COVID-19
ជាតិ
រដ្ឋមន្ត្រី​ការងារ ប្រាប់​ឱ្យ​ពលករ ដែលមាន​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន
29, Apr 2020 , 10:29 pm        
រូបភាព
ពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
ពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០។ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
​ភ្នំពេញ​៖ ពលករ​ដែល​វិលត្រឡប់​ពី​ក្រៅប្រទេស ត្រូវ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន បើសិន​មាន​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ នៅ​អំឡុងពេល​រាតត្បាត​ជំងឺ​កូ​វី​-១៩​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ ចុះ​ដោយ​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្ងៃទី​២៩ មេសា ឆ្នាំ​២០២០​។


 
​ក្រសួង​ការងារ បាន​បញ្ជាក់ថា ពលករ​ខ្មែរ ដែល​វិល​ត្រឡប់មក​កម្ពុជា​វិញ ហើយ​មានបំណង​ចង់​ធ្វើ​ការងារ ត្រូវ​ទាក់ទង​ទៅ​មន្ទីរ​ការងារ និង​មជ្ឈមណ្ឌល​ការងារ រាជធានី​-​ខេត្ត ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​ការងារ​។ ជាមួយគ្នា​ដែរ ក្រសួង​បានបញ្ជាក់​ដល់​ពលករ​ថា​៖ «​សូម​ចូលរួម​ជួយ ក្រុមគ្រួសារ​ដើម្បី​ធ្វើស្រែ​ចម្ការ ដាំ​ដុះ និង​របរ​កសិកម្ម​ផ្សេងទៀត ក្នុងអំឡុងពេល​ចាំ​ស្វែងរក​ការងារ​ថ្មី​នៅក្នុង​ស្រុក ឬ​ចង់​វិល​ទៅ​ក្រៅប្រទេស​វិញ​»​។ 
 
​ចំពោះ​ពលករ​ដែល​ត្រឡប់​មកវិញហើយ មាន​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ត្រូវ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទទួលបាន​សេវា​អន្តរាគមន៍​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​ការងារ​។ 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ដើម្បី​លម្អិត​ព័ត៌មាន​នេះ​បានឡើយ ។ 
 
​រីឯ ពលករ​ខ្មែរ ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​បរទេស ក្រសួង​ការងារ​ណែនាំ​ឲ្យ អនុវត្ត​តាមច្បាប់ បទបញ្ជា និង​វិធានការ​សុខភាព​នានា របស់​អាជ្ញាធរ​នៃ​ប្រទេស​ដែល​ពលករ​កំពុងធ្វើកា​រ​។ ទន្ទឹមនឹងនេះ ពលករ​ខ្មែរ​ត្រូវ​អនុវត្តតាម​ការណែនាំ របស់​ស្ថាន​ឯកអគ្គរាជទូត​ឬ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស ដែល​ពលករ​កំពុងធ្វើកា​រ ឬ​ធ្វើការ​ទាក់ទង​ទៅជា​បន្ទាន់​ក្នុងករណី​មាន​បញ្ហា​៕

Tag:
 ពលករ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com