COVID-19
ជាតិ
សង្គមជាតិ
សាលាផារ៉ាហ្គនសម្រេចបញ្ចុះតម្លៃសិក្សាតាមអនឡាញ១៥ភាគរយ តាមសំណើក្រសួងអប់រំ សកម្មភាព បណ្តាអាណាព្យាបាលសិស្សបានមកទាមទារឲ្យសាលាផារ៉ាហ្គន បញ្ចុះតម្លៃលើការសិក្សាតាមអនឡាញក្នុងអំឡុងមានវិបត្តិជំងឺកូវីដ-១៩
× ភ្នំពេញ៖ សាលាផារ៉ាហ្គន(Paragon International School)បានសម្រេចបញ្ចុះតម្លៃ១៥ភាគរយ លើការបង់ថ្លៃការសិក្សាតាមអនឡាញ ស្របតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចូលរួមដោះស្រាយបញ្ហារវាងអាណាព្យាបាលសិស្ស និងសាលារៀន។
ក្រោយពីមានការចរចាដល់ចំណុចរួមមួយ សាលាផារ៉ាហ្គនបានសម្រេចថាមិនដំឡើងថ្លៃលើការសិក្សាសម្រាប់ឆ្នាំ២០២០-២០២១ ចំពោះសិស្សគ្រប់កម្រិតឡើយ ។ មិនតែប៉ុណ្ណោះសាលាផារ៉ាហ្គន ក៏សម្រេចបញ្ចុះថ្លៃលើការរៀនតាមអនឡាញចំនួន១៥ភាគរយ សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៩-២០២០ រួមទាំងពន្យារពេលចុះឈ្មោះចូលរៀនឆ្នាំសិក្សា២០២០-២០២១ រហូតដល់មានការប្រកាសឲ្យចូលរៀនវិញ។ បើតាម ផារ៉ហ្គន ការដាក់ចេញវិធានការដំណោះស្រាយនេះ គឺពង្រឹងគុណភាពសិក្សាតាមអនឡាញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី២៩ មេសា។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រសួងអប់រំបានដោះស្រាយបញ្ហារវាងអាណាព្យាបាលសិស្ស និងសាលាផារ៉ាហ្គនរួចហើយ។
ដោយឡែកនៅសាលារៀន CIA FIRST International School ឯណោះវិញ ក៏មានអាណាព្យាបាលសិស្ស ទាមទារឲ្យភាគីសាលាបញ្ចុះតម្លៃ៤៥ភាគរយ លើការបង់ថ្លៃការសិក្សាតាមអនឡាញផងដែរ ។ ទាក់ទងនឹងបញ្ហានេះ លោក ឌី ខាំបូលី បានបញ្ជាក់ថា ក្រសួងកំពុងតែបន្តដោះស្រាយ។ លោក ឌី ខាំបូលី និយាយដូច្នេះថា៖«ចាំមើលលទ្ធផលតទៀត កំពុងតែដំណើរការចរចាជាបន្តទៀត»៕
Tag:
ក្រសួងអប់រំ
សាលាផារ៉ាហ្គន
សិក្សា
អនឡាញ
អាណាព្យាបាលសិស្ស
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com