COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ ពលករ​ខ្មែរ​មកពី​ថៃ កំពុង​ប្រឈម​ការខ្វះខាត​!
29, Apr 2020 , 9:29 pm        
រូបភាព
សកម្មភាពពលរដ្ឋកំពុងធ្វើដំណើរត្រលប់ទៅស្រុកកំណើរ
សកម្មភាពពលរដ្ឋកំពុងធ្វើដំណើរត្រលប់ទៅស្រុកកំណើរ
​ភ្នំពេញ​៖ ពលករ​ខ្មែរ​មកពី​ថៃ​ខ្លះ កំពុង​ប្រឈម​ការខ្វះខាត ខណៈ​គ្មាន​ការងារ​ធ្វើ នៅក្នុង​អំឡុងពេល​ជំងឺ​កូ​វីដ​១៩ រាតត្បាត​។ ពួកគេ​ខ្លះ ចាយវាយ​ប្រចាំថ្ងៃ ទាំង​ក្បិតក្បៀត ឯ​ខ្លះទៀត​កំពុង​ពឹង​អាស្រ័យ​លើ​សាច់ញាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​។​


 
​ជិត​១​ខែ​ហើយ ដែល​លោក ភី សំ​ប៉ាយ និង​ភរិយា បន្ត​ស្នាក់នៅ​ទី​កំណើត​ខ្លួន ក្នុងស្រុក​វ៉ារិន ខេត្តសៀមរាប ក្រោយ​ត្រឡប់​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ។ មិន​ខុសពី​ពលករ​ខ្មែរ​ដទៃទៀត​ទេ លោក សំ​ប៉ាយ និង​ភរិយា សម្រេច​មក​កម្ពុជា​វិញ​នេះ ដោយសារ​ភ័យខ្លាច​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ថៃ ដែល​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​។​
 
​មុន​មកដល់​កម្ពុជា ប្តី​ប្រពន្ធ​មួយគូ​នេះ ទទួលបាន​ប្រាក់ខែ​ចុងក្រោយ នៃ​ការងារ​សំណង់ ជាង​៧០០​ដុល្លារ ប៉ុន្តែ​ពួកគេ បាន​ផ្ញើ​ប្រាក់​មក​អ្នកផ្ទះ​មុន អស់​ជាង​៤០០​ដុល្លារ ដោយ​សល់​៣០០​ដុល្លារ ទុក​សម្រាប់​ថ្លៃ​ធ្វើដំណើរ​មក​ស្រុកកំណើត​។ ធ្វើដំណើរ​ពី​ប្រទេស​ថៃ​មកដល់​ព្រំដែន​កម្ពុជា ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ បាន​ចំណាយ​ជិត​២៥០​ដុល្លារ លើ​ការហូបចុក និង​ថ្លៃ​មធ្យោបាយ​ដឹកជញ្ជូន​ពីមួយ​ទៅមួយ ក្រោយ​ថៃ​រឹតបន្តឹង ការចេញ​-​ចូល​។​
 
«​ប្រាក់​ក៏​អស់ ការងារ​ក៏​គ្មាន​ធ្វើ​»​។ វា​ជា​បញ្ហា​ធំ​មួយទៀត របស់លោក ភី សំ​ប៉ាយ និង​ភរិយា ដែល​កំពុង​អាស្រ័យ​ជីវភាព​លើ​ឪពុកម្ដាយ និង​សាច់ញាតិ ទម្រាំ​មានការ​ងារ​វិញ​។ លោក ភី សំ​ប៉ាយ ដែល​បាន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ហើយ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​រាល់ថ្ងៃនេះ សុំ​លុយ​ម្ដាយក្មេក​ចាយ ហើយ​គាត់​ឱ្យអង្ករ​ហូប​ទៀត។ ខ្ញុំ​កំពុង​ខ្វះខាត ជួនកាល​មានអី​ហូប​ហ្នឹង ជួន​ការ​បេះ​បន្លែ​ជិតៗ​ផ្ទះ ហើយ​ពេល​បាន​លុយ​ពី​ម៉ែ​មក យក​ទិញ​ត្រី​១​គីឡូ​មក ហូប​ព្រឹកល្ងាច បាន​២​ទៅ​៣​ថ្ងៃ​ទៅ​។ ខ្ញុំ​កំពុង​រក​ការងារ​ធ្វើ​ដែរ តែ​មិនទាន់​រកបាន មានតែ​ទ្រាំ​ខ្វះ ទ្រាំ​អត់ តាម​ដំណើរ​សិន មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ​»​។​
 
​បើតាម​ពលករ​សំណង់ ដែល​ទើប​មក​ពីថៃ​រូបនេះ រាល់ថ្ងៃ​ម្ដាយក្មេក ជា​អ្នក​ផ្គត់​ផ្គង និង​ចិញ្ចឹម​មើលថែ​កូនស្រី​របស់លោក ដែល​ទើប​មាន​អាយុ​៦​ឆ្នាំ​។​
 
​មិនមែន​មានតែ​ប្តី​ប្រពន្ធ​លោក ភី សំ​ប៉ោយ ទេ ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​នោះ ។​លោក ប៉ុក សំណាង ដែល​បម្រើ​ការងារ​៨​ឆ្នាំ​នៅ​ថៃ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ ក្រោយ​គ្មាន​ការងារ​ធ្វើ ខណៈដែល​ប្រពន្ធ​ទើប​សម្រាលកូន​បាន​៣​ខែ​ទៀត​។ វា​ជា​អ​ម្រែ​ក​ធ្ងន់​មួយ សម្រាប់លោក ប៉ុក សំណាង​។​
 
