COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ COVID-19 បារាំង បង្ខំចិត្ត​រំសាយ​លី​គ​ចោល​ពាក់​កណ្តាលផ្លូវ
29, Apr 2020 , 9:59 pm        
រូបភាព
​លី​គ​កីឡាបាល់ទាត់​បារាំង Ligue 1 និង Ligue 2 បានសម្រេច​លុបចោល​តែម្តង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe ហាមឃាត់​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ក្នុងប្រទេស​រហូតដល់​ខែកញ្ញា​។ យ៉ាងណា​លី​គ​កំពូល​ទាំងពីរ​របស់​បារាំង​នេះ នៅ​មិនទាន់​សម្រេច​ថា ត្រូវមាន​ក្រុម​ជើង​ឯង ការ​កាត់ចោល​ក្រុម ឬ​មាន​ក្រុម​ឡើងមក ឬក៏​អត់​នៅឡើយ​នោះទេ​។​


 
​លោក Edouard Philippe នាយករដ្ឋមន្ត្រី​បារាំង បាន​និយាយថា​រដូវ​កាល ២០១៩-២០ នៃ​ក្របខណ្ឌ Ligue 1 និង Ligue 2 ត្រូវ​បញ្ចប់ ខណៈដែល​លោក​បានប្រកាស​ពី​ផែនការ​ដើម្បី​ការពារ​ជំងឺឆ្លង COVID-19 ដោយ​បិទ​ប្រទេស​រហូតដល់​ថ្ងៃទី​១១ ខែឧសភា​។​
 
​ដើមឡើយ គណៈ​គ្រប់គ្រង​កីឡាបាល់ទាត់​បារាំង​ធ្លាប់​រំពឹងថា ការប្រកួតប្រជែង​អាច​បន្ត​ឡើងវិញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​បើទោះជា​ត្រូវ​លេង​ដោយ​បិទ​កីឡដ្ឋាន និង​បញ្ចប់​រដូវ​កាល​របស់ខ្លួន​នៅ​ថ្ងៃទី​២៥ ខែកក្កដា​។​
 
​ប៉ុន្តែ​ចាប់តាំងពី​ការផ្អាក​លី​គ​ដោយ​គ្មាន​កំណត់​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃទី​១៣ ខែមីនា​មក ស្ថានភាព​រាតត្បាត COVID-19 ហាក់​នៅ​មិនទាន់​ថមថយ​នោះទេ​ក្នុងប្រទេស​នេះ​។ បារាំង​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​លំដាប់​ទី​៤​លើ​លោក​បន្ទាប់ពី​អាមេរិក អេ​ស្ប៉ា​ញ និង​អ៊ីតាលី បាន​កើន​ចំនួន​អ្នក​ឆ្លង​បន្ថែម​ជាង​២៥០០​នាក់​ទៀត​នៅ​ថ្ងៃទី​២៨ ខែមេសា​។ ការ​កើន​នេះ​ធ្វើ​ឲ្យ​បារាំង​មាន​ករណី​ឆ្លង​សរុប​ជាង​១៦​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​២​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​៤​ម៉ឺន​នាក់​។​
 
​បើទោះជា​មានការ​សម្រេច​រំសាយ​លី​គ​រួចហើយ​ក៏ដោយ ប៉ុន្តែ​លី​គ​កីឡាបាល់ទាត់​អាជីព​បារាំង (LFP) នៅ​មិនទាន់​ជ្រើសរើស​ថា តើ​ត្រូវ​ប្រកាស​ឲ្យ​មាន​ក្រុម​ជើងឯក ក្រុម​ត្រូវ​កាត់ចោល និង​ក្រុម​ត្រូវ​ឡើងមក​លី​គ​កំពូល​វិញ​តាម​ពិន្ទុ​បច្ចុប្បន្ន​នៅ​រដូវ​កាល​ដែលមាន​ទាន់​ចប់​១០០​ភាគរយ​នេះ​នៅឡើយ​នោះទេ​។​
 
​មុន​ការប្រកាស​ផ្អាក​លី​គ កាលពី​ថ្ងៃទី​១៣ ខែមីនា​កន្លងទៅ Paris Saint-Germain ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក​មាន​ពិន្ទុ​នាំមុខគេ​ក្នុង​តារាង Ligue 1 ដោយមាន​៦៨​ពិន្ទុ តាម​ពីក្រោយ​ដោយ Marseille ដែលមាន​៥៦​ពិន្ទុ ខណៈ Rennes ឈរ​លេខ​៣​មាន​៥០​ពិន្ទុ​។ ដោយឡែក​ក្រុម​បាត​តារាង​ចំនួន​៣ មាន Nimes, Amiens និង Toulouse​។​
 
​បន្ទាប់ពី​ការប្រកាស​ឆាចោល​លី​គ​នៅ​បារាំង​រដូវ​កាល​នេះ លោក Nasser Al-Khelaifi ប្រធាន​ក្លិប PSG ក៏បាន​យល់ស្រប និង​គោរព​តាម​ចំណាត់ការ​របស់​រដ្ឋាភិបាល​បារាំង​ដែរ​។  PSG នឹង​ផ្តោត​សំខាន់​ក្នុងការ​ប្រជែង​ពាន UEFA Champions League រដូវ​កាល​នេះ ប្រសិនបើ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) អាច​សម្រួល​ឲ្យ​មានការ​ប្រកួត​ឡើងវិញ​៕
 

Tag:
 COVID-19
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com