ដុល្លារ​ក្រោយ​ល្មើស​បញ្ជា​បិទ​ប្រទេស​
29, Apr 2020 , 4:41 pm        
រូបភាព
អនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Azmi Ghazali (malay mail)
អនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Azmi Ghazali (malay mail)
ដោយ:
​អនុរដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី លោក Azmi Ghazali និង​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​រដ្ឋ Perak លោក Razman Zakaria នៅ​ថ្ងៃទី​២៨ ខែមេសា ត្រូវបាន​តុលាការ​រកឃើញ​មានទោស​កំហុស ​ល្មើសបទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) របស់​ប្រទេស​។

 
​មន្ត្រីជាន់ខ្ពស់​របស់​ម៉ាឡេស៊ី​ទាំងពីរ​នាក់​នេះ រង​ប្រាក់​ពិន័យ​ចំពោះ​កំហុស​នេះ ​ចំនួន ២២៨​ដុល្លារ​។  នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Bernama​។ ទាំង​លោក Azmi និង​លោក Razman ត្រូវ​សម្រេច​ចោទប្រកាន់​ ពីបទ​ល្មើស​បម្រាម​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​ឆ្នាំ​២០២០ ដែល​អាច​ជាប់គុក​មិន​ឲ្យ​លើសពី​៦​ខែ ឬ​ប្រាក់​ពិន័យ​២២៨​ដុល្លារ ឬ​ទាំងពីរ​។
 
​បើតាម​ប្រភពព័ត៌មាន​ដដែល អ្នក​ទាំងពីរ​នេះ ត្រូវបាន​ថតរូប​រួមគ្នា ដោយ​កំពុង​បរិភោគ​អាហារ ​ជាមួយ​មនុស្ស​មួយក្រុម​នៅ​សាលា​សាសនា​មួយ​ ក្នុង​រដ្ឋ Perak កាលពី​ថ្ងៃទី​១៨ ខែមេសា បន្ទាប់ពី​លោក​អនុរដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី ​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​មួយកន្លែង​នៅ​ទីនោះ​។​
 
​រូបភាព​ទាំងនេះ ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​អនុរដ្ឋមន្ត្រី Azmi ហើយ​ក្រោយមក​ត្រូវបាន​លុបចោល​វិញ​។ ទង្វើ​នេះ គឺ​ល្មើ​សនឹង​បទបញ្ជា​បិទ​ប្រទេស ​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានដាក់​ចេញ រួមមាន បម្រាម​ការប្រមូលផ្ដុំ​សាធារណៈ ក៏ដូចជា​ផ្អាក​ការធ្វើដំណើរ​ ​ទាំង​ក្នុងប្រទេស​និង​អន្តរជាតិ ជាដើម ក្នុង​គោលដៅ​ទប់ស្កាត់ COVID-19 ។ ការអនុវត្ត​ចំណាត់ការ​នេះ បាន​ចូល​ធរមាន​តាំងពី​ថ្ងៃទី​១៨ ខែមីនា និង​បាន​ពន្យារពេល​៣​ដង​ហើយ ពោលគឺ​នឹង​បញ្ចប់​នា​ថ្ងៃទី​១២ ខែឧសភា​ខាងមុខ​។​
 
​ទោះជា​បែបនេះ​ក្តី អនុរដ្ឋមន្ត្រី​សុខាភិបាល លោក Azmi Ghazali នាពេល​ថ្មីៗ​នេះ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ​ចំពោះ​រឿងហេតុ​អកុសល​នេះ​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក បញ្ជាក់ទៀតថា លោក​គោរព​ដឹងគុណ​ ដល់​ការលះបង់​របស់​ក្រុម​ជួរមុខ ដូចជា ប៉ូលិស កងកម្លាំង​យោធា បុ​គ្គលិក​សុខាភិបាល និង​ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ទៀត ដែល​ប្រឹងប្រែង​ក្នុង​បុព្វហេតុ​ប្រឆាំង​COVID-19​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា ប្រទេស​ម៉ាឡេស៊ី មាន​ករណី​ឆ្លង​សរុប ៥,៨៥១​ករណី ក្នុងនោះ​អ្នកជំងឺ​៤,០៣២​នាក់​ជាសះស្បើយ​។ អ្នកស្លាប់​ដោយសារ​ COVID-19​ សរុប​មាន​១០០​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​ ៣៦​ករណី​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន COVID-19 នៅ​ទូទាំង​ពិភពលោក​៕

Tag:
 ម៉ាឡេស៊ី​
  Azmi Ghazali
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com