​កម្មករ​ផ្នែក​ដំឡើង​ម៉ាស៊ីន​កាត់ដេរ​រោងចក្រ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ក្នុង​គ្រួសារ​ខ្ញុំ កំពុង​ភ័យខ្លាច​អត់​មាន​លុយ ព្រោះ​គ្មាន​ការងារ​។ រាល់ថ្ងៃ​ទិញ​ម្ហូប​មិនឱ្យ​លើសពី​១​ម៉ឺន​រៀល​ឡើយ ព្រោះ​លុយ​ដែល​សល់​មកពី​ថៃជិត​អស់ហើយ​»​។​
 
​បើតាម​លោក សំណាង អ្វីដែល​អាចធ្វើ​បាន​ពេលនេះ គឺ​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ព្រោះ​គ្រួសារ​លោក​កំពុងមាន​កូនតូចៗ​។ « បើសិន​មាន​កន្លែង​ការងារ​ធ្វើការ ខ្ញុំ​នឹង​ចូលធ្វើ​ភ្លាម ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​»​។ នេះ​ជា​ក្តី​រំពឹង​របស់​ពលករ​ខ្មែរ ដែល​ទើប​មក​ថៃ​។​
 
​ដើមខែ​មេសា​នេះ ពលករ​ខ្មែរ​ជាង​៨​ម៉ឺន​នាក់ បាន​សម្រុក​ចូលមក​ក​ម្ពុ​ជា ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ថៃ​។ ពលករ​ទាំងនេះ គ្មាន​អ្នកណាម្នាក់ មាន​ជំងឺ​កូ​វីដ​១៩ ក្រោយ​ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​លើ​សំណាក​ពួកគេ​ជាង​៤០០​នាក់ និង​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​លើ​ពួកគេ​។​
 
​ដ្បិត​គ្មាន​ជំងឺ​មែន ប៉ុន្តែ​បញ្ហា​ក្រពះ គឺជា​រឿង​ធំ​។ សម្ដេច ស ខេង ដែល​បានដឹង​ពី​បញ្ហា​នេះ បាន​សង្កត់ធ្ងន់ថា ពលករ​ជាង​៨​ម៉ឺន​នាក់ ភាគច្រើន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​នេះ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវ​ដាំ​ដុះ​បន្លែ​នៅតាម​ទីលំនៅ​រៀងៗ​ខ្លួន ដើម្បី​រកប្រាក់​ចំណូល​ក្នុង​គ្រួសារ​បន្ថែម ពិសេស​ត្រូវមាន​ការអត់ធ្មត់ ចំពោះ​ដំណាក់​កាលដែល​កម្ពុជា​ជួបប្រទះ​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​
 
​ត្រង់ចំណុច​នេះ លោក មឿ​ន តុលា ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​នៃ​អង្គការ សង់​ត្រា​ល់ បាន​និយាយថា រដ្ឋាភិបាល​គួរ​ពិចារណា​លើក​ត្តា​២ រួមមាន ទី​១ រដ្ឋ​គួរតែ​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ដែល​បម្រុង​ទុក យកមក​ជួយ​ពលរដ្ឋ​ឱ្យ​ប្រាកដថា ពួកគេ​មាន​ស្បៀងអាហារ​ហូប​គ្រប់គ្រាន់ និង​ស្នាក់នៅ​បណ្ដោះអាសន្ន ទម្រាំ​ពួកគេ​អាច​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ និង​ចុងក្រោយ គឺ​ជួយ​ដល់​វិស័យ​ឯកជន ជាពិសេស​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​តែម្ដង​។ បើតាម​លោក មឿ​ន តុលា រដ្ឋាភិបាល​គួរ​ពិចារណា លើ​វិធីសាស្ត្រ​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ ដូចជា​ការបញ្ចុះ​តម្លៃ​ទឹក ភ្លើង​ជាដើម​ផងដែរ​។​
 
​កន្លងមក​រដ្ឋាភិបាល ក៏បាន​ដាក់ចេញ​វិធានការ​កាត់បន្ថយ និង​លើកលែង​ពន្ធ ដល់​សណ្ឋាគារ ផ្ទះសំណាក់ អាជីវកម្ម​ទេសចរណ៍ រួមទាំង​ស្នើឱ្យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជួយ​សម្រាល​ការលំបាក​ពលរដ្ឋ​តាមរយៈ​ការពន្យា​ពេល​សង ឬ​បញ្ចុះ​ថ្លៃ​សង​ជាដើម​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល ក៏បាន​ជួយ​សម្រាល​ទុក្ខលំបាក​ក​ម្មករ ដែល​គ្មាន​ការងារ​ធ្វើ នៅពេល​រោងចក្រ​ព្យួរ តាមរយៈ​ការផ្ដល់​ថវិកា​៧០​ដុល្លារ ដោយ​ក្នុងនោះ​រដ្ឋ​ឧបត្ថម្ភ​៤០​ដុល្លារ ហើយ​ភាគី​រោងចក្រ​ចំណាយ​៣០​ដុល្លារ​លើក​ម្មករ​។​ល​៕

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com