COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​យក្ស​ចិន Guangzhou ខាត​២៧៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ ខណៈ​ផ្តើម​សង់​កីឡដ្ឋាន​ថ្មី​
30, Apr 2020 , 7:59 am        
រូបភាព
Guangzhou Evergrande ក្លិប​កីឡាបាល់ទាត់​នៃ​លី​គ​កំពូល​ចិន (CSL) បានប្រកាស​ពី​ការខាតបង់​ទឹកប្រាក់​ចំនួន ១,៩ ពាន់​លាន​យ័ន (២៧៤ លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន (NEEQ) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៩ ខែមេសា​នេះ​។​


 
​ក្លិប Guangzhou បាន​កត់ត្រា​លើ​ការចំណាយ​ប្រតិបត្តិការ​ចំនួន ២,៤១ ពាន់​លាន​យ័ន (៣៤១ លាន​ដុល្លារ​) និង​ចំណូល​ប្រតិបត្តិការ ៧៨៣ លាន​យ័ន (១១១ លាន​ដុល្លារ​) ក្នុង​ឆ្នាំ ២០១៩​។ បើ​យោងតាម​ច្បាប់​ហិរញ្ញវត្ថុ​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ចិន (CFA) ការចំណាយ​សរុប​ដែល​អនុញ្ញាត​សម្រាប់​ក្លិប​ក្នុង​លី​គ​កំពូល​ចិន មាន​ចំនួន​ប្រហែល ១៧៤ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩​។​
 
Guangzhou Evergrande ជា​ក្រុម​ម្ចាស់​ជើងឯក CSL ឆ្នាំ​ចាស់ ២០១៩​។ ដោយសារ​វិបត្តិ COVID-19 រដូវ​កាល​ថ្មី​ឆ្នាំ ២០២០ លី​គ​ត្រូវបាន​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់​។ ចិន​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​មុនគេ ពោលគឺ​ក្នុង​ក្រុង​វូ​ហាន​តាំងពី​ចុងខែ​ធ្នួ ឆ្នាំ​២០១៩​ម្លេះ​។​
 
​ចាប់តាំងពី​ក្រុមហ៊ុន Evergrande Group ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅ​ប្រទេស​ចិន​ឡើង​កាន់កាប់​ក្លិប​ក្នុង​ឆ្នាំ ២០១០ មក Guangzhou បាន​ប្រមូល​ពានរង្វាន់​ធំៗ ដូចជា​ពាន​លី​គ​កំពូល​ចិន​ចំនួន​៨​សម័យ និង​ពាន​ក្របខណ្ឌ​តំបន់​អាស៊ី (AFC Champions League) ចំនួន​២​។ ក្លិប​នេះ មានការ​វិនិយោគ​សន្ធឹក​សន្ធាប់​លើ​ការទិញចូល​កីឡាករ​ឆ្នើមៗ និង​គ្រូបង្វឹក​ល្បីៗ​លំដាប់​ពិភពលោក​។​
 
​ដោយ​ចាយលុយ​លើ​ការទិញចូល​កីឡាករ​ថ្លៃៗ​នេះហើយ ទើប​ធ្វើ​ឲ្យ Guangzhou Evergrande ខាតបង់​ប្រាក់​ដល់​ទៅជិត​៣០០​លាន​ដុល្លារ បើ​ទោះ​ពួកគេ​ជោគជ័យ​ក្នុង​ការលើក​ពាន​ដ៏​ច្រើន​ក៏ដោយ​។​
 
​ក្រុមហ៊ុន Evergrande Group កាន់កាប់​ភាគហ៊ុន ៥៧ ភាគរយ​នៅក្នុង​ក្លិប​នេះ ហើយ​ក្រុមហ៊ុន​យក្ស Alibaba មាន​ភាគហ៊ុន​៣៨​ភាគរយ​។ ថ្មីៗ​នេះ Guanzhou Evergrande ក៏​ទើបតែ​ចាប់ផ្តើម​ដំណើរការ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ធំជាងគេ​លើ​លោក​ផងដែរ​ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការសាងសង់​កីឡដ្ឋាន​ជាច្រើន​ដោយ​ប្រើ​លុយ​សន្ធឹក​ចំពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ COVID-19 នេះ ក៏​ព្រោះ​ចិន​មានបំណង​ធំ​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ពិភពលោក World Cup ឆ្នាំ​២០៣០៕
 

Tag:
 Guangzhou Evergrande
  NEEQ
  FIFA World Cup
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com