COVID-19
អន្តរជាតិ
ម្ចាស់​ហាង​ម៉ាស្សា​ម្នាក់​នៅ​សិង្ហ​បុរី ប្រ​ឈម​មុខ​ជាប់ពន្ធនាគារ ព្រោះ​បន្ត​រកស៊ី​អំឡុងពេល​រឹតបន្ដឹង​
30, Apr 2020 , 8:39 am        
រូបភាព
ហាងម៉ាស្សារបស់ស្ត្រីសិង្ហបុរី Jin Yin - រូបភាពទូរទស្សន៍សិង្ហបុរី Channel News Asia
ហាងម៉ាស្សារបស់ស្ត្រីសិង្ហបុរី Jin Yin - រូបភាពទូរទស្សន៍សិង្ហបុរី Channel News Asia
ដោយ: ថ្មីៗ
​ខណៈពេលដែល​អាជីវកម្ម​ដែល​ពុំ​ចាំបាច់​ភាគច្រើន ត្រូវបាន​បញ្ជា​ឲ្យ​បិទទ្វារ ស្ត្រី​សិង្ហ​បុរី​ម្នា​ក់បាន​ផ្គើន​បន្ត​បើកទ្វារ​ហាង​ម៉ាស្សា​ខ្លួន ហើយ​ថែមទាំង​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់ ​ចូលទៅ​ម៉ាស្សា​ និង​ទទួល​សេវាកម្ម​សម្រេច​កាម​ទៀតផង​។

 
​ស្ត្រី​ជា​ម្ចាស់​ហាង​ម៉ាស្សា​រូបនេះ ឈ្មោះថា Jin Yin នៅ​ថ្ងៃទី​២៩ ខែមេសា ត្រូវបាន​តុលាការ​សម្រេច​ចោទប្រកាន់ ​ក្រោយ​មិន​ព្រម​បិទទ្វារ​ហាង​ម៉ាស្សា​ខ្លួន កាលពី​ថ្ងៃទី​១០ ខែមេសា ពោលគឺ​៣​ថ្ងៃក្រោយ​បម្រាម​រឹតបន្តឹង​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ទប់ស្កាត់​COVID-19 បាន​ចូល​ជា​ធរមាន​រួច​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ស្ត្រី​អាយុ​៥៥​ឆ្នាំ​រូបនេះ ក៏​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​ការអនុញ្ញាត​ឲ្យ​បុរស​វ័យ​៦៧​ឆ្នាំ ដែលជា​ភ្ញៀវ​ចូល​ទទួល​សេវាកម្ម​ម៉ាស្សា និង​សម្រេច​កាម ក្នុងតម្លៃ​១០៦​ដុល្លារ ចន្លោះ​ពី​ម៉ោង​១​រសៀល​ដល់​២៖៣០​នាទី​រសៀល នៅថ្ងៃនោះ​។ ទន្ទឹមនេះ ស្ត្រី​រូបនេះក៏ត្រូវ​រង​បទចោទប្រកាន់​២​ករណី​ផ្សេងទៀត​ដែរ​ ជុំវិញ​ការបើក​អាជីវកម្ម​ម៉ាស្សា ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​។​
 
​អ្នកស្រី Jin បាន​ប្រាប់​តុលាការ​ទាំង​ទឹកភ្នែក​ថា នាង​ព្រម​ទទួលទោស​កំហុស​នេះ​។ តាម​ទូរទស្សន៍​សិង្ហ​បុរី​ដដែល ស្ត្រី​រូបនេះ អះអាងថា នាង​ត្រូវ​ការប្រាក់​កាក់​បន្ទាន់ ខណៈ​ម្ដាយ​នាង ដែល​ទើបតែ​ស្លាប់​កាលពី​ថ្មីៗ​នេះ ​ដោយសារ​ពី​ជំងឺមហារីក​។ អ្នកស្រី Jin នឹង​វិល​មកកាន់​តុលាការ​ ដើម្បី​ទទួលទោស​កំហុស​នា​ថ្ងៃទី​១៣ ខែឧសភា​ខាងមុខ​។ 
 
​សម្រាប់​ការបន្ត​បើក​ដំណើរការ​អាជីវកម្ម ទោះ​ក្រោម​បម្រាម​រឹតបន្តឹង COVID-19 ស្ត្រី​សិង្ហ​បុរី​រូបនេះ អាច​ជាប់គុក​រហូតដល់​៦​ខែ ឬ​ពិ​និ​យ​ជា​ប្រាក់ ​រហូតដល់​ជាង​៧​ពាន់​ដុល្លារ ឬ​ទាំងពីរ​។ ចំណែក​បទចោទប្រកាន់ ​ពាក់ព័ន្ធ​ការបើក​អាជីវកម្ម​គ្មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​នោះ នាង​អាច​ជាប់គុក​រហូតដល់​២​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង​៧​ពាន់​ដុល្លារ ឬ​ទាំងពីរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា ប្រទេស​សិង្ហ​បុរី មាន​ករណី​ឆ្លង​COVID-19​សរុប ១៥៦៤១​ករណី ក្នុងនោះ​ករណី​រកឃើញ​ថ្មី​៦៩០​នាក់​បន្ថែម​។ អ្នកជា​សះស្បើយ​មាន​១១២៨​នាក់ ខណៈ​អ្នក​ស្លាប់មាន​១៤​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldmeters.info ដែល​តាមដាន​តួលេខ COVID-19 ទូទាំង​ពិភពលោក​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